Connect with us

ព័ត៌មានជាតិ

កម្មវិធីផ្ដល់អាហារតាមសាលារៀន៖ ស្ត្រីទី១ លើកទឹកចិត្តឱ្យប្រើផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន

បានផុស

នៅ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  លើកទឹកចិត្តឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែ ជុំវិញសាលារៀន យកមកចម្អិនអាហារ សម្រាប់សិស្សានុសិស្សបរិភោគតាមសាលារៀនគោលដៅ ក្នុងកម្មវិធីផ្ដល់អាហារតាមសាលារៀន ដើម្បីគាំទ្រជីវភាពកសិករ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ ឱ្យពឹងផ្អែកលើខ្លួនឯងបានប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ ក្នុងពេលដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទស្សនកិច្ចអំពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីក្រសួងអប់រំ សហការជាមួយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ឆ្នាំង និងកម្មវិធីស្បៀងអាហារ ពិភពលោក (WFP)

បើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងអប់រំ និងក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា កម្មវិធីផ្តល់អាហារតាម សាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីជាតិជំនួយសង្គមដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងលើកកម្ពស់សេដ្ឋកិច្ចនិងសមធម៌នៅក្នុងសហគមន៍ផងដែរ។ កម្មវិធីនេះ ក៏បានជំរុញឱ្យមានការដាំបន្លែក្នុងសាលារៀន និងការផលិតអាហារដោយខ្លួនឯង ដែលចូលរួមបង្កើន បំណិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើនសុវត្ថិភាពស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍។ បន្ថែមលើនេះ, លោកជំទាវបណ្ឌិត បានលើកទឹកចិត្តឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែ ជុំវិញសាលារៀន ដើម្បីគាំទ្រជីវភាពកសិករ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ ឱ្យពឹងផ្អែកលើខ្លួនឯងបានប្រសើរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ានែត ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួន មិនមែនសម្រាប់តែអនាគតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតមូលដ្ឋានមួយសម្រាប់អភិវឌ្ឍគ្រួសារ និងសង្គមជាតិទាំងមូល ដើម្បីក្លាយជាកម្លាំងរឹងមាំ ឈានទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពស់ទស្សនា ការរៀបចំ ចម្អិន និងការហូបអាហាររបស់សិស្សានុសិស្ស, ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាលា លោកគ្រូ អ្នកគ្រូ សហគមន៍ ចុងភៅ អ្នកផ្គត់ផ្គង់ស្បៀង អាណាព្យាបាលសិស្ស និង សិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ។

សេចក្ដីប្រកាសព័ត៌មានរួមឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលា រៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមិទ្ធផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្តកម្មវិធីនេះដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើសុខភាព និងអាហារូបត្ថម្ភដល់កុមារនៅតាម សាលាបឋមសិក្សា។

កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៩មក ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក(WFP) ក្នុងគោលបំណងលើកកម្ពស់ អាហារូបត្ថម្ភកុមារ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនការចូលរៀននៅតំបន់ជនបទ តំបន់ មានអត្រាភាពក្រីក្រខ្ពស់ និងងាយរងគ្រោះខ្លាំង។

​បើតាមសេចក្ដីប្រកាសព័ត៌មានរួម គិតត្រឹម ឆ្នាំ២០២៥ កម្មវិធីផ្ដល់អាហារតាមសាលារៀន បានគ្របដណ្តប់សាលាបឋមសិក្សាគោលដៅសរុប ១ ១១៤ សាលា ក្នុងខេត្តចំនួន ១០ ដែលមានសិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់ ដែលក្នុងនោះសាលាចំនួន ៨១៦ និងសិស្សទទួលផលចំនួន ២៣២ ០០០នាក់ បាននិងកំពុងអនុវត្តដោយប្រើប្រាស់ថវិកាជាតិ ខណៈសាលាចំនួន ២៩៨ បាននិងកំពុងអនុវត្តក្រោមការគ្រប់គ្រងដោយកម្មវិធី ស្បៀងអាហារពិភពលោក។

រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្តយុទ្ធសាស្ត្ររួមនៃការផ្ទេរ-ទទួល ឆ្ពោះទៅកាន់កម្មវិធី ជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយគ្រោងនឹងទទួលយក សាលាគោលដៅពីកម្មវិធីស្បៀងអាហារពិភពលោកមកដាក់ជាកម្មវិធីជាតិត្រឹមឆ្នាំ២០២៨។ ការផ្ទេរការអនុវត្តមកជាកម្មវិធីជាតិនេះ បានបង្ហាញពីការកើនឡើងនៃសមត្ថភាពជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានិរន្តរភាពរបស់កម្មវិធីក្នុងរយៈពេលវែង។ ក្នុងគោលដៅបន្តចូលរួមចំណែកជំរុញការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឱ្យកាន់តែ ទូលំទូលាយនៅកម្ពុជា នាឱកាសនេះដែរ លោកជំទាវបណ្ឌិត បានយល់ព្រមធ្វើជាប្រធានកិត្តិយសកម្មវិធីផ្តល់អាហារតាមសាលារៀនចាប់ពីថ្ងៃនេះតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម