Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក នឹងជួបខ្យល់ពុលកម្រិតធ្ងន់ នៅដើមខែក្រោយ

បានផុស

នៅ

ស្របពេលប្រទេសថៃកំពុងញាំញីដោយវិបត្តិជាច្រើនស្រាប់ហើយនោះ ពេលនេះខ្យល់ពុលក៏វាយប្រហារផងដែរ ដោយមានការព្រមានថា កំហាប់ភាគល្អិត PM2.5 កម្រិតធ្ងន់ នឹងគ្របដណ្តប់រាជធានីបាងកក នៅដើមខែក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ខ្យល់ពុលនៅបាងកក (រូបថត៖ Pattaya Mail)

កាសែត Bangkok Post បានដកស្រង់សម្តីអភិបាលរាជធានី លោក Chadchart Sittipunt ដែលព្រមានថា ចាប់ពីថ្ងៃទី១ដល់ទី៤ខែកុម្ភៈ ទីក្រុងបាងកក នឹងត្រូវខ្យល់ពុលកម្រិតគ្រោះថ្នាក់ គ្របដណ្តប់។

កាលពីថ្ងៃអាទិត្យទី២៥ខែមករាឆ្នាំ២០២៦ មជ្ឈមណ្ឌលកាត់បន្ថយការបំពុលខ្យល់នៃនាយកដ្ឋានគ្រប់គ្រងការបំពុល បានបង្ហាញទិន្នន័យថា ខេត្តចំនួន១៣ រួមទាំងទីក្រុងបាងកកផងនោះ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតគ្រោះថ្នាក់ ៦២.១មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈកម្រិតសុវត្ថិភាពកំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។ 

ខ្យល់ពុលនៅបាងកក (រូបថត៖ Bangkok Post)

ដោយសារតែមើលឃើញស្ថានការណ៍ប្រហែលមិនថមថយនោះ លោក Chadchart លើកឡើងថា ​បើខ្យល់ពុលអត់ធូរស្រាលទេចាប់ពីថ្ងៃទី៣១ខែមករាដល់ថ្ងៃទី៣ខែកុម្ភ រដ្ឋបាលក្រុងនឹងស្នើក្រុមហ៊ុនទាំ​ងឡាយយោគយល់ ហើយអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះមួយរយៈសិន ដើម្បីកាត់បន្ថយការបំពុល។

ទន្ទឹមនោះ លោកស្រី Monrudee Phoin អនុប្រធានផ្នែកគោលនយោបាយ និងនវានុវត្តន៍នៃក្រុមប្រឹក្សាអ្នកប្រើប្រាស់ថៃ (TCC) និយាយថា បញ្ហា PM2.5 លែងជាបញ្ហាតាមរដូវកាលទៀតហើយ ប៉ុន្តែវាបានក្លាយជាបញ្ហាជាតិដ៏រ៉ាំរ៉ៃមួយ។

លោកស្រីជំរុញឲ្យរដ្ឋាភិបាល ដាក់ចេញនូវវិធានការសកម្ម រួមមានការផ្តល់ឧបករណ៍ការពារដោយឥតគិតថ្លៃសម្រាប់ក្រុមជនងាយរងគ្រោះ ព្រោះថា មនុស្សប្រហែល ១០ លាននាក់ បានស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋក្នុងឆ្នាំ ២០២៥ ដោយសារជំងឺដែលទាក់ទងនឹងខ្យល់ពុល៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម