Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមអ្នកវិភាគលើកឡើងថា លោកស្រី Rodriguez នឹងនាំមកនូវស្ថេរភាពដល់ វ៉េណេស៊ុយអេឡា

បានផុស

នៅ

ដោយសារតែមានបទពិសោធន៍ជាអ្នកដឹកនាំច្រើនឆ្នាំ លោកស្រី Delcy Rodriguez ត្រូវក្រុមអ្នកវិភាគលើកឡើងថា គាត់ អាចធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា មានស្ថិរភាពក្នុងពេលឆាប់ៗនេះ ព្រមទាំងអាចធ្វើឲ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក កាន់តែប្រសើរឡើងក្នុងនាមជាប្រធានាធិបតីស្ដីទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Caracas (រូបភាព៖ REUTERS)

អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន កាលពីយប់ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៦ និងបានធ្វើជាប្រធានកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីចាប់តាំងពីមេដឹកនាំលោក Nicolas Maduro បានចាប់ខ្លួនដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលវាយឆ្មក់កាលពីមួយថ្ងៃមុន។

ដំបូងឡើយ លោកស្រី Rodriguez មានភាពស្ទាក់ស្ទើរក្នុងការទទួលយកតំណែងនេះ ដោយបដិសេធការអះអាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា គាត់កំពុងសហការជាមួយទីក្រុងវ៉ាស៊ីនតោន ហើយខ្លួនលោកស្រីទៀតសោតនៅតែប្រកាន់ជំហរថា លោក Maduro គឺជាមេដឹកនាំក្នុងប្រទេសម្នាកគត់។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានផ្លាស់ប្តូរគំនិតផ្ទាល់ខ្លួនចោលភ្លាមៗ បន្ទាប់ពីតុលាការកំពូលក្នុងប្រទេសសម្រេចថា អនុប្រធានាធិបតីត្រូវទទួលយក និងអនុវត្តភារកិច្ច ព្រមទាំងអំណាចទាំងអស់ដែលមាននៅក្នុងតួនាទីប្រធានាធិបតី ក្នុងនាមជាមេដឹកនាំបណ្តោះអាសន្ន ដើម្បីធានាបាននូវដំណើរការបន្តរបស់រដ្ឋាភិបាល និងការពារជាតិវ៉េណេស៊ុយអេឡា។

មិនតែប៉ុណ្ណោះ លោក Maduro បានពណ៌នាអំពីលោកស្រី Rodriguez ថាជា «ខ្លា» សម្រាប់ការការពាររដ្ឋាភិបាលជាប់លាប់ និងចាត់តាំងគាត់បម្រើការជារដ្ឋមន្ត្រីប្រេង ដែលជាប្រភពចំណូលដ៏សំខាន់ក្នុងប្រទេស។ ក្រុមអ្នកវិភាគរំពឹងថា ជាមួយនឹងតួនាទីថ្មីរបស់លោកស្រី គាត់ពិតជាអាចធ្វើឲ្យស្ថានការណ៍នៅក្នុងប្រទេសអាមេរិកឡាទីន មានស្ថិរភាពក្នុងពេលឆាប់ៗនេះ។

លោក Jose Manuel Romano មេធាវីរដ្ឋធម្មនុញ្ញ និងជាអ្នកវិភាគនយោបាយ បានប្រាប់ CNN ថា តួនាទីដែលលោកស្រី Rodriguez បានកាន់បង្ហាញថា គាត់មានភាពលេចធ្លោ និងត្រូវបានលោក Maduro ទុកចិត្តបំផុត។ គាត់ផ្តោតសំខាន់លើលទ្ធផល និងមានឥទ្ធិពលយ៉ាងសំខាន់លើឧបករណ៍រដ្ឋាភិបាល រួមទាំងក្រសួងការពារជាតិផងដែរ។ នេះជារឿងសំខាន់ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ន។

ក្រុមអ្នកវិភាគផ្សេងទៀតបានលើកឡើងពីតួនាទីចម្បងមួយ មុនពេលដែលគាត់ឈានជើងប្រឡូកក្នុងឆាកនយោបាយ ពោលគឺលោកស្រីចាប់ផ្តើមក្នុងតួនាទីបច្ចេកទេស និងប្រឹក្សាយោបល់រហូតទទួលបាននូវការទុកចិត្ត ទើបអាចឡើងឋានៈតាមរយៈមុខតំណែងផ្សេងៗ ដូចជាអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប និងជាអ្នកសម្របសម្រួលទូទៅរបស់អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា។

បើតាមសម្ដីរបស់លោក Imdat Oner អ្នកវិភាគនៅវិទ្យាស្ថាន Jack D. Gordon ក៏បានលើកឡើងដែរថា «លោកស្រី Rodriguez គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានអំណាច និងរឹងមាំបំផុតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា»។

លើសពីនេះទៀត Rodriguez គឺជាកូនស្រីរបស់លោក Jorge Antonio Rodriguez ដែលជាស្ថាបនិកនៃគណបក្សសម្ព័ន្ធសង្គមនិយមឆ្វេងនិយមក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយរូបគាត់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យ Central University of Venezuela (UCV) ក្នុងឆ្នាំ ១៩៩៣ ហើយជាអ្នកដឹកនាំនិស្សិតក្នុងអំឡុងពេលដែលលោកស្រីនៅសាលាដ៏មានកិត្យានុភាពបំផុតក្នុងប្រទេស។ បន្ទាប់មក គាត់បានទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីសិក្សាច្បាប់ការងារ ប៉ុន្តែមិនបានបញ្ចប់ការសិក្សាទេ។

ការគ្រប់គ្រងឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡាដ៏ល្អរបស់លោកស្រី Rodriguez ត្រូវបានចាត់ទុកថាជាហេតុផលមួយដែលរដ្ឋបាលលោកត្រាំចាត់ទុកគាត់ជាមនុស្សពេញដោយសមត្ថភាព ដើម្បីដឹកនាំប្រទេសនៅក្នុងដំណាក់កាលដ៏ស្មុគស្មាញមួយនេះ។

យ៉ាងណាមិញ នៅក្នុងសារដំបូង បន្ទាប់ពីចូលកាន់តំណែង ប្រធានាធិបតីស្តីទី Rodriguez បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា «ប្រាថ្នាចង់រស់នៅដោយគ្មានការគំរាមកំហែងពីខាងក្រៅ» ហើយបានបញ្ជាក់ពីសិទ្ធិអធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍក្នុងប្រទេសអាមេរិកខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីក៏បានបង្ហាញពីសម្លេងផ្សះផ្សាជាមួយសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

វ៉េណេស៊ុយអេឡា តែងតាំងប្រធានាធិបតីថ្មី ជំនួសលោក ម៉ាឌូរ៉ូ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម