សេដ្ឋកិច្ច
ទីផ្សារដំឡូងមីកម្ពុជាស្ទុះឡើងវិញ ដោយសារតម្រូវការសកល
តម្លៃទីផ្សារដំឡូងមីស្រស់របស់កម្ពុជា បានស្ទុះងើបឡើងវិញដល់ជាង ៣០០ រៀល ក្នុងមួយគីឡូក្រាម ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពីបានធ្លាក់ចុះជាង ១០០ រៀល ក្នុងមួយគីឡូក្រាម ក្នុងរយៈពេល ២ ឆ្នាំ ជាប់ៗគ្នា។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ ប្រាប់កម្ពុជាថ្មីថា តម្លៃដំឡូងមីស្រស់បានកើនឡើងវិញដល់ជាង ៣០០ រៀល ក្នុងមួយគីឡូក្រាម ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ ២០២៦ ដោយសារការកើនឡើងនៃតម្រូវការសកល។
លោក អិល ឈិញ បញ្ជាក់ថា៖ «តម្លៃដំឡូងមីស្រស់នៅភាគខាងជើង ២៩០ រៀល ក្នុងមួយគីឡូ នៅភូមិភាគកណ្ដាល មានខេត្តកំពង់ធំ ខេត្តកំពង់ចាម ឡើងដល់ ៤០០ រៀល ក្នុងមួយគីឡូ និងភាគខាងលិចមានខេត្តបាត់ដំបង ខេត្តប៉ៃលិន ឡើងដល់ជាង ៣០០ រៀល ក្នុងមួយគីឡូក្រាម»។

បើតាមប្រធានសមាគមដំឡូងមី នៅក្នុងឆ្នាំ ២០២៦ កសិករភាគច្រើនធ្វើដំឡូងមីស្ងួត ដែលទទួលបានតម្លៃខ្ពស់ រហូតដល់ជាង ៦០០ រៀល ក្នុងមួយគីឡូក្រាម។ ទីផ្សារដំឡូងមីកម្ពុជា មានប្រទេសវៀតណាម ចិន និងការប្រើប្រាស់ក្នុងស្រុក។
អ្នកស្រី សុខ ឃឿន កសិករដាំដុះដំឡូងមីនៅស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ផលដំឡូងមីឆ្នាំនេះលូតលាស់ល្អ និងប្រមូលផលបានច្រើនជាងឆ្នាំមុនស្របពេលទីផ្សារក៏ល្អផងដែរ។
កសិកររូបនេះ អះអាងថា ដំឡូងមីស្រស់ឆ្នាំនេះលក់បានតម្លៃ ២៣០ រៀលក្នុង ១ គីឡូក្រាម ខណៈឆ្នាំមុនលក់បាន ១៥០ រៀល ក្នុងមួយគីឡូក្រាម។

រាជរដ្ឋាភិបាលបានខិតខំជំរុញ និងពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ ១០ លានតោន ទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងឆ្នាំ ២០២៥។
នៅក្នុងខែមករា ឆ្នាំ ២០២៦ កម្ពុជានាំចេញដំឡូងមីសម្រេចបាន ១៦១ លានដុល្លារ កើនឡើង ៩២,២៩% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៦៤៦ លានដុល្លារ ពីការនាំចេញដំឡូងមី ធ្លាក់ចុះ ១៤,៤៨% ប្រៀបធៀបនឹងឆ្នាំ ២០២៤។
បរិមាណនាំចេញដំឡូងមីស្រស់មានចំនួន ៣ ១០៥ ៥០០ តោន ធ្លាក់ចុះ ៩,៨២% នៅក្នុងឆ្នាំ ២០២៥ រីឯចំណិតដំឡូងមីក្រៀមបានកើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន ប្រៀបធៀបឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


