Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្មអវកាស និងបន្ទះឈីបអាមេរិក ប្រឈមកង្វះរ៉ែកម្រកាន់តែខ្លាំង ក្រោយចិនរឹតបន្តឹងការនាំចេញ

បានផុស

នៅ

ក្រុមហ៊ុនផ្គត់ផ្គង់រ៉ែកម្រសម្រាប់ផលិតកម្ម​អវកាស និងបន្ទះឈីបរបស់សហរដ្ឋអាមេរិក​ កំពុងប្រឈមមុខនឹង​កង្វះខាតរ៉ែកម្រ​កាន់តែខ្លាំង ដោយសារតែការរឹតបន្តឹងការនាំចេញរបស់ចិន ដែលជា «មហាអំណាចរ៉ែកម្រ» ទោះបីជាមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​អាមេរិក​លើបញ្ហានេះក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​នៅថ្ងៃព្រហស្បតិ៍​ (២៦ កុម្ភៈ) ដោយស្រង់សម្ដីប្រភព​ក្នុងវិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីរាយការណ៍របស់រ៉យទ័រ​ធ្វើឡើងត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើដំណើរទស្សនកិច្ចទៅចិនដើម្បីជួបសមភាគីចិន លោក ស៊ី ជីនពីង សម្រាប់កិច្ចប្រជុំកំពូលមួយ​នៅទីក្រុងប៉េកាំង។

រ៉ែកម្រដែលខ្វះខាតរួមមាន អ៊ីទ្រីអៀម (yttrium) និង ស្កែនឌីញ៉ូម (scandium) ដែល​សុទ្ធសឹងតែជាសមាជិកសំខាន់​នៃរ៉ែកម្រទាំង ១៧ ប្រភេទ ដែលរួមចំណែកតិចតួច ប៉ុន្តែសំខាន់ ក្នុងបច្ចេកវិទ្យាការពារជាតិ អវកាស និងបន្ទះឈីប។ រ៉ែកម្រទាំងនេះ ផលិតចេញស្ទើរតែទាំងអស់ពីប្រទេសចិន។ ​

ខណៈចិនបើកការនាំចេញរ៉ែកម្រមួយចំនួនឡើងវិញក្រោយចាប់ផ្ដើម​រឹតបន្តឹងការនាំចេញនៅខែមេសាឆ្នាំមុន ការនាំចេញនៅតែ​មិនសូវទៅដល់ដៃអាមេរិក ទោះបីជាមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​បណ្ដោះអាសន្នរវាងចិន និងអាមេរិក កាលពីខែតុលាក្ដី។ នេះបើតាមទិន្នន័យពីគយចិន។ ​

គេរំពឹងថា ​លោក ត្រាំ និងលោក ស៊ី នឹង​យកបញ្ហានេះទៅពិភាក្សានៅពេលជួបគ្នាក្នុងខែមីនា​ខាងមុខ។

បើតាមរ៉យទ័រ កង្វះខាត អ៊ីទ្រីអៀម ដែលគេប្រើប្រាស់ក្នុងថ្នាំកូត​ការពារម៉ាស៊ីន និងទួរប៊ីនពីការរលាយនៅសីតុណ្ហភាពខ្ពស់ បង្កផលប៉ះពាល់ខ្លាំង។ បើគ្មានការប្រើប្រាស់ថ្នាំកូតទាំងនេះជាប្រចាំទេ ម៉ាស៊ីនផ្សេងៗ ដូចជាម៉ាស៊ីនយន្តហោះជាដើមនោះ មិនអាច​ដំណើរការ​បានទេ។​

នាយកប្រតិបត្តិនៅក្រុមហ៊ុនអាមេរិកខាងជើងចំនួន២ ដែលប្រើប្រាស់ អ៊ីទ្រីអៀម ដើម្បីផលិតថ្នាំកូត បានប្រាប់រ៉យទ័រថា ពួកគេត្រូវបញ្ឈប់​ផលិតកម្ម​ជាបណ្ដោះអាសន្នដោយសារតែកង្វះខាត។ ក្រុមហ៊ុនមួយទៀត ក៏កំពុងបដិសេធការបញ្ជាទិញតូចៗ និងពីបរទេសផងដែរ ដើម្បីសន្សំសំចៃការផ្គត់ផ្គង់​របស់ខ្លួនសម្រាប់អតិថិជនធំៗ រួមទាំងក្រុមហ៊ុនផលិតម៉ាស៊ីនមួយចំនួនផងដែរ។

ប្រភពម្នាក់បាន​និយាយប្រាប់រ៉យទ័រថា មាន​ក្រុមហ៊ុនផលិតថ្នាំកូតមួយ បាន​អស់វត្ថុធាតុដើម ហើយត្រូវបង្ខំចិត្តឈប់លក់ផលិតផលដែលមាន​ផ្ទុកអ៊ីទ្រីអៀមអុកស៊ីដ។

នៅពេលនេះ កង្វះខាតអ៊ីទ្រីអៀម និង ស្កែនឌីញ៉ូម មិនទាន់ជះឥទ្ធិពលដល់ការផលិតម៉ាស៊ីនយន្តហោះ ឬបន្ទះឈីបនៅឡើយទេ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា ក្រុមហ៊ុនផលិតអាមេរិកមួយចំនួនឥឡូវនេះ កំពុងប្រឈមមុខនឹង «កង្វះខាត» នៃរ៉ែដ៏កម្រមួយចំនួនពីប្រទេសចិន។

មន្ត្រីសេតវិមានម្នាក់បាននិយាយថា រដ្ឋបាលលោក ត្រាំ ឥឡូវនេះកំពុងធ្វើការដើម្បីធានាថា អាជីវកម្មអាមេរិកអាចចូលប្រើប្រាស់រ៉ែសំខាន់ៗ តាមរយៈការចរចាជាមួយ​ចិន តាមដានការអនុលោមតាមកិច្ចព្រមព្រៀងរវាង​ត្រាំ និងស៊ី ​និងងាកទៅរកការផ្គត់ផ្គង់ក្រៅពីចិន។

លោក Kevin Michaels អ្នកឯកទេសខ្សែច្រវ៉ាក់ផ្គត់ផ្គង់ខាងអវកាស ពីក្រុមហ៊ុន​ប្រឹក្សាយោបល់ AeroDynamic Advisory បាននិយាយថា ក្រុមហ៊ុនផលិតម៉ាស៊ីន​យន្តហោះ​​នៅតែមាន​ការព្រួយបារម្ភ ទោះបីកង្វះ​អ៊ីទ្រីអៀម​មិនទាន់បង្កផលប៉ះពាល់ជាក់ស្ដែងក្ដី។ ​លោកបន្តថា ការរឹតបន្តឹងរបស់ចិន គឺជា «​ឧទាហរណ៍ច្បាស់លាស់មួយអំពីរបៀបដែល​ចិនកំពុងបង្ហាញភាពខ្លាំងនៃរ៉ែកម្ររបស់ខ្លួន»។ ​

ទន្ទឹមនឹង​កង្វអ៊ីទ្រីអៀម ​លោក Dylan Patel នាយកប្រតិបត្តិក្រុមហ៊ុនស្រាវជ្រាវ SemiAnalysis បានឱ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក ក៏ប្រឈមនឹង​កង្វះស្កែនឌីយ៉ូម​ផងដែរ ដែលវាជាសារធាតុរ៉ែដ៏កម្រមួយប្រភេទ​មានសារៈសំខាន់សម្រាប់ផលិតកម្ម​បន្ទះឈីបអ៊ិនធឺណិត 5G ជំនាន់ក្រោយ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីប​អាមេរិក បានប្រឈមមុខនឹងការពន្យារពេលក្នុងការទទួលបានអាជ្ញាប័ណ្ណនាំចេញស្កែនឌីយ៉ូម​ពីចិន ​ហើយបានស្នើសុំជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ខណៈ​ក្រុមហ៊ុនអាមេរិក​មួយចំនួនបានព្យាយាមទិញពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្សេង ពួកគេនូវតែប្រឈមនូវឧបសគ្គ ដោយសារតែចិនទាមទារក្រុមហ៊ុនផ្គត់ផ្គង់ឱ្យ​មាន​អាជ្ញាប័ណ្ណនាំចេញ​បង្ហាញ​ឈ្មោះអ្នក​ទទួល​ចុងក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម