Connect with us

ព័ត៌មានអន្ដរជាតិ

BYD ប្ដឹងរដ្ឋាភិបាលអាមេរិក​ ជុំវិញគោលនយោបាយ​ពន្ធគយ

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD ដែលជាក្រុមហ៊ុនលក់ EV ដាច់បំផុតជាងគេ​លើពិភព​លោក បាន​ប្ដឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹង​នឹង​គោលនយោបាយរបាំងពាណិជ្ជកម្ម​ពន្ធគយ ដែលធ្វើឱ្យក្រុមហ៊ុនចិន​ រួមទាំង BYD ពិបាកនាំចូលទៅអាមេរិក​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Car News China កាលពីចុងសប្ដាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២៦ ខែមករា ​ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៤ ​របស់ BYD ដែលមានមូលដ្ឋាននៅ​អាមេរិក បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធ​ ទៅ​តុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (CIT) ដោយជំទាស់នឹងអធិបញ្ជាពន្ធគយជាបន្តបន្ទាប់ ដែលអនុវត្តក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA)។ CIT បានបង្ហាញព័ត៌មានអំពីបណ្តឹងនេះនៅថ្ងៃទី ២ ខែកុម្ភៈ។

យោងតាមឯកសារតុលាការដែលទទួលបានដោយទស្សនាវដ្តីចិន Caijing ​ដើមបណ្ដឹង គឺជាអង្គភាពប្រតិបត្តិការស្នូលចំនួន ៤ របស់ BYD ​ប្រចាំអាមេរិកខាងជើង ដូចជា​ BYD America LLC (ទទួលខុសត្រូវចំពោះការចែកចាយ និងសេវាកម្មនៅអាមេរិកខាងជើង) BYD Coach & Bus LLC (ផលិតរថយន្តអគ្គិសនីពាណិជ្ជកម្ម) BYD Energy LLC (ប្រតិបត្តិការអាគុយ) និង BYD Motors LLC (នាំចូល និងលក់)។

ចុងចោទរួមមានរដ្ឋាភិបាលសហព័ន្ធអាមេរិក និងមន្ត្រីសំខាន់ៗមកពីក្រសួងសន្តិសុខមាតុភូមិ គយ និងការពារព្រំដែន ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងក្រសួងរតនាគារ។

ក្រុមហ៊ុន BYD ស្នើសុំឱ្យតុលាការសម្រេចថា ចុងចោទខ្វះសិទ្ធិអំណាចតាមច្បាប់ក្នុងការកំណត់ពន្ធក្រោមក្របខ័ណ្ឌ IEEPA និងប្រកាសថា បទបញ្ជាពន្ធទាំងអស់ដែលត្រូវបានជំទាស់ គ្មាន​សុពលភាព និង​ជាសកម្មភាពហួសហេតុ។ ក្រុមហ៊ុនស្វែងរកដីកាបង្គាប់ជាអចិន្ត្រៃយ៍ប្រឆាំងនឹងការអនុវត្តវិធានការទាំងនេះ និងការសង្គ្រោះសេដ្ឋកិច្ច រួមទាំងការ​ផ្ដល់សំណងទៅ​ដើមបណ្ដឹងវិញ ដែល​បូករួមទាំងការប្រាក់ ដែលប្រមូលបាន​ពី​ IEEPA។ ​

គេមើលឃើញថា ការតវ៉ាផ្នែកច្បាប់ BYD ​គឺជាផ្នែកមួយនៃរលកវិវាទ​ផ្នែក​ច្បាប់ដ៏ធំ​ប្រឆាំងនឹង​ពន្ធរបស់លោក ត្រាំ។ ក្រុមហ៊ុន​អ្នកនាំចូលរាប់ពាន់​ បានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះចាប់តាំងពីឆ្នាំ ២០២៥​ ដើម្បីជំទាស់នឹងសិទ្ធិអំណាចផ្នែកច្បាប់របស់រដ្ឋបាល ត្រាំ ​ដែលប្រើប្រាស់ IEEPA ដើម្បីដាក់ពន្ធ។

​ការដាក់ពាក្យបណ្ដឹងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD ក៏ធ្វើឡើងផងដែរ ​ក្រោយ​តុលាការផ្សេងៗ​របស់អាមេរិក ​ចោទជាសំណួរលើការ​ប្រើប្រាស់ IEEPA ដើម្បីដាក់ពន្ធ។ ក្នុងខែឧសភា ឆ្នាំ ២០២៥ CIT បានសម្រេចថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​រំលោភអំណាចរបស់ខ្លួន ដោយខុសច្បាប់ IEEPA ដែល​មិនអនុញ្ញាតឱ្យមានការដាក់​ពន្ធទូលំទូលាយនោះទេ។​ ក្នុងខែសីហា ឆ្នាំ ២០២៥ តុលាការសហព័ន្ធអាមេរិកឯណោះវិញ បានយល់ស្របនឹង​ការសម្រេចរបស់ CIT ប៉ុន្តែបានអនុញ្ញាតឱ្យរដ្ឋាភិបាលអាមេរិក​បន្តអនុវត្តពន្ធ​ជាបណ្តោះអាសន្ន។ កន្លងមក​ រដ្ឋាភិបាលអាមេរិក​បាន​ប្ដឹង​ឧទ្ធរណ៍​ ហើយ​បញ្ហានេះ​កំពុងស្ថិតនៅ​ក្រោមការពិនិត្យរបស់តុលាការកំពូល ប៉ុន្តែមិនទាន់សម្រេចនៅឡើយ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម