Connect with us

ព័ត៌មានអន្ដរជាតិ

​សង្គមថៃ​រងភាពបែកបាក់​ ព្រោះតែការផ្សាយ​គ្មានការពិត និងលម្អៀង​តាមនិន្នាការនយោបាយ​

បានផុស

នៅ

​​ក្រោយ​ពី​ការផ្សព្វ​ផ្សាយ​លទ្ធ​ផល​នៃការ​ស្ទង់មតិ​​លើ​ប្រជាប្រិយភាព​​របស់បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប្រទេសថៃ​ដោយ​ប្រភព​ផ្សេង​ៗ​គ្នា ដោយ​​បង្ហា​​​ញ​​ពី​​​​និន្នាការ​​​ផ្សេងៗ​គ្នាតាមបេក្ខជន​​និមួយៗ​នោះ អ្នក​​​​​សារ​ព័ត៌មាន​ជើង​ចាស់​របស់​ប្រទេសថៃ​ មើល​ឃើញ​ថា សង្គម​​ថៃ​​​កាន់តែ​មាន​ការ​បែកបាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​ពី​​ការ​បែក​បាក់​​​​​ចាប់​ពី​​​អ្នក​​នយោបាយ​រហូត​ដល់​​ប្រជាជនថៃ នៅ​​ពេលដែល​​​សារ​ព័ត៌មាន​​នៃ​ប្រទេស​ថៃ​នាពេល​នេះ​បាន​ប្រឹង​ប្រែង​ផ្សព្វ​​ផ្សាយ​នៃ​លទ្ធ​ផល​​ស្ទង់មតិ​​​ដែលបង្ហាញ​ឲ្យ​ឃើញ​​ពី​ប្រជាប្រិយភាព​​​នៃ​បេក្ខជន​នាយករដ្ឋមន្ត្រី នៃ​បក្ស​នយោបាយ​​តំណាង​ឲ្យ​ក្រុម​រៀង​ៗ​ខ្លួន​។​

លោក Pravit Rojanaphruk ​អ្នក​​សារ​ព័ត៌មាន​​ដ៏​មានបទ​ពិសោធ​ន៍​យូរឆ្នាំ បាន​មើល​ឃើញ​ថា សង្គម​ថៃ​កាន់តែ​មានការ​បែងចែក​​ឬ​ថា បែក​បាក់​កាន់តែខ្លាំង​ក្នុង​ពេលនេះ​ ដោយ​គ្មាន​ឃើញ​​ការ​បង្ហាញ​ជាសារ​​អព្យាក្រឹត្យ​​​ដែលគួរ​ជាទីទុកចិត្ត​បាន​ឡើយ។

​លោក Pravit Rojanaphruk បាន​បង្ហោះសារ​​​នៅក្នុងបណ្តាញសង្គម​របស់លោក មានខ្លឹមសារថា នៅក្នុងពិភពនៃការស្ទង់មតិព័ត៌មានសំខាន់ៗរបស់ប្រព័ន្ធផ្សព្វផ្សាយអភិរក្សនិយម លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នាំមុខឆ្ងាយណាស់ ខណៈដែលបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន លោក លោក ណាតថា​ភុង រឿង​បញ្ញាវុត (Natthaphong Ruengpanyawut) នៅពីក្រោយឆ្ងាយណាស់នៅក្នុងចំណាត់ថ្នាក់ទីបួន ដោយចំណាត់ថ្នាក់ប្រជាប្រិយភាពទាបជាងលោក Abhisit Vejjajiva។

​លោក សរសេរថា៖«នេះឆ្លុះបញ្ចាំងពីរបៀបដែលសង្គមថៃបានបែកបាក់គ្នាយ៉ាងច្បាស់»។

ប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេមើលឃើញថាមាន «ពណ៌» នយោបាយ ហើយគណបក្សនយោបាយ ឬអ្នកនយោបាយដែលមានពណ៌ដូចគ្នា មានទំនោរទទួលបានប្រជាប្រិយភាពខ្ពស់ជាង នៅពេលដែលការស្ទង់មតិក្រៅផ្លូវការត្រូវបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។

លទ្ធផល​​នៃការ​ការស្ទង់មតិថ្មី​មួយ​​ទាក់​ទិន​ការ​បោះឆ្នោត​​ក្នុង​ប្រទេស​ថៃ​ ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថានជាតិ​​​រដ្ឋបាល​អភិវឌ្ឍន៍​ជាតិ (National Institute of Development Administration (NIDA)) ដែលផ្សព្វផ្សាយ​កាលថ្ងៃទី១១ខែ​មករា​ដែរនោះ​ បានរក​ឃើញ​ថា​​ ប្រធាន​គណបក្សប្រជាជនថៃ​ និង​ជា​បេក្ខជននាយករដ្ឋមន្ត្រី លោក ណាតថា​ភុង រឿង​បញ្ញាវុត បាននាំមុខគេក្នុងការគាំទ្រពីអ្នកបោះឆ្នោត។

លោក ណាតថា​ភុង រឿង​បញ្ញាវុត (Natthaphong Ruengpanyawut) បាននាំមុខគេក្នុងការគាំទ្រពីអ្នកបោះឆ្នោត។ FB

​ការស្ទង់មតិ ដែលធ្វើឡើងទូទាំងប្រទេសចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែមករា ក្នុងចំណោមអ្នកឆ្លើយតបចំនួន ២៥០០នាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានរកឃើញថា ២៤.៧៦% គាំទ្រលោក ណាតថា​​ភុង ជានាយករដ្ឋមន្ត្រីដែលពួកគេពេញចិត្ត ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងនៅថ្ងៃនេះ។

​លទ្ធផល​នោះ​ក៏បាន​បង្ហាញដែរថា លោក​ អានុទីន ឆានវីរៈគុល (Anutin Charnvirakul) មកពីគណបក្ស Bhumjaithai ​ឈរ​នៅ​លំដាប់​លេខរៀងទី២ ដែល​មាន​​ការ​គាំទ្រ ២០.៨៤% ខណៈដែលតួលេខ​​មិន​ទាន់​មានការ​សម្រេច​ចិត្តស្តិត​នៅលំដាប់លេខរៀងទី​៣ ​គឺ ១៤.១២% ដោយ​​និយាយថា ពួកគេមិនទាន់រកឃើញបេក្ខជនសមរម្យនៅឡើយទេ។

អតីតនាយករដ្ឋមន្ត្រី លោក Abhisit Vejjajiva ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងសំឡេង ១២.១២% បន្ទាប់មកគឺលោក Yodchanan Wongsawat មកពីគណបក្ស Pheu Thai ក្នុងសំឡេង ៩.៦៤%៕​​ យោង​​​ការ​ចេញផ្សាយ​របស់ Thai Enquirer៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម