Connect with us

កីឡា

ឡុង​ ពិសិដ្ឋ​ នឹង​ចេញ​ប្រកួត​វិញ​នៅ​ថ្ងៃ​ទី១៧​ ខែ​មករា​ ក្រោយ​បាន​ចូល​ក្លឹប​ និង​សំងំ​ហ្វឹកហាត់​ជា​ច្រើន​សប្ដាហ៍​កន្លង​ទៅ​​

បានផុស

នៅ

ជើង​ខ្លាំង​ទម្ងន់​ស្រាល​ ឡុង​ ពិសិដ្ឋ​ មាន​ឈ្មោះ​ប្រកួត​វិញ​ហើយ​នៅ​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ​បន្ទាប់​ពី​រូប​គេបាន​​វិលត្រឡប់​ចូល​ក្លឹប​ខ្លារខិន​វិញ​ និង​សំងំ​ហ្វឹកហាត់​បាន​ច្រើន​សប្ដាហ៍រួច​មក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឡុង​ ពិសិដ្ឋ និង​លោក​ រិគី

កីឡាករ​ ឡុង​ ពិសិដ្ឋ​ បន្ទាប់​ពី​មាន​ការ​សម្រប់សម្រួល​រហូត​បាន​ចូល​មក​រួមរស់​ក្នុង​ក្លឹប​ខ្លារខិន​វិញ​នោះ​កាល​ពី​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ រហូត​មក​ដល់​ពេល​នេះ​គេឃើញ​បាន​​ហ្វឹកហាត់​ជាប់​លាប់​ជា​ប្រចាំ​ដើម្បី​បង្កើន​សមត្ថភាព​ឲ្យ​ល្អ​ដូច​ពី​មុន​វិញ។​

ការ​បុក​ហ្វឹកហាត់​ និង​ភាព​ប្រឹងប្រែង​របស់​អ្នក​ប្រដាល់​ខាង​លើ​នេះ ​ឥឡូវ​គ្រូ​របស់​ខ្លួន​​ដាក់​ឈ្មោះ​ឲ្យឡើង​ប្រកួត​វិញ​ហើយ​នៅ​សប្ដាហ៍​ក្រោយ​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦​ នេះ​ដោយ​រូប​គេ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​មក​ក្លឹប​ប្រដាល់​ពេជ្រ​សុផាន់​គុនខ្មែរ​គឺ​ ពេជ្រ​ សឹង្ហៈ។​

ឡុង ពិសិដ្ឋ ពេល​វិលត្រឡប់​មក​ក្លឹប​វិញ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឡុង​ ពិសិដ្ឋ​ បាន​ឃ្លាត​ឆ្ងាយ​ពី​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជិត​កន្លះឆ្នាំ​​ទើប​តែ​មាន​ការ​សម្រប់សម្រួល​ពី​លោក​ ហាក់​ សុខហេង​ ដោយ​សុំ​ការ​យោគយល់​​ពី​លោក​ រិគី​​ ដែល​ជា​គ្រូ​បង្វឹក​អនុញ្ញាត​ឲ្យ​ចូល​ក្លឹប​ហ្វឹកហាត់​វិញ​អំឡុង​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥។​ ការ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ចូល​ក្លឹប​វិញ​នេះ​ដែរ​ ឡុង​ ពិសិដ្ឋ​ ត្រូវ​គោរព​តាម​ច្បាប់​ក្លឹប​ឲ្យ​បាន​ត្រឹមត្រូវ​ល្អ​ដែល​លោក​ រិគី​ បាន​ដាក់​មក។​ តាំង​ពី​វិលត្រឡប់​មក​កាន់​ក្លឹប​វិញ​រូប​គេ​នៅ​មិន​ទាន់​បាន​ឡើង​ប្រកួត​វិញ​នៅ​ឡើយ​ទេ​ស្រប​ពេល​សង្គ្រាម​ឈ្លានពាន​របស់​សៀម​ផង​នោះ​ធ្វើ​ឲ្យ​ផ្អាក​​សកម្មភាព​ប្រដាល់​អស់​មួយ​រយៈពេល​ទើប​តែ​បើក​វិញបណ្ដើរៗ​​នៅ​សប្ដាហ៍​មុន​នេះទេ។ ការ​ប៉ះ​គ្នា​រវាង​ ឡុង​ ពិសិដ្ឋ​ និង​ ពេជ្រ​ សឹង្ហៈ​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​សង្វៀន​ CNC៕​ ​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម