Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះសង្ឃខ្មែរ​ចូលរួមធម្មយាត្រា «ដើរដើម្បីសន្តិភាព» ចម្ងាយ២៣០០ម៉ាយ នៅវ៉ាស៊ីនតោន

បានផុស

នៅ

បន្ទាប់ពីបានធ្វើដំណើរយ៉ាងស្វិតស្វាញចម្ងាយ​២៣០០​ម៉ាយឆ្លង​កាត់កាត់រដ្ឋចំនួន៩ ព្រះសង្ឃពុទ្ធសាសនា​២៤អង្គ រួម​មានទាំងព្រះសង្ឃខ្មែរផងនោះ បាននិមន្តដល់រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ​ទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ ដែលជាការជិតបញ្ចប់ធម្មយាត្រាផ្លូវធម៌ ដែល​ចាប់ផ្តើមចេញពីរដ្ឋតិចសាស់ កាលពីជាង៣ខែមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

តាម​ការ​ផ្សាយ​របស់​រ៉យទ័រ ទោះបីជាត្រូវប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំង និងព្យុះព្រិល ហើយជួនកាលត្រូវនិមន្តដោយបាតជើងទទេក៏ដោយ ក៏ព្រះសង្ឃគ្រប់អង្គនៅតែបន្តដំណើរដើម្បីលើកកម្ពស់សេចក្តីមេត្តាករុណា។ ក្នុងដំណើរ​នេះ ក៏មានអមដំណើរដោយសត្វសុនខមួយ​ក្បាល​ឈ្មោះ «Aloka» ឬហៅ​ថា «សុនខសន្តិភាព» និងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី​ក្រុម​មនុស្សដែលបានយកផ្កា និងផ្លែឈើមកប្រគេន។

ធម្មយាត្រានេះក៏មានការជួបប្រទះនូវរឿងសោកនាដកម្មផងដែរ ដោយនៅក្នុងរដ្ឋតិចសាស់ រថយន្តដឹកទំនិញមួយគ្រឿងបានបុកឡានអមដំណើរ បណ្តាល​​ឲ្យ​ព្រះសង្ឃអង្គខ្លះរងរបួសធ្ងន់ និង​មួយ​អង្គ​ត្រូវកាត់ជើង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមធម្មយាត្រានៅតែបន្តដំណើរដើម្បីគោរពដល់សារព្រះធម៌ និងព្រះសង្ឃដែលរងគ្រោះ។ អ្នកគាំទ្រនៅវ៉ាស៊ីនតោនបានលើកឡើងថា វត្តមានរបស់ព្រះសង្ឃគឺជា «ការបន្ធូរអារម្មណ៍ដ៏ស្រស់បំព្រង» ពីភាពវឹកវរនៃនយោបាយ និងភាពតានតឹងផ្នែកអន្តោប្រវេសន៍ ដោយផ្តល់នូវពេលសម្រាក និងសាមគ្គីភាពសម្រាប់ប្រទេសដែលកំពុងមានការបែកបាក់។

ក្នុងអំឡុងពេល​គង់​នៅវ៉ាស៊ីនតោន ព្រះសង្ឃបានប្រារព្ធពិធីសាសនារួមគ្នានៅក្នុង​ព្រះ​វិហារជាតិ (National Cathedral) និងបានទទួលសេចក្តីប្រកាសកិត្តិយសពីការិយាល័យអភិបាលក្រុង Muriel Bowser ផងដែរ។ បន្ទាប់ពីបាននិមន្តកាត់រដ្ឋជាច្រើនដូចជា Louisiana, Georgia និងរដ្ឋ Carolinas កម្មវិធី «ដើរដើម្បីសន្តិភាព» នេះ នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍​នេះ ក្នុងទីក្រុង Annapolis រដ្ឋ Maryland។ ថ្នាក់ដឹកនាំស្មារតី ភិក្ខុ Pannakara បានសង្កត់ធ្ងន់ថា ធម្មយាត្រានេះមិនមែនជាការតវ៉ានោះទេ ប៉ុន្តែគឺជាការរំលឹកថា សន្តិភាព និងសេចក្តីសប្បុរសត្រូវតែចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗ៕

(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម