Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចិន និងអ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នានៅច្រកសមុទ្រ Hormuz

បានផុស

នៅ

សម្ព័ន្ធមិត្ត៣ប្រទេសគឺរុស្ស៊ី ចិន អ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធជើងទឹករួមគ្នា ស្របពេលស្ថានការណ៍ក្នុងតំបន់ កំពុងក្តៅខ្លាំង។

(រូប៖ Anadolu)

តាមការផ្សាយរបស់ RT កាលពីថ្ងៃពុធទី១៨ខែកុម្ភៈ, សមយុទ្ធ «ខ្សែក្រវាត់សន្តិសុខដែនសមុទ្រឆ្នាំ២០២៦» បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ក្នុងច្រកសមុទ្រ Hormuz។

លោក Nikolay Patrushev ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី បានប្រាប់អ្នកកាសែតថា នាវាចម្បាំងមកពីប្រទេសទាំងបី ត្រូវបានបញ្ជូនទៅធ្វើសមយុទ្ធនៅក្នុងលំហសមុទ្រក្បែរប្រទេសអ៊ីរ៉ង់។ សមយុទ្ធនេះគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលនៅលើមហាសមុទ្រ ឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាអនុត្តរភាពរបស់បក្សសម្ព័ន្ធខាងលិចដែលមានជាយូរមកហើយ។

សមយុទ្ធនេះកើតឡើង បន្ទាប់ពីកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំដាច់ដោយឡែកមួយទៀតឈ្មោះ «ការគ្រប់គ្រងឆ្លាតវៃនៃច្រកសមុទ្រ Hormuz» កាលពីដើមសប្តាហ៍។

(រូប៖ VCG)

ដ្បិតសមយុទ្ធទាំងនេះផ្ដោតលើសុវត្ថិភាពផ្លូវទឹកក៏ដោយ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាជាសញ្ញាភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លាមួយនៃសម្ព័ន្ធភាពត្រីភាគី ដើម្បីប្រឆាំងសម្ពាធនិងវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ជាពិសេសក្នុងគ្រាដែលនាវាផ្ទុកយន្តហោះ USS Abraham Lincoln កំពុងធ្វើប្រតិបត្តិការនៅក្បែរនោះដែរ។

កាលពីថ្ងៃចន្ទ មានការទម្លាយរូបភាពផ្កាយរណបជាលើកដំបូង បង្ហាញឲ្យឃើញនូវនាវានិងយន្តហោះចម្បាំងអាមេរិក ដែលដាក់ពង្រាយជិតប្រទេសអ៊ីរ៉ង់ ក្នុងអ្វីត្រូវគេមើលឃើញថា ជាការបង្ហាញសាច់ដុំយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងឈូងសមុទ្រពែក្ស។

ជារូបភាពដែលគេមិនធ្លាប់ឃើញចាប់តាំងពីការដាក់ពង្រាយក្នុងខែមករាមក ឥឡូវ BBC បានបង្ហាញឲ្យឃើញច្បាស់ៗអំពីកងនាវា Abraham Lincoln ដឹកនាំក្រុមប្រយុទ្ធជាមួយនាវានាំផ្លូវមីស៊ីលចំនួន៣គ្រឿង ផ្ទុកយន្តហោះចម្បាំង៩០គ្រឿងក្នុងនោះមានទាំង F35 ផងដែរ និងយោធា ៥ ៦៨០នាក់។

ក្នុងរូបភាពនោះទៀតសោតបានបង្ហាញថា កងនាវាទាំងនេះ គឺមានទីតាំងនៅក្បែរឆ្នេរសមុទ្រអូម៉ង់ ស្ថិតនៅចម្ងាយប្រហែល៧០០គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់។

ការចល័តកម្លាំងនេះកើតឡើងចំពេលស្ថានភាពរវាងទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង ជាពិសេសពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរ និងការព្រមានពីការវាយប្រហារសងសឹកផ្សេងៗ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម