ព័ត៌មានជាតិ
ពាក់កណ្ដាលខែកុម្ភៈនេះ រដ្ឋនឹងដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍ជួយស្ដារជីវភាព និងជួសជុលផ្ទះពលរដ្ឋរងគ្រោះព្រោះថៃឈ្លានពាន
ចាប់ពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យអនុវត្តន៍កម្មវិធីអន្តរាគមន៍ជួយស្ដារជីវភាព និងការជួសជុលផ្ទះសម្បែងពលរដ្ឋដែលរងគ្រោះព្រោះសង្គ្រាមថៃឈ្លានពានលើកម្ពុជា ដើម្បីឱ្យពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ អាចប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ ព្រមទាំងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរងការខូចខាតក្នុងមូលដ្ឋាននីមួយៗ។ នេះបើតាមការផ្សព្វផ្សាយរបស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ នេះ។

ការសម្រេចនេះ កើតឡើង បន្ទាប់ពីកាលពីថ្ងៃទី៩ និងទី១០ ខែកុម្ភៈ លោក ចន ណារិទ្ធ ប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បានជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះវិហារ និងឧត្តរមានជ័យ តំណាងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,មូលនិធិជាតិជំនួយសង្គម, ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយ សំដៅត្រៀមដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល សម្រាប់គ្រួសារភៀសសឹកដែលបានវិលត្រលប់ទៅលំនៅឋានវិញ នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ថៃនាពេលកន្លងមក ឱ្យបានទាន់ពេលស្របតាមការសម្រេចរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងពេលកិច្ចប្រជុំនេះ ក៏បានពិភាក្សាពាក់ព័ន្ធនឹងការគិតគូរអំពីអន្តរាគមន៍ចាំបាច់មួយចំនួនសម្រាប់ក្រុមគ្រួសារពលរដ្ឋ ដែលមិនទាន់អាចត្រលប់ទៅលំនៅឋានវិញផងដែរ។
ស្របពេលជាមួយគ្នានេះ, ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលក្រុង-ស្រុក នៅតាមបណ្ដាខេត្តផ្សេងទៀតដែលរងផលប៉ះពាល់ ដើម្បីជំរុញការផ្ទៀងផ្ទាត់ទិន្នន័យសម្រាប់ជាមូលដ្ឋានរឹងមាំ ក្នុងការអនុវត្តកម្មវិធីអន្តរាគមន៍នេះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមដដែល។

តាមការកត់ត្រារបស់ក្រសួងមហាផ្ទៃកម្ពុជា ត្រឹមថ្ងៃទី១០ ខែកុម្ភៈ មានផ្ទះសម្បែងជិត១ពាន់ខ្នងរបស់ពលរដ្ឋខ្មែរស្លូតត្រង់ សាលារៀនចំនួន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៤២ វត្តអារាម១៩ សាលាឆទាន១ រូបសំណាក២ រថយន្ត១ គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរងការខូចខាតយ៉ាងដំណំចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ព្រោះទង្វើវាយប្រហារដោយប្រើសព្វាវុធធុនធ្ងន់ និងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង ពីសំណាក់កងទ័ពថៃឈ្លាន៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


