Connect with us

ព័ត៌មានជាតិ

សម្តេច យ៉ន សេងយៀត៖ កងទ័ពជាកែវភ្នែក និងជាដួងព្រលឹងជាតិដែលលះបង់ធំធេងការពារទឹកដី

បានផុស

នៅ

សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឃដីកា​​ថា កងទ័ពគឺជាកែវភ្នែក និងជាដួងព្រលឹងរបស់ជាតិកម្ពុជា ព្រោះកងទ័ពបានលះបងធំធេង ក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លាន​ពាន។ ព្រះអង្គមានសង្ឃដីកាបែបនេះ អំឡុងពេលចុះសួរសុខទុក្ខ ចែកជូនស្បៀង និងលើកទឹកចិត្តទាហានជួរមុខគ្រប់រូប ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅគ្រប់សមរភូមិ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងខេត្តឧត្តរ​មានជ័យ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច យ៉ន សេងយៀត មានសង្ឃដីកាថា សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង រួមទាំងព្រះសង្ឃគ្រប់អង្គ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះកងទ័ពខ្មែរជួរមុខជានិច្ច។ ពិសេសជាងនេះ បានគិតគូរឧបត្ថម្ភស្បៀងអាហារយ៉ាងច្រើន និងបានឧបត្ថម្ភសាច់ជ្រូកជាង១ ០០០ គីឡូ ដល់កងទ័ពជួរមុខទិសឧត្តរមានជ័យផងដែរ។ ថវិកាទាំងនោះ គឺបានមកពីសប្បុរសជននានា ដែលមានទឹកចិត្តចូលរួមបរិច្ចាគតាមរយៈមូលនិធិវត្តឧណ្ណាលោម។​

មុនលាគ្នាជាមួយវីរកងទាហាន សម្តេចបានប្រសិទ្ធីពរជ័យ ឱ្យមានសិរីសួស្តីល្អប្រសើរ ដល់កងទ័ពទាំងអស់មាន​សុខភាពល្អ ស្មារតីស្វាហាប់ និងមានបុណ្យបារមីតាមថែរក្សាជានិច្ច។ សម្តេចមានសង្ឃដីកាថា៖« កងទ័ពគឺជាកែវភ្នែកនិងជាដួងព្រលឹងរបស់ជាតិកម្ពុជា»។

គួរជម្រាបថា នៅក្នុងអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ សង្ឃប្រកាស បានអំពាវនាវដល់មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងព្រះសង្ឃទូទាំងប្រទេសគប្បីចែករំលែកលើកិច្ចការមនុស្សធម៌ ក្នុងការចុះសួរ​សុខទុក្ខប្រជាពលរដ្ឋភៀសសឹក វីរកងទ័ព និងវីរនគរបាលជាតិខ្មែរ ដែលមានស្មារតីលះបង់ខ្ពស់ក្នុងការការពារជាតិ ដើម្បីចូលរួមចំណែកក្នុងការសម្រាលទុក្ខលំបាករបស់សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម