សេដ្ឋកិច្ច
រដ្ឋមន្ត្រីឧស្សាហកម្ម៖ ពិភពលោកកាន់តែមិនប្រាកដប្រជា យើងត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងបន្តកសាងស្ថាប័នរឹងមាំ
ថ្លែងក្នុងពិធីបិទសន្និបាត នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ពិភពលោកកាន់តែពោរពេញដោយភាពមិនប្រាកដប្រជា។ យើងត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងបន្តកសាងស្ថាប័នរឹងមាំដែលអាចផ្តល់លទ្ធផលជាក់ស្តែងជូនជាតិ និងប្រជាជន។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ក្រសួងសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពជាច្រើន។មូលដ្ឋានឧស្សាហកម្មកម្ពុជាបន្តរីកចម្រើន ដោយមានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ផ្តល់ការងារជាង ១,២៦ លានកន្លែង ក្នុងនោះស្ត្រីជាង ៧១ ភាគរយ។ ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានកំណើនដល់ ១.៥៧១.៩៧៦ តំណ (កើនជាង ១៣១.០០០ តំណ ធៀបនឹងឆ្នាំ២០២៤) ជាមួយបណ្តាញចែកចាយសរុប ៤០.៥៦៥ គីឡូម៉ែត្រ និងបរិមាណផលិតនិងចែកចាយទឹកស្អាតសរុប ៥៥៦ លានម៉ែត្រគូប។
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានវឌ្ឍនភាពជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២៧ម៉ឺន នាក់ បានចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ហើយអត្ថប្រយោជន៍ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីកសាងសេដ្ឋកិច្ចមួយដោយមិនទុកនរណាម្នាក់ចោល។

លោក ហែម វណ្ណឌី ក៏បានរំលេចអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដោយ ក្នុងឆ្នាំ២០២៥ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ ISO បន្ទាប់ពីរយៈពេល ៣៥ឆ្នាំ, ក្លាយជាសមាជិកសហការ (Associate Member) នៃគណៈកម្មការអេឡិចត្រូតិចនិកអន្តរជាតិ (IEC), និងជាស្ថាប័នបង្គោលរបស់កម្ពុជាសម្រាប់អង្គការស្តង់ដារអាហារ (Codex Alimentarius)។ ក្នុងឆ្នាំ២០២៥ កម្ពុជាក៏បានអនុម័តស្តង់ដាសុខុដុមនីយកម្មអាស៊ានចំនួន ១២៩ និងស្តង់ដាកម្ពុជាចំនួន ៨១ ដើម្បីលើកកម្ពស់ការត្រៀមលក្ខណៈសម្រាប់នាំចេញ និងអនុលោមតាមលក្ខខណ្ឌតម្រូវអន្តរជាតិ។
បន្ថែមជាមួយគ្នានេះលោក រដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដោយលើកឡើងថា៖ “ប្រទេសដែលមិនផលិត មិនអាចការពារភាពធន់របស់ខ្លួនបានទាំងស្រុងទេ។ ចលនាជាតិគាំទ្រផលិតផលខ្មែរជាកាលានុវត្តភាពយុទ្ធសាស្ត្រ សម្រាប់ពន្លឿនសមត្ថភាពផលិតក្នុងស្រុក ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាឱ្យបានថាម្ចាស់អាជីវកម្មកម្ពុជា អាចឈរជើងប្រកួតប្រជែងបាន និងមានលទ្ធភាពពង្រីកខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។”

សម្រាប់ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ទិសដៅអាទិភាពលើការត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនឹងថមថយ អនុលោមភាពនឹងកាន់តែតឹងរឹង លក្ខខណ្ឌតម្រូវឱ្យប្រើវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការផលិតនឹងកាន់តែខ្ពស់ ហើយការអនុវត្តគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) នឹងក្លាយជាការរំពឹងទុករបស់ទីផ្សារ។
អាទិភាពរបស់ក្រសួងរួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ពន្លឿនការចាប់យកឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម ពង្រីកការផ្គត់ផ្គង់ទឹកស្អាត ពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទំនើបកម្មប្រព័ន្ធផ្តល់សេវាសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពស្ថាប័ន៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


