Connect with us

កីឡា

កម្ពុជា កាន់​តែ​ឃើញ​ពន្លឺ​បំបែក​កំណត់​ត្រា​​ចំនួន​អ្នក​គាំទ្រ​ផ្ទាល់ ពាន AFC Challenge League វគ្គ ៨ ក្រុមចុងក្រោយ

បានផុស

នៅ

ក្នុងវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challange League កាលពីរដូវកាលមុន ២០២៤-២០២៥ កម្ពុជា ជាប់លេខ ២ ដែលមានអ្នកគាំទ្រចូលទស្សនានៅកីឡដ្ឋានផ្ទាល់ច្រើនបំផុត ខណៈរដូវកាល ២០២៥-២០២៦ នេះ ក្រុម កម្ពុជា ២ គឺព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយ ដែលសុទ្ធតែធ្វើនៅទឹកដីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីរដូវកាលមុន អំឡុងការប្រកួត ព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានជាតិមរតកតេជោទទួលក្រុមភ្ញៀវ Shan United នាថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥ គឺ កម្ពុជា ជាប់លេខ ២ មានអ្នកគាំទ្រចូលទស្សនានៅកីឡដ្ឋានផ្ទាល់ច្រើនបំផុតក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន ACGL ដោយមានអ្នកទស្សនាចំនួន ១៥.៧៧៨ ​នាក់។ បញ្ជាក់ផងដែរ នៅក្នុងការប្រកួតទាំង ២ ជើងក្នុងវគ្គ ៨ ក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Shan United ក្នុងលទ្ធផល ៧-៤។

ដោយឡែកការប្រកួត ក្រុមរបស់​ប្រទេស​ឥណ្ឌា East Bengal ទទួលស្វាគមន៍ក្រុម AK Arkadag របស់ តួកមេនីស្ថាន នៅថ្ងៃ​ទី ៥ ខែ មីនា ឆ្នាំ ២០២៥ បានជាប់លេខ ១ មានអ្នកគាំទ្រចូលទស្សនានៅកីឡដ្ឋានផ្ទាល់ច្រើនបំផុតក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន ACGL ដោយមានអ្នកទស្សនា​ផ្ទាល់​ចំនួន ២៥​.៤៩៧ ​នាក់។

ទាំងនេះជាកំណត់ត្រាកាលពីវគ្គ ៨ ក្រុមចុងក្រោយពាន ACGL កាលពីរដូវមុន ២០២៤-២០២៥ ដែលមានអ្នកទស្សនាផ្ទាល់ច្រើនបំផុត។ យ៉ាងណា នៅរដូវកាលនេះ កម្ពុជា កំពុងមានភាគរយនឹងអាចបំបែកកំណត់ត្រារបស់ក្រុម ឥណ្ឌា ដោយសារក្រុម កម្ពុជា គឺព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នា ២ ជើងនៅទឹកដី កម្ពុជា ក្នុងវគ្គ ៨ ក្រុមចុងក្រោយនេះ។

ជើងទី ១ ភ្នំពេញក្រោន ត្រូវបើកទ្វាពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុម ព្រខ័នរាជស្វាយរៀង នៅថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៦។ ចំណែកការប្រកួតជើងទី ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វាកីឡដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២៦។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ ២០២៦ ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​សំបុត្រ​គឺ ចំនួន ១០០០០ សន្លឹក (១ម៉ឺន​សន្លឹក) ត្រូវ​បាន​លក់​អស់ ហើយ​នេះ​ជា​​ការធ្វើ​បច្ចុប្បន្នភាព​សំបុត្រ​លើក​ទី​៣។ លើក​ទី១ កាល​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ក្លិប​បាន​ប្រកាស​ពី​ការ​លក់​សំបុត្រ​បឋម​ចំនួន ៣៥០០​ សន្លឹក​អស់ និង​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ សំបុត្រ​ចំនួន ៦០០០ សន្លឹក​ត្រូវ​បាន​លក់​អស់។ ដូច្នេះ​គិត​មក​ដល់​ពេល​នេះ សំបុត្រ​​ប្រហែល​ជា​ជាង ១ ម៉ឺន​សន្លឹក​ហើយ​ត្រូវ​បាន​លក់​អស់ ខណៈ​ការ​ប្រកួត​នៅ​សល់ ៣ ថ្ងៃ​ទៀត។ តើ​អាច​ទេ កម្ពុជា បំបែក​កំណត់​ត្រា​ចំនួន​អ្នក​គាំទ្រ​របស់​ប្រទេស​ឥណ្ឌា​ កាល​ពី​រដូវ​កាល​មុន?

កុំភ្លេចណា ចូលរួមគាំទ្រក្លិបបាល់ទាត់កម្ពុជាយើងទាំង ២ ទាំងអស់គ្នា ដើម្បីបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រនៅក្នុងប្រពានរង្វាន់ AFC Challenge League នេះ។

ខាងក្រោមនេះជាកំណត់ត្រាអ្នកគាំទ្រចូលទស្សនាផ្ទាល់វគ្គ​៨​ក្រុម​ចុង​ក្រោយពាន ACGL កាលពីរដូវកាលមុន៖

  • Al-Arabi ១-០ Al-Seeb មាន​ អ្នក​ទស្សនា ៤.៣២៧​នាក់ ថ្ងៃ​ទី៥ មីនា ២០២៥ នៅគុយវែត
  • Al-Seeb ២-២ Al-Arabi មាន ​អ្នក​ទស្សនា ៤.៣៨៧​នាក់ ថ្ងៃ​ទី​១២ មីនា ២០២៥ នៅអូម៉ង់
  • East Bengal ០-១ Arkadag មាន ​អ្នក​ទស្សនា ២៥​.៤៩៧​នាក់ ថ្ងៃ​ទី៥ មីនា ២០២៥ នៅឥណ្ឌា
  • Arkadag ២-១ East Bengal មាន​ អ្នក​ទស្សនា ១០.០០០​នាក់ ថ្ងៃ​ទី​១២ មីនា ២០២៥ នៅតួកមេនីស្ថាន
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៦-២ Shan United មាន​ អ្នក​ទស្សនា ១៥.៧៧៨​នាក់ ថ្ងៃ​ទី​៦ មីនា ២០២៥ នៅ​កម្ពុជា
  • Shan United ២-១ ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន ​អ្នក​ទស្សនា ៥៥០​នាក់ ថ្ងៃ​ទី​១៣ មីនា ២០២៥ នៅមីយ៉ាន់ម៉ា
  • Tainan City ០-០ Madura United មាន​ អ្នក​ទស្សនា ៨៩២​នាក់ ថ្ងៃ​ទី​៦ មីនា ២០២៥ នៅ​តៃវ៉ាន់
  • Madura United ៣-០ Tianan City មាន ​អ្នក​ទស្សនា ១.៣៧៩​នាក់ ថ្ងៃទី​១៣ មីនា ២០២៥ នៅ​ឥណ្ឌូណេស៊ី

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម