Connect with us

សុខភាព

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អំពាវ​នាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ប្រភេទសត្វ​ប្រចៀវ ជ្រឹង និង​ត្រចៀក​កាំ ចៀស​វាង​ការ​ឆ្លង​វីរុស​នីប៉ាហ៍​ជា​យថាហេតុ

បានផុស

នៅ

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ពិសេស​អ្នក​រស់​នៅ​ជិត​តំបន់​សត្វ​ជ្រឹង ប្រចៀវ មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​ទៅ​ជិតដិត និង​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​ទាំង​នោះ ខណៈ​អ្នក​ដែល​យក​ទឹក​មាត់​ត្រចៀក​កាំ​ ក៏​ត្រូវ​ពាក់​ស្រោម​ដៃ ម៉ាស់ និង​អាវ​ការពារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ផង​ដែរ ដើម្បី​ចៀស​វាង​ការ​ឆ្លង​វីរុស​នីប៉ាហ៍​ជា​យថា​ហេតុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​ក្នុង​អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២៦ ​លោក លី សូវ៉ាន់ បាន​លើក​ឡើង​ថា​អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សត្វ​ជ្រឹង​ដែល​មាន​ផ្ទុក​វីរុស​នីប៉ាហ៍​ ដែល​អាច​ចម្លង​ពី​សត្វ​មក​មនុស្ស​បាន​ ហើយ​បើ​​​ទោះ​បី​ជា​កម្ពុជា​មិន​ទាន់​មាន​ករណី​កើត​មាន​វីរុស​នីប៉ាហ៍​ក្ដី តែ​វត្ត​មាន​របស់​សត្វ​ជ្រឹង ប្រចៀវ និង​ត្រចៀកកាំ​នៅ​តាម​តំបន់​ទេសចរណ៍ និង​ទី​ប្រជុំ​ជន​កម្ពុជា​នៅ​តែ​បង្ក​ឱ្យ​​មាន​ការ​បារម្ភ​។

លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វជ្រឹង សត្វប្រចៀវ និង​សត្វត្រចៀកកាំ ជាពិសេស​ពលរដ្ឋ​ប្រកប​មុខ​របរ​យក​ទឹក​មាត់​ត្រចៀកកាំ ក្រោយ​លេច​ចេញ​នូវ​សញ្ញា​ គ្រុន​ក្តៅ ឈឺ​ក្បាល​ខ្លាំង និង​ក្អួត​ចង្អោរ សូម​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មណ្ឌល​សុខភាព​បង្អែក​ជា​បន្ទាន់​ ដើម្បី​ធ្វើ​តេស្ត​ស្វែង​រក​វីរុស និង​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល ជា​ការ​បង្ការ​ការ​ឆ្លង​មេរោគ​តៗ​គ្នា។

​​កន្លង​ទៅ​កម្ពុជា​ក៏​ធ្លាប់​រក​ឃើញ​វីរុស​នីប៉ាហ៍​លើ​សត្វ​ជ្រឹង​ផង​ដែរ​ ដោយ​ការ​ស្រាវ​ជ្រាវ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​តាម​រយៈ​ការ​យក​សំណាក​សត្វ​ជ្រឹង​ប្រមាណ​៤០០០ក្បាល​ក្នុង​ខេត្ត​ចំនួន​២​ធ្វើ​តេស្ត​ឃើញ​មានជ្រឹង​មាន​ផ្ទុក​​វីរុស​នេះ​ចំនួន​៣០​ក្បាល​ ខណៈ​ការ​ស្រាវជ្រាវ​លើ​សំណាក​ពី​មនុស្ស​៤០០០នាក់​ពី​តំបន់​ដែល​មាន​សត្វ​ជ្រឹង​បង្ហាញ​លទ្ធផល​ អវិជ្ជមាន។

ស្ថិត​ក្នុង​ក្រុម​សមាជិក​គ្រួសារ Paramyxoviridae វីរុស​នីប៉ាហ៍ ជា​អំបូរ​មេរោគ zoonotic ជា​មេរោគ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ហើយ​សត្វ​ដែល​មាន​ផ្ទុក​មេរោគ​នេះ​ជា​សត្វជ្រឹង​។​ មេរោគ​នេះ​អាច​ចម្លង​ជំងឺ​ពី​សត្វជ្រឹង សត្វជ្រូកទៅកាន់មនុស្ស និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈ​ការប៉ះពាល់​ដោយ​ផ្ទាល់នឹងទឹកមាត់ ឬទឹកនោមអ្នកដែលមានផ្ទុកមេរោគនេះ។ នេះបើយោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ឆ្នាំ២០២០។

បើ​ឆ្លង​ចូលមនុស្ស​ វីរុសនីប៉ាហ៍នាំឱ្យអ្នកជំងឺមានអាការៈដូចជាគ្រុនផ្តាសាយ មាន​បញ្ហា​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ និងអាចកើតជំងឺរលាកខួរក្បាល។​ អ្នកវិទ្យាសាស្រ្ត​បាន​ព្យាករ​អំពីលទ្ធភាព​នៃជំងឺ​រាតត្បាត​ជាច្រើន ដែល​អាចនឹងកើតមាន ក្រោយសម័យកូវីដ១៩ ក្នុងនោះមានវីរុសនីប៉ាហ៍នេះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម