ព័ត៌មានជាតិ
ថៃអះអាងជាថ្មីថា ខ្លួននឹងស្នើមកកម្ពុជាប្រជុំ JBC ក្រោយរៀបចំរដ្ឋាភិបាលថ្មី
ក្រសួងការបរទេសថៃ បានអះអាងថា ខ្លួនត្រូវការពេលវេលាដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងជាមុនសិន មុនចាប់ផ្តើមចរចា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលនឹងអនុញ្ញាតឲ្យភាគីទាំងពីរឯកភាពគ្នាឆ្ពោះទៅរកការបោះបង្គោលព្រំដែនគោក ស្របតាមកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរសម្រេចបាន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃនានា មាន Thai Enquirer, Khaosod Enlish ជាដើម នៅរសៀលថ្ងៃទី១២ខែមករា ក្រសួងការបរទេសថៃ បានលើកឡើងថា ៖«ខ្លួនត្រៀមខ្លួនរួចរាល់បន្តកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាចម្រុះ (JBC) ប៉ុន្តែបានកត់សម្គាល់ថា ប្រទេសថៃត្រូវតែបញ្ចប់ជាមុនសិននូវនីតិវិធីផ្ទៃក្នុងពាក់ព័ន្ធការបង្កើតរដ្ឋសភិបាលថ្មីបន្ទាប់ពីការបោះឆ្នោតសកល»។
តាមការចេញផ្សាយនោះ ក្រសួងការបរទេសថៃ បានលើកឡើងថា៖«នៅពេលនោះ ខ្លួននឹងស្នើកាលបរិច្ឆេទនិងរបៀបវារៈប្រជុំផ្លូវការទៅកាន់ភាគីកម្ពុជា»។
ការរៀបចំរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃទំនងត្រូវការពេលច្រើនខែទៀត បន្ទាប់ពីការបោះឆ្នោតសកលនៅថ្ងៃទី៨ខែកុម្ភៈខាងមុខនេះ ហើយបើគ្មានអ្វីប្រែប្រួលទេ រដ្ឋាភិបាលថ្មីអាចនឹងត្រូវបង្កើនឡើងរយៈពេលយ៉ាងយូរ២ខែក្រោយមក។
ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី៣របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះហត្ថលេខាកាលថ្ងៃទី២៧ខែធ្នូ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានផ្ញើកំណត់ទូតទៅកាន់សមភាគីថៃស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់មួយនៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាបដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមារវាងប្រទេសទាំងពីរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៥នោះ រដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថាកិច្ចពិភាក្សានេះនឹងផ្ដោតលើការបន្តចុះអនុវត្តការវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងចន្លោះបង្គោលព្រំដែនលេខ ៤២-៤៧ នៅភូមិជោគជ័យ និងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលលេង ៥២-៥៩ ក្នុងភូមិសាស្ត្រឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
កំណត់ទូតដដែលបានលើកឡើងថា ក្រៅពីនេះក្រុមការងារក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងលើកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៧ (តំបន់បឹងត្រកួន) តំបន់ច្រកទ្វាអន្តរជាតិថ្មដា តំបន់អូរភ្លុកដំរី តំបន់ព្រំដែនច១ និងតំបន់ព្រំដែនផ្សេងទៀត។ ព្រមទាំងបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរប្រើប្រាស់ អនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលប្រទេសទាំងពីរឯកភាពកន្លងមក។
សេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង»។
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


