Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្វហ្គានីស្ថាន អះអាងថា បានសម្លាប់ទាហានប៉ាគីស្ថាន ៥០នាក់

បានផុស

នៅ

តាមប្រភពពីក្រុមតាលីបង់, ក្នុងការប្រយុទ្ធគ្នាថ្មី អាហ្វហ្គានីស្ថាន បានសម្លាប់ទាហានប៉ាគីស្ថានចំនួន៥០នាក់ ដ្បិតព័ត៌មាននេះ អះអាងតែម្ខាងក៏ដោយ។

(រូប៖ Reuters)

អ្នកនាំពាក្យក្រុមតាលីបង់ Zabiullah Mujahid ប្រាប់ BBC នៅថ្ងៃសុក្រទី២៧ខែកុម្ភៈថា ក្រៅពីសម្លាប់ទាហានហើយនោះ អាហ្វហ្គានីស្ថាន ក៏កម្ទេចប៉ុស្តិ៍ព្រំដែនប៉ាគីស្ថាននៅ១៩ទីតាំង និងចាប់បានឈ្លើយសឹកជាច្រើននាក់ថែមទៀតផង។

(រូប៖ Reuters)

យ៉ាងណា ដ្បិតមិនបញ្ជាក់ច្បាស់ ប៉ុន្តែខាងប៉ាគីស្ថានឯណោះ ក៏អះអាងដែរថា ខ្លួនសម្លាប់កងកម្លាំងក្រុមតាលីបង់អស់ច្រើនណាស់ ហើយនិងកម្ទេចប៉ុស្តិ៍ព្រំដែនអាហ្វហ្គានីស្ថាននៅ២៧ទីតាំង។

សូមជម្រាបជាថ្មី រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានប្រកាស «សង្រ្គាមបើក​ចំហ» លើ អាហ្វហ្គានីស្ថាន នា​ព្រឹកថ្ងៃសុក្រ​ទី​២៧​ខែ​កុម្ភៈ​ បន្ទាប់ពីកងទ័ពប៉ាគីស្ថានបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានយោធាអាហ្វហ្គានីស្ថានក្នុងទីក្រុងកាប៊ុល ខេត្ត Kandahar និង Paktia។

(រូប៖ Reuters)

ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅនឹងការឆ្មក់វាយរបស់ក្រុមតាលីបង់នៅតាមព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ទាហានប៉ាគីស្ថានពីរនាក់។

លោក Asif បានបញ្ជាក់ថា ការអត់ធ្មត់របស់ប៉ាគីស្ថានបានអស់កំណត់ហើយ ចំណែក​ឯ​​នាយករដ្ឋមន្ត្រី Shehbaz Sharif បានប្តេជ្ញាផ្តល់ «ការឆ្លើយតបយ៉ាងចាស់ដៃ» ចំពោះរាល់ការឈ្លានពានលើអធិបតេយ្យភាពជាតិ។

(រូប៖ Reuters)

យ៉ាងជុំវិញអំពើហិង្សានេះ អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យ ភាគីទាំងពីរបន្ធូរបន្ថយភាពតានតឹងនិងគោរពច្បាប់អន្តរជាតិ។

អគ្គលេខាធិការ UN លោក Antonio Guterres បានជំរុញឲ្យភាគីទាំងពីរគោរពកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិឲ្យបានខ្ជាប់ខ្ជួន ដោយផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើច្បាប់មនុស្សធម៌អន្តរជាតិ។

ចំណែកមេផ្នែកសិទ្ធិមនុស្សលោក Volker Türk ក៏អំពាវនាវដល់អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន ឲ្យចូលមកកាន់តុចរចា ដើម្បីស្វែងរកដំណោះស្រាយចំពោះការប្រយុទ្ធគ្នាថ្មីៗនេះផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម