ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញចូលរួមថែរក្សាអភិរក្សរុក្ខជាតិឱសថ ដើម្បីជាប្រយោជន៍សម្រាប់ព្យាបាលជំងឺ ក៏ដូចជាសង្គមជាតិ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យចូលរួមថែរក្សា និងអភិរក្សរុក្ខជាតិឱសថឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់ប្រើប្រាស់ជាឱសថក្នុងការថែទាំ និងព្យាបាលជំងឺ ក៏ដូចជាសង្គមជាតិទាំងមូលស្របទៅតាមតម្រូវការនាពេលបច្ចុប្បន្ន និងទៅអនាគត។

នៅក្នុងឱកាសដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យសួនរុក្ខជាតិឱសថ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ (គីរីរម្យ) របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ នៃក្រសួងសុខាភិបាល លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការជំរុញនេះដោយសារតែវេជ្ជសាស្ត្របូរាណ ឬឱសថ ឬថ្នាំបូរាណគឺជាកេរដំណែលរបស់ជាតិ ហើយជាមរតកដែលមានតម្លៃជាប្រវត្តិសាស្ត្រ តម្លៃប្រពៃណី ដែលយើងទាំងអស់គ្នាត្រូវខិតខំថែរក្សា និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវខិតខំបន្តស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី លើកទឹកចិត្តដល់អ្នកមានជំនាញ និងលោកគ្រូអ្នកគ្រូដែលមានជំនាញផ្នែករុក្ខជាតិឱសថនេះ ដោយត្រូវចូលរួមជួយគាំទ្រ អភិរក្ស និងថែរក្សារុក្ខជាតិឱសថ ដោយត្រូវរៀបចំចក្ខុវិស័យ ផែនការយុទ្ធសាស្ត្រ និងការដឹកនាំដែលនាំឱ្យកាន់តែមានការរីកចម្រើន ដែលអាចឈានទៅការផលិតជាឱសថ និងផលិតជាគ្រឿងសម្អាងនានា ដើម្បីជាអត្ថប្រយោជន៍ដល់សង្គមជាតិស្របតាមតម្រូវការបច្ចុប្បន្ន។

លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ត្រូវខិតខំថែរក្សា និងអភិវឌ្ឍន៍សួនរុក្ខជាតិនេះឱ្យក្លាយជាសួនពណ៌បៃតង ចម្រុះពណ៌ ដែលមានរុក្ខជាតិឱសថជាច្រើនប្រភេទ ដែលប្រមូលពីគ្រប់ទីកន្លែង ដើម្បីរក្សានូវតម្លៃផ្នែករុក្ខជាតិឱសថបូរាណខ្មែរ ដែលមានដើមកំណើតពីដូនតាជំនាន់មុន ដែលមានប្រាសាទនាគព័ន្ធ តំណាងឱ្យវិស័យសុខាភិបាលខ្មែរនាជំនាន់នោះ។

លើសពីនេះទៀតថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ បានប្តេជ្ញាចិត្តរួមគ្នា សហការគ្នា សាមគ្គីគ្នា ដើម្បីប្រែក្លាយសួនរុក្ខជាតិឱសថនេះ ឱ្យក្លាយជាសួនចម្រុះពណ៌ ក្នុងការបម្រើជាអត្ថប្រយោជន៍ដល់ និស្សិត អ្នកស្រាវជ្រាវ បម្រើក្នុងផ្នែកវេជ្ជសាស្ត្រ និងជាពិសេសសង្គមជាតិ។

គួរបញ្ជាក់ថា សួនរុក្ខជាតិឱសថ(គីរីរម្យ) មានផ្ទៃដីទំហំ ៥ ហិតា ស្ថិតនៅឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គីរីរម្យ ភូមិចាន់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សួនរុក្ខជាតិនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សរុក្ខជាតិ ដែលបានកំពុងប្រើប្រាស់ជាឱសថ ក្នុងការថែទាំ និងព្យាបាលជំងឺ ជាពិសេសរុក្ខជាតិឱសថដែលកម្រកំពុងរងការគំរាមកំហែង និងជិតផុតពូជ និងជាសួនរុក្ខជាតិឱសថគំរូថ្នាក់ជាតិ និងប្រើប្រាស់ជាថ្នាលសម្រាប់ការស្រាវជ្រាវទស្សនកិច្ចសិក្សារបស់និស្សិត គ្រូបូរាណ និងក្រុមអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


