Connect with us

សេដ្ឋកិច្ច

​កម្ពុជា-វៀតណាម​ ប្ដេជ្ញា​ខិតខំ​បង្កើន​ទំហំពាណិជ្ជកម្មទ្វេភាគី​ដល់ ​២០ ​ពាន់លានដុល្លារ​

បានផុស

នៅ

ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-វៀតណាម​បានប្ដេជ្ញា​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់​ ២០ ពាន់​លាន​ដុល្លារ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្ដេជ្ញាបែបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជា​ជន​កម្ពុជា និងជាប្រធានព្រឹទ្ធសភា ជាមួយលោក តួ ឡឹម អគ្គលេខាធិការបក្សកុម្មនីស្តវៀតណាម កាលពីថ្ងៃសុក្រ ទី ០៦ ខែ កុម្ភៈ​ ឆ្នាំ ២០២៦។​

​សេចក្ដីប្រកាសព័ត៌មាន​របស់គណបក្សប្រជាជន ​ស្ដីពីលទ្ធផលនៃកិច្ច​ប្រជុំលើក​បញ្ជាក់ថា​ ​ភាគី​ទាំង​ពីរ​ប្ដេជ្ញាបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នបក្ស សភា ក្រសួង ស្ថាប័ន​របស់រដ្ឋា​ភិ​បាល ​និងអាជ្ញាធរមូលដ្ឋាន។

​ភាគីទាំងពីរក៏នឹងបន្តបង្កើន​ការ​ផ្សារ​ភ្ជាប់​ខឿន​សេដ្ឋកិច្ច​ នៃប្រទេសទាំងពីរ​ជាពិសេសការ​តភ្ជាប់​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទូរ​គមនា​គមន៍ ​ថាមពលអគ្គិសនី ​បរិវត្តកម្មឌីជីថល ​និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ឧស្សាហកម្មកែច្នៃ និង​កសិកម្ម ដើម្បី​ទាញយកប្រៀបខ្លាំង ​និងបំពេញឱ្យគ្នាទៅវិញទៅមក។​

​សេចក្ដីប្រកាសព័ត៌មាន ​លើកឡើងថា ​ភាគីទាំងពីរ​ក៏នឹង​បង្កើនសកម្មភាពជំរុញការវិនិយោគ ​ពាណិជ្ជកម្ម ​និងទេសចរណ៍ ​ដោយខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្ម​ទ្វេភាគីដល់ ២០ ពាន់​លាន​ដុល្លារ នៅពេលឆាប់ៗ ​ព្រមទាំងបន្តជំរុញនូវការផ្សារភ្ជាប់ការអប់រំ​ និងការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ដើម្បីជាស្ពានតភ្ជាប់រវាងយុវជននៃប្រទេសទាំងពីរ ​តាមទស្សនវិស័យយូរអង្វែង។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ​សម្រេច​បាន​ទឹក​ប្រាក់ ​៧,៧ ​ពាន់លានដុល្លារ ធ្លាក់ចុះជិត ១% ​ធៀបនឹងឆ្នាំ ២០២៤ ​ដែល​មាន​ទំហំ​ ៧,៨។ ​

កម្ពុជា​នាំចេញ​ទៅ​វៀត​ណាម​មាន​ទំហំទឹក​ប្រាក់​ប្រមាណ ​៣,៧២ ​ពាន់លានដុល្លារ កើនឡើង ០,៨២% ចំណែក​ឯវៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម