Connect with us

សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង៖ ២០២៦ នឹងក្លាយជាឆ្នាំជំរុញសន្ទុះសេដ្ឋកិច្ចកាន់តែលឿន

បានផុស

នៅ

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​អះអាង​ថា ឆ្នាំ២០២៦ នឹងក្លាយ​ជា​ឆ្នាំ​នៃ​ការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​ឱ្យកាន់តែលឿន ខណៈ​​កំណើន​សេដ្ឋកិច្ច​ជាតិ​ត្រូវ​បាន​ព្យាករណ៍​ក្នុង​កម្រិត ៥,០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ អ្នក​ឧកញ៉ា គិត ម៉េង បាន​មាន​ប្រសាសន៍​ថា សភា​ពាណិជ្ជកម្ម​កម្ពុជា មិន​ត្រឹម​តែ​ជា​ស្ថាប័នធម្មតា​មួយ​ទេ ប៉ុន្តែ​គឺ​ជា “ដៃគូ” របស់​រាជរដ្ឋាភិបាល។

តាម​ច្បាប់ស្តី​ពី​សភាពាណិជ្ជកម្ម សភាពាណិជ្ជកម្ម​មាន​បេសកកម្ម​ចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និង​ចក្ខុ​វិស័យ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ការរួមចំណែកដ៏សំខាន់បំផុតរបស់សភាពាណិជ្ជកម្មកម្ពុជា ចំពោះវិស័យឯកជនផ្អែកលើមូលដ្ឋានច្បាស់លាស់សភា​ពាណិជ្ជកម្ម​បាន​ដោះស្រាយដោយជោគជ័យនូវបញ្ហាដែលនៅសេសសល់យូរអង្វែងក្នុងវិស័យពន្ធដារ គយ និងភស្តុភារកម្ម។

អ្នក​ឧកញ៉ា បាន​បន្ត​ថា បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជាបានពង្រីកខ្លួនលើសពីព្រំដែនជាតិ ដោយ​មាន​ការិយាល័យតំណាងចំ​នួន ៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់។

ការិយាល័យ​ទាំងអស់ មានបេសកកម្មចម្បង គឺត្រូវដើរ​តួជា​ច្រក​ទ្វារ​យុទ្ធសាស្ត្រ​ក្នុងការធានាថា ម៉ាកសញ្ញា “ផលិតនៅកម្ពុជា” (Made in Cambodia) នឹងក្លាយ​ជា​សញ្ញា​សម្គាល់​នៃ​គុណភាព និង​ភាពជឿជាក់នៅក្នុងទីផ្សារអន្តរជាតិ។

ស្រប​តាម​បរិបទ​នេះ អ្នក​ឧកញ៉ា គិត ម៉េង បាន​គូស​បញ្ជាក់​ថា «ឆ្នាំ២០២៦ នឹងក្លាយ​ជាឆ្នាំ​នៃ​ការ​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​ឱ្យកាន់តែលឿន ខណៈដែលកំណើនសេដ្ឋកិច្ចជាតិត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០% សភា​ពាណិជ្ជកម្ម​កម្ពុជា ត្រូវ​ជំរុញ​វិស័យ​ឯកជន​ឱ្យ​ត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

យោងតាម​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ក្នុង​ឆ្នាំ២០២៦ សេដ្ឋកិច្ច​កម្ពុជាអាចនឹង​សម្រេច​បាន​ក្នុងរង្វង់ ៥% និង​អត្រា​អតិផរណា ២,៣% ទោះបីជាកម្ពុជា និងបណ្តាប្រទេសនានានៅតែបន្តប្រឈមនឹងបញ្ហានៃការអូសបន្លាយពេលនៃកត្តភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចនៅលើពិភពលោកក្តី។

លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទស្សនវិស័យនៅឆ្នាំ២០២៦ កម្ពុជា​នឹងត្រូវ​ខិតខំ​ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗ។

ពហុភាគី​កម្ម​សេដ្ឋកិច្ច ការ​វិនិយោគ​បន្តបន្ទាប់​លើហេដ្ឋាចេនាសម្ព័ន្ធ និងការជ្រៀតចូលកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និង​សេដ្ឋកិច្ច​ពិភព​លោក បាន​ផ្តល់​ជាមូលដ្ឋានរឹងមាំសម្រាប់កំណើនរយៈពេលមធ្យម។

ស្រម​តាម​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព ការ​ពង្រឹង​ធនធាន​មនុស្ស​ ការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម និង​វិនិយោគ និង​ការ​ធ្វើ​ទំនើប​កម្មស្ថាប័ន​សេដ្ឋកិច្ច និង​ជួយ​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ​​បន្ថែម​ និង​កំណើន​ដែល​មាន​ភាព​ធន់​កាន់​តែ​ខ្លាំង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម