Connect with us

ព័ត៌មានជាតិ

កត្តា​រាំង​ស្ទះ «ការ​ចុះ​បញ្ជី​គម្រោង​​វិនិយោគ​ក្រោម ៥ លាន​ដុល្លារ​» លើកយកពិភាក្សា​ក្នុង​សន្និបាតប្រចាំឆ្នាំ​របស់​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

«ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគដែល​មាន​ទុន​សមមូល ៥​ លាន​ដុល្លារ​ចុះក្រោម»​ គឺជា​ប្រធាន​បទមួយ​​ត្រូវ​បាន​លើក​យក​ពិភាក្សាក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់រដ្ឋបាល​ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​មានច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងច្បាប់វិនិយោគ និង​ការប្រតិភូកម្ម​សិទ្ធិ​អំណាចមកអនុគណៈកម្មាធិការវិនិយោគខេត្ត ក៏រដ្ឋ​បាលខេត្តនៅតែ​ជួប​បញ្ហាប្រឈម​មួយចំនួន។ នេះបើតាម​លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ដែល​ដឹកនាំ​កិច្ចពិភាក្សាចំពោះមុខប្រធានបទ «ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគដែល​មាន​ទុន​សមមូល ៥​ លាន​ដុល្លារ​ចុះក្រោម» នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៥ និង​លើកទិសដៅការងារបន្តឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ។

បញ្ហា​រាំង​ស្ទះ​មាន​ដូចជា៖

– ធនធានមនុស្ស និង​ជំនាញបច្ចេកទេស៖ មន្ត្រីអនុវត្តមួយ​ចំនួន​នៅ​មិនទាន់​មាន​បទពិសោធន៍ និង​មិន​ទាន់យល់​ដឹង​ស៊ីជម្រៅ​​អំពី​ច្បាប់វិនិយោគថ្មីនៅឡើយ។ មន្ត្រីរបស់មន្ទីរ​អង្គភាពមួយចំនួន​មិន​ទាន់​ទទួល​បាន​ការបណ្តុះបណ្តាល​ពីក្រសួង​សាមី​នៅឡើយ ដែលការណ៍​នេះ​ជារបាំង​បច្ចេកទេស​ក្នុង​ការ​អនុវត្ត។

ឧទាហរណ៍៖ ប្រកាសលេខ ១៨៨ ប្រក.កសក ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ស្តីពីការធ្វើ​ប្រតិភូកម្ម​សិទ្ធអំណាច​ទៅឱ្យមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​រាជធានី​ខេត្ត ក្នុងការ​ពិនិត្យ​ផ្តល់​យោបល់​និង​សម្រេច​លើ​ការចុះ​បញ្ជី​គម្រោង​វិនិយោគ​ដែល​មាន​ទុនវិនិយោគ​សមមូល ៥ (ប្រាំ) លានដុល្លារចុះក្រោម

– កង្វះខាត​ទិន្នន័យ ព័ត៌មាន​លម្អិត​អំពី​តំបន់ និង​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៖ បញ្ហា​ថ្លៃដើម​អគ្គិសនី ទឹក​ស្អាត និង​ប្រព័ន្ធដឹក​ជញ្ជូនក្នុងខេត្តនៅតំបន់ខ្លះ​នៅ​មានកម្រិត ដែលជាឧបសគ្គដល់ការសម្រេចចិត្តរបស់​វិនិយោគិន

– នីតិវិធី​ដាក់ពាក្យ​ស្នើសុំ​គម្រោង QIP នៅ​អនុគណៈកម្មាធិការ​វិនិយោគខេត្តពុំទាន់​អាច​ដំណើរការ Online បាន​នៅ​ឡើយ

– ក្រសួង ស្ថាប័ន​មួយ​ចំនួន​មិនទាន់បាន​ធ្វើប្រតិភូកម្មមុខងារ​មក​ឱ្យមន្ទីរអង្គភាពជំនាញ

– ក្រសួង ស្ថាប័ន​មួយ​ចំនួន​បាន​ប្រតិភូកម្ម​រួចរាល់ ប៉ុន្តែពុំទាន់បានដាក់ចេញនីតិវិធី​ឬសេចក្តី​ណែនាំក្នុង​ការពិនិត្យ ផ្តល់​​យោបល់ និង​ឯកភាព​ផ្នែកបច្ចេកទេស តាម​ជំនាញ​និងផ្តល់​ការ​បណ្តុះ​បណ្តាលដល់​មន្ទីរ​អង្គភាព​របស់ខ្លួន​

នៅក្នុង​សន្និបាត​បាន​លើកឡើង​ថា ដើម្បីឱ្យរដ្ឋបាលខេត្តដើរតួនាទី​ជាអ្នកសម្របសម្រួល​វិនិយោគ​ដ៏​មាន​ប្រសិទ្ធភាព រដ្ឋបាល​​ខេត្ត​ត្រូវ​ការ​គាំទ្រ​ពីរាជរដ្ឋាភិបាល និងក្រសួង​ស្ថាប័នពាក់ព័ន្ធ​ដូចជា៖

– ការបណ្តុះ​បណ្តាល​សមត្ថភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គួរផ្តល់ការបណ្តុះបណ្តាលបន្តបន្ទាប់​ដល់​អនុគណៈ​កម្មាធិការវិនិយោគ​ខេត្ត

