កីឡា
ក្តីស្រមៃធំបំផុតរបស់ សឿយ វិសាល គឺចង់ឈ្នះពានអន្តរជាតិជាមួយ ក្រុមជម្រើសជាតិកម្ពុជា
ខ្សែការពារសឿយ វិសាល នៅមានក្តីស្រមៃធំមួយទៀតក្នុងនាមជាកីឡាករបាល់ទាត់អាជីពគឺចង់ជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈ្នះពានរង្វាន់អន្តរជាតិហោចណាស់ឲ្យបានម្តង បន្ទាប់ពីរូបគេបានជួយក្រុម ព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់ជាច្រើន។

កីឡាករ សឿយ វិសាល បច្ចុប្បន្នមានវ័យ ៣០ ឆ្នាំហើយ ប៉ុន្តែគាត់នៅតែជាកីឡាករដ៏សំខាន់របស់ក្លិប និងជម្រើសជាតិ។ កីឡាករមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ បានចាប់ផ្តើមអាជីពកីឡាករបាល់ទាត់ដំបូង ដោយកើតចេញពីថ្នាលរបស់ក្លិបព្រះខ័នរាជស្វាយរៀង។

នៅឆ្នាំ ២០១៣ សឿយ វិសាល ត្រូវបានតម្លើងមកកាន់ក្រុមធំជាលើកដំបូង ដោយចូលរួមជាមួយអតីតក្រុម អាស៊ីអឺរ៉ុប មួយរដូវកាល។ លុះចូលឆ្នាំ ២០១៤ កីឡាករបានត្រឡប់មកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង វិញ រហូតមកដល់ពេលបច្ចុប្បន្ន។
បច្ចុប្បន្ន វិសាល កំពុងគ្រង់តំណែងជាប្រធានក្រុម ដោយរួមចំណែកជួយឱ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងឈ្នះពានលីគកំពូលកម្ពុជា (Cambodian Premier League) ៣ លើក នៅឆ្នាំ ២០១៩, ២០២៣-២០២៤ និង ២០២៤-២០២៥។ ចំណែកនៅពានរង្វាន់សម្តេចតេជោ ឈ្នះបាន ៣ លើក នៅឆ្នាំ ២០១៥, ២០១៧ និងរដូវកាល ២០២៣-២០២៤។ រឿងកាន់តែពិសេសមួយទៀត គឺកាលពីរដូវកាលមុន វិសាល បានរួមចំណែកយ៉ាងធំធេង ជួយឱ្យ ព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន AFC Challenge League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។

ដោយឡែកនៅជម្រើសជាតិ កម្ពុជា វិញ ខ្សែការពារសឿយ វិសាល ក៏កំពុងកាន់តំណែងជាប្រធានក្រុមផងដែរ។ នៅក្នុងក្រុមគោព្រៃបច្ចុប្បន្ន មានតែ វិសាល ម្នាក់ប៉ុណ្ណោះ ដែលមានវ័យចំណាស់ជាងគេ និងមានបទពិសោធក្នុងជម្រើសជាតិយូរឆ្នាំជាងគេ។ កីឡាករធ្លាប់ជាប់ជម្រើសជាតិ កម្ពុជា តាំងពីក្រុមយុវជនអាយុក្រោម ២២ ឆ្នាំ និង ២៣ ឆ្នាំ មុនពេលកោះហៅចូលក្រុមធំជាលើកដំបូងនៅឆ្នាំ ២០២៤។ កីឡាករ លេងនៅក្រុមធំសរុបចំនួន ៨២ ប្រកួត និងរកបាន ៥ គ្រាប់ជូនក្រុមផងដែរ។

ធ្លាប់សម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» សឿយ វិសាល បានប្រាប់ថា បំណងប្រាថ្នាធំមួយទៀតដែលរូបគេប្រាថ្នារបស់ដល់បច្ចុប្បន្នគឺចង់ជួយក្រុមជម្រើសជាតិកម្ពុជាឲ្យឈ្នះពានរង្វាន់អន្តរជាតិម្តងទើបរូបគេអស់ចិត្ត។ ចំពោះក្លិបរូបគេបានឈ្នះពានជាច្រើនហើយ នៅឡើយតែជាមួយក្រុមជម្រើសជាតិដែលមិនទាន់សម្រេចបំណងប្រាថ្នា។
សឿយ វិសាល បាននិយាយថា ៖«គោលដៅធំរបស់ខ្ញុំមួយទៀត ខ្ញុំចង់សម្រេចគឺជួយឲ្យក្រុមជម្រើសជាតិមានឱកាសទៅលេងវគ្គផ្តាច់ព្រ័ត្រដើម្បីប្រទេសជាតិយើងម្តង។ មិនថាពានរង្វាន់អ្វី ឲ្យតែពានរង្វាន់អន្តរជាតិ ពីព្រោះខ្ញុំចង់ឃើញក្រុមជម្រើសជាតិយើងមានការប្រកួតប្រជែងជាមួយគេ។ និយាយទៅ ក្តីស្រមៃធំបំផុតគឺចង់លើកពានជាមួយក្រុមជម្រើសជាតិកម្ពុជា»។

ផ្អែកលើកំណត់ត្រាខាងលើ បានធ្វើឱ្យសឿយ វិសាល ត្រូវបានគេចាត់ទុកជាវីរបុរសមួយរូបរបស់ក្រុម ព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិ កម្ពុជា រួចទៅហើយ ទោះគាត់កំពុងនៅជាកីឡាករក៏ដោយ ព្រោះនៅក្នុងបាល់ទាត់ កម្ពុជា បច្ចុប្បន្ន មានតែគាត់ម្នាក់គត់ ដែលជាកីឡាករចាស់វស្សាជាងគេ ហើយមានសមត្ថភាពលេងនៅលើទីលានជាប្រចាំ។ ជាពិសេសនៅក្នុងក្រុមជម្រើសជាតិ គឺគាត់តែងតែមានវត្តមានជានិច្ច មិនថាស្ថិតនៅក្នុងរជ្ជកាលដឹកនាំរបស់គ្រូបង្វឹករូបណានោះទេ៕

អត្ថបទ៖ សេម កុសល
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


