Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិកជំរុញ​ឱ្យ​អ៊ុយ​ក្រែន រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​លឿនបំផុត តាម​ដែល​អាច​ធ្វើ​បាន​

បានផុស

នៅ

សហរដ្ឋអាមេរិក​បាន​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​ រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​ឱ្យ​បាន​ឆាប់​តាមដែល​អាចធ្វើទៅបាន។ ជា​ពិសេស រៀប​ចំ​​ការ​ធ្វើ​ប្រជាមតិ ​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដ៏មានសក្តានុពល​ជាមួយរុស្ស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ និង​ លោក​ Zelensky ។ Reuters

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ បាន​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត ចំពោះ​មេដឹក​នាំ​អ៊ុយក្រែន ឱ្យ​លោក វ្លូឡូឌីមៀរ ហ្សេលេនស្គី (Vladimir Zelensky) រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ ចាប់​តាំង​ពី​អាណត្តិ​ប្រធានាធិបតី​រយៈពេល ៥ ​ឆ្នាំ ​របស់ខ្លួន​ បាន​ផុតកំណត់​នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំ ២០២៤ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​រ៉យទ័រ នៅ​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ។

យ៉ាងណាលោក ហ្សេលេនស្គី បាន​ប្រកែក​ថា ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោតគឺ​មិនអាចធ្វើ​ទៅ​បាន​​​​ក្រោម​ច្បាប់អាជ្ញាសឹកទេ។

ចំណែក​កាល​ពីខែ​ឆ្នូ ​ឆ្នាំ​ ២០២៥ លោក​ក៏​​បាន​លើក​ឡើង​ថា​ច្បាប់​ជាតិ​អាច​ត្រូវ​តែ​ធ្វើ​វិ​សោធន​កម្ម​ ដើម្បីអនុញ្ញាតក្នុង​ការ​​បោះ​ឆ្នោះ​បាន​។

សហរដ្ឋ​អាមេរិក​ដែល​ដឹក​នាំ​ដោយ​បេសកជន​ពិសេស​ លោក​ Steve Witkoff និង លោក Jared Kushner បាន​ជំរុញ​ឱ្យ​មន្ត្រី​អ៊ុយ​ក្រែន​រៀប​ចំការ​បោះ​ឆ្នោត​ ក្នុង​ពេល​ឆាប់ៗ​នេះ។

លើស​ពី​នេះ ទីភ្នាក់​ងារ​សារព័ត៌​មាន​ចំនួន​ពីរ​បាន​រាយការណ៍ថា មន្ត្រី​សហ​រដ្ឋ​អាមេរិក និង​អ៊ុយក្រែន​ក៏​បាន​ពិភាក្សា​គ្នា​ពី​លទ្ធភាព​ នៃ​ការ​រៀប​ចំការ​បោះឆ្នោត រួមទាំង​ការ​ធ្វើ​ប្រជាមតិ​លើ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដ៏មានសក្តានុពល​ជាមួយរុស្ស៊ី​នៅក្នុងខែឧសភា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​ជា​ច្រើន​បាន​ច្រាន​ចោល​នូវ​ការ​កំណត់​​​​​​​​ពេល​វេលា​ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋអាមេរិក​ថា «គួរឱ្យ​អស់​សំណើច»។

រីឯប្រភព​​មួយ​ផ្សេង​ទៀត​បាន​​លើក​ឡើង​​ថា៖ « ​​គ្មាន​ដំណើរ​ការអី​ទេ ​លើ​បញ្ហា​ដែនដី ​​ជម្លោះ​​រវាង​​ក្រុង​ម៉ូស្គូ និង​ក្រុង​​គៀវ»។​

គួរ​ឱ្យ​ដឹង​ថា រុស្ស៊ី​បាន​ឆ្លើយ​តប​ទៅ​អ៊ុយ​ក្រែន​​ថា​ ខ្លួនលែង​ចាត់​ទុក​លោក ហ្សេលេនស្គី ជា​មេដឹកនាំ​ស្របច្បាប់របស់អ៊ុយក្រែន​ហើយ​។ ចំពោះ​​ ឋានៈ​របស់​លោក​វិញ អាច​ជា​រឿង​ដ៏​​ស្មុគ​ស្មាញ​ដល់​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀងសន្តិភាព។

ចំណែក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីខែធ្នូថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុង​ការ​ពិចារណា​ថានឹង​​មិន​​វាយ​​ប្រហារ​ខ្លាំង​ លើ​​អ៊ុយក្រែន​នៅ​ថ្ងៃ​បោះ​ឆ្នោតនោះ​​ទេ​។

មេដឹក​នាំ​អ៊ុយ​ក្រែន​រូបនេះ​ បាននិយាយនៅ​ខែដដែលថា ប្រទេស​អ៊ុយ​ក្រែន​​ត្រូវការរយៈពេលបីខែ ដើម្បីរៀបចំការបោះឆ្នោត ពិសេស​ត្រូវ​ការ​ការ​ធា​នា​ផ្នែក​សន្តិសុខពី​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម