Connect with us

ព័ត៌មានជាតិ

សភា​កម្ពុជា​ជូន​សមាជិក​សភា​បារាំង​ពិនិត្យ​មើល​ការរងគ្រោះ​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​ទាហាន​ថៃ

បានផុស

នៅ

សភា​កម្ពុជា​បាន​ជូន​គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា លោក Thomas LAM ​ចុះ​មើល​ឃើញ​ជាក់​ស្ដែង​ពី​ភាព​រងគ្រោះ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​តំបន់​ភៀស​សឹក២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកពួក ខេត្តសៀមរាប ក៏ដូចជា​ទី​តាំង​ដែល​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​បំផ្លាញ​ពី​ទាហាន​ថៃ​ក្នុង​សង្គ្រាម​ចុង​ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ចុះ​ពិនិត្យ​របស់​លោក Thomas LAM នេះ​ត្រូវ​បាន​សម្រប​សម្រួល​ជូន​ដំណើរ​ដោយ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​សភា​ជាតិ​លោក ឈាង វុន ដែល​បាន​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​នៅ​មណ្ឌល​ភៀសសឹក​ផងដែរ​។

ក្នុង​ឱកាស​នោះ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​សភា​ជាតិ​លោក ឈាង វុន បានលើកឡើងពី​កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋសភា​ ក្នុងការបំពេញតួនាទីលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពសង្គម តាមរយៈការងារ​ការ​ទូតសភា​នៅ​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះវីរភាព​លះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពក្នុងការការពារបូរណភាពទឹកដី។

លោក​ថា៖ «វីរភាពនេះបានក្លាយជាកម្លាំងចលករនៃមហាសាមគ្គីជាតិខ្មែរទាំងមូល»

លោក ឈាង វុន បាន​អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈការចរចាការទូត និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីធានាសុវត្ថិភាពជូនជាតិមាតុភូមិ។

បន្ទាប់​ពី​ចុះ​ពិនិត្យ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​ភៀសសឹក​គណៈប្រតិភូ​ក៏បានបន្ត​ដំណើរចុះ​ពិនិត្យ​មើល​ស្ពានអូជីក ក្នុងស្រុកស្រីស្នំ ដែលបានរងការបំផ្លិចបំផ្លាញពី​ការវាយ​ប្រហារ​តាម​អាកាស​របស់ទាហានឈ្លានពានថៃ ដើម្បីស្វែងយល់បន្ថែមពីផលប៉ះពាល់ជាក់ស្តែង​លើហេដ្ឋា​រចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់នោះផងដែរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ ប្រធាន​ក្រុម​មិត្តភាព​សភា​បារាំង​-កម្ពុជា លោក Thomas LAM បានចំណាយ​ពេល​ពេញ​មួយ​សប្ដាហ៍​ចុង​ខែ​កុម្ភៈ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹក​នាំ​កម្ពុជា​ពាក់ព័ន្ធ​នឹង​​ទំនាក់ទំនង​រវាង​កម្ពុជា បារាំង សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ចុង​ឆ្នាំ​នេះផងដែរ។ ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី លោក​ Thomas បាន​បញ្ជាក់​ផងដែរ​ថា​ប្រទេស​បារាំង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្ដល់​ឯកសារ​ និង​បច្ចេកទេស​ព្រំដែន​កម្ពុជា​-ថៃ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​ជាមួយ​ថៃ​៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម