ព័ត៌មានជាតិ
ទូតកូរ៉េទទួលស្គាល់ការប្ដេជ្ញាបង្ក្រាប SCAM របស់កម្ពុជា និងសន្យាបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់ខ្លួនឱ្យបានយល់ច្បាស់
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាលោក Kim Chang-wook បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាចំពោះការផ្ដល់កិច្ចសហការរវាងអាជ្ញាធរកម្ពុជាជាមួយកូរ៉េក្នុងការបង្ក្រាបការបោកប្រាស់តាមអនឡាញ។ លោកបានបង្ហាញការពេញចិត្តចំពោះយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញ និងសន្យាបញ្ចុះបញ្ចូលទៅរដ្ឋាភិបាល រួមទាំងផ្សព្វផ្សាយរឿងល្អពីកម្ពុជាទៅកាន់ប្រជាជនកូរ៉េផងដែរ។

លើកឡើងក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជានៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញលោក Kim បានលើកឡើងថាកិច្ចសហការល្អរវាងកម្ពុជា និងកូរ៉េក្នុងការបង្ក្រាបការបោកប្រាស់តាមអនឡាញបានសង្គ្រោះមនុស្សរាប់ពាន់នាក់ រួមទាំងការបង្ការកុំឱ្យមានជនរងគ្រោះពីការបោកប្រាស់នៅបន្តទៀតផងដែរ។
លោកបានបញ្ជាក់ថា សាធារណរដ្ឋកូរ៉េត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កម្ពុជាក្នុងការបង្ក្រាបបញ្ហាបោកប្រាស់តាមអនឡាញនេះចេញពីកម្ពុជាផងដែរ។
រំលឹកទៅកាន់ខែតុលា ឆ្នាំ២០២៥ នៅពេលព័ត៌មាននៃការស្លាប់របស់និស្សិតកូរ៉េម្នាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកប្រាស់អនឡាញនៅលើភ្នំបូកគោ ខេត្តកំពត ត្រូវបានផ្សព្វផ្សាយនោះ សាធារណរដ្ឋកូរ៉េបានចាត់វិធានការជាបន្តបន្ទាប់ដោយបានដាក់តំបន់ខ្លះនៅកម្ពុជាជាតំបន់ហាមប្រាមកម្រិតខ្ពស់សម្រាប់ជនជាតិកូរ៉េ ព្រមទាំងបញ្ជូនមន្ត្រីជាបន្តបន្ទាប់មកកម្ពុជាដើម្បីមកពិនិត្យ និងពិភាក្សាជាមួយកម្ពុជាលើបញ្ហានៃការបោកប្រាស់តាមអនឡាញដែលកើតមាននៅកម្ពុជាផងដែរ។
ក្រុមការងាររួមកម្ពុជា-កូរ៉េ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានាពាក់ព័ន្ធពលរដ្ឋកូរ៉េនៅកម្ពុជាត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសបុករបស់សម្ដេចប្រកាសថា «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ»។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ពីការប្ដេជ្ញា និងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ ព្រមទាំងជម្រាបទៅប្រធានសភាកម្ពុជាថាលោកនឹងរាយការណ៍ពីលទ្ធផលល្អដែលកម្ពុជាសម្រេចបានទៅកាន់រដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋរបស់ខ្លួន។
ក្នុងឱកាសនោះសម្ដេចប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ថាការសម្រេចបាននូវលទ្ធផលល្អលើការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជា ក៏ជាលទ្ធផលមួយនៃកិច្ចសហការគ្នាជាមួយកូរ៉េផងដែរ ដោយសម្ដេចសង្ឃឹមថាសាធារណរដ្ឋកូរ៉េនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ថ្នាក់ដឹកនាំ និងប្រជាជនរបស់ខ្លួនដើម្បីជួយស្ដារនូវកិត្តិយសរបស់កម្ពុជាដែលបានខិតខំក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ កសាងនូវទំនុកចិត្តពលរដ្ឋកូរ៉េលើកម្ពុជាឡើងវិញ។
នាយកខុទ្ទកាល័យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានថាតាមរយៈជំនួប និងការទទួលស្គាល់ពីកិច្ចការរបស់កម្ពុជាពេលនេះបានផ្ដល់ក្ដីសង្ឃឹមច្រើនពីការស្ដារទំនុកចិត្ត និងរូបភាពល្អៗពីកម្ពុជាទៅកាន់ប្រជាជនកូរ៉េ។

លោកថា៖ «តាមរយៈព័ត៌មានល្អៗ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ហ្នឹងខ្ញុំជឿជាក់ថាភ្ញៀវកូរ៉េមកទស្សនាមកកម្ពុជាកាន់តែច្រើនដូចមុន។ [..] ឯកឧត្ដមអគ្គរដ្ឋទូតក៏បានបង្ហាញការប្ដេជ្ញាចិត្តខ្លាំងដែរចំពោះការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ទំនាក់ទំនងតាមរយៈទេសចរណ៍ ទំនាក់ទំនងតាមរយៈនិស្សិត តាមរយៈវិនិយោគិននានាផងដែរ។ កូរ៉េក៏បានចូលរួមសកម្មក្នុងការងារសង្គម ការងារសុខាភិបាល ការងារអភិរក្សនានានៅកម្ពុជាសកម្មភាពទាំងអស់ហ្នឹងនឹងត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅកូរ៉េអ៊ីចឹងនៅពេលដែលឃើញចំនុចវិជ្ជមានជាច្រើនហ្នឹងហើយជាការលើកកម្ពស់នូវទំនុកចិត្តជាការទាក់ទាញវិនិយោគិន ភ្ញៀវទេសចរណ៍មកកម្ពុជាវិញផងដែរ»។
នៅដើមឆ្នាំ២០២៦នេះ កម្ពុជាបានបង្កើនយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញកាន់តែខ្លាំងដោយក្នុងនោះបានចាប់បញ្ជូនឧក្រិដ្ឋជន ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀតបញ្ជូនទៅកាន់សាធារណរដ្ឋប្រជាមានិតចិនដើម្បីកាត់ទោស ខណៈក្នុងស្រុកមេខ្លោងដែលធ្លាប់មានងារជាអ្នកឧកញ៉ាម្នាក់ លី គួង ក៏ត្រូវចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររង់ចាំការកាត់ទោសផង ដែរ។ លី គួង ត្រូវបានសមត្ថកិច្ចរកឃើញថាបានធ្វើការសម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារដើម្បីបង្ខាំងមនុស្សឲ្យធ្វើការឆបោកតាមអនឡាញចាប់តាំងពីឆ្នាំ ២០១៩ មក៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