-ការ​ប្រតិភូកម្ម និងបណ្តុះបណ្តាល​បច្ចេកទេស​ច្បាស់​លាស់៖ ធានា​ថាការប្រតិភូកម្មមករដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អាច​មានសិទ្ធិ​សម្រេច​លើ​គម្រោង​ក្រោម ៥ លានដុល្លារ និង​មាន​ការបណ្តុះបណ្តាលបច្ចេកទេស ដើម្បីអាច​ឱ្យមន្ត្រី​ទទួល​បន្ទុក​តាមមន្ទីរ អង្គភាព អាច​អនុវត្តបាន​ពេញលេញ

-ការចេញ​លិខិត​បទដ្ឋាន​គតិយុត្ត​ណែនាំជាស្តង់ដារ​អនុវត្តរួម​ទូទាំងប្រទេស

-ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុនិង​បច្ចេកវិទ្យា៖ ស្នើផ្តល់​កញ្ចប់​ថវិកា និង​បច្ចេកវិទ្យា សម្រាប់​គាំទ្រដល់ការអនុវត្ត​លើ​ការចុះបញ្ជី​គម្រោង​វិនិយោគទុនសមមូល ៥ លានដុល្លារចុះក្រោម

– ផ្តល់ការ​លើកទឹកចិត្តណាមួយ​ដល់បុគ្គលិក​ដែលមានទេពកោសល្យ ឬកម្មករដែលមានជំនាញខ្ពស់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ និង​ការអភិវឌ្ឍឧស្សាហកម្មប្រភេទថ្មី

-ការពន្លឿនការចេញប្រកាស​រួមស្តីពីការផ្តល់សេវា​សាធារណៈ​លើ​ការចុះបញ្ជីគម្រោង នៅ​អនុ​គណៈកម្មាធិការ​វិនិយោគ​រាជធានី-ខេត្ត (កន្លងមក​អនុគណៈកម្មាធិការវិនិយោគខេត្តអនុវត្ត​តាម​ប្រកាស លេខ ៩៩១សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការ​ផ្តល់សេវា​សាធារណៈ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។

ចំពោះមុខ ដើម្បី​ជំរុញ​ការ​ចុះបញ្ជី​វិនិយោគ​ដែល​មាន​ទុន​សមមូល ៥ លាន​ដុល្លារ រដ្ឋបាល​ខេត្ត​ដាក់​ចេញវិធានការ​ដូច​ខាងក្រោម៖

-រដ្ឋបាលខេត្តគួរបង្កើតក្រុមការងារចម្រុះ ដែលមានសមាសភាព​ពាក់ព័ន្ធ​រាប់​ចាប់​ពី​មន្ត្រីជំនាញ និង​វិស័យ​ឯកជន (ជើង​សារ​គយ) ដើម្បីផ្តល់ការប្រឹក្សាយោបល់សម្រាប់បម្រើឱ្យការនាំចេញ

-គួរ​បានប្រើប្រាស់លេខាធិការដ្ឋាន​អនុគណៈកម្មាធិការ​វិនិយោគខេត្តជា​មន្ត្រីប្រឹក្សា និងផ្តល់ការ​គាំទ្រ​ដល់អ្នកវិនិយោគ ព្រមទាំងធ្វើការសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បី​ជំរុញ​ការ​អនុវត្តបានដោយរលូនក្នុងករណីមានការរាំងស្ទះ ដោយកត្តាបច្ចេកទេសឬនីតិវិធីនានា

-រៀបចំជាសំណុំបែបបទ និងនីតិវិធីស្តង់ដាសម្រាប់ចុះបញ្ជីវិនិយោគ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ SOP និង Investment Guide Book សម្រាប់អនុវត្តក្នុងខេត្ត

– បន្តពង្រឹងយន្តការច្រកចេញចូលតែមួយដើម្បីធ្វើសាមញ្ញបនីយកម្មនីតិវិធីរដ្ឋបាល និងកាត់បន្ថយរយៈពេល​រង់ចាំក្នុងការចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)

– បន្តជំរុញការធ្វើឌីជីថលូបនីយកម្ម៖ ប្រើប្រាស់ប្រព័ន្ធចុះបញ្ជីតាម​អនឡាញដើម្បីផ្តល់​ភាព​ងាយស្រួល​ដល់វិនិយោគិន ក្នុង​ការ​ដាក់ពាក្យពីចម្ងាយ និងតាមដានវឌ្ឍនភាពសំណើ

-ការផ្តល់​ការ​លើក​ទឹកចិត្ត និងការគាំទ្រ សម្រួលនីតិវិធីផ្សេងៗដល់អ្នកវិនិយោគ

– ការផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគតាមរយៈការរៀបចំកិច្ចប្រជុំ ការធ្វើសិក្ខាសាលា និង Business Roadshow ដោយសហការ​ជាមួយវិស័យ​ឯកជនរួមមាន៖ សភាពាណិជ្ជកម្មខេត្ត សមាគម​សហគ្រិន​វ័យក្មេង និងសមាគមអ្នកវិនិយោគចិន​ជាដើម។

-គួរធ្វើអាទិភាវូបនីយកម្មការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់រួមមាន៖ ផ្លូវ (ប្រព័ន្ធ​ដឹក​ជញ្ជូន) ទឹកស្អាត អគ្គិសនី ប្រព័ន្ធអ៊ីនធើណេត

– បន្តពង្រឹង​ការងារសន្តិសុខ សណ្តាប់ធ្នាប់​ក្នុងខេត្ត​ឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់បរិយាកាស វិនិយោគ​នៅក្នុងខេត្ត និងផ្តល់ទំនុកចិត្តបន្ថែមដល់អ្នកវិនិយោគ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម