Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ 

បានផុស

នៅ

ស្របពេលសង្គ្រាមអ៊ីរ៉ង់កាន់តែរីកធំទៅៗ ហើយមានប្រទេសជាបន្តបន្ទាប់ប្រកាសចូលរួមជាមួយអាមេរិក វាយប្រហារទីក្រុងតេហេរ៉ង់នោះ ស្រាប់តែពេលនេះ រុស្ស៊ីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានព្រមានអំពីការផ្ទុះសង្គ្រាមលោកលើកទី៣។

ការផ្ទុះនៅអ៊ីរ៉ង់ (រូប៖ Reuters)

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន TASS កាលពីថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦ អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ បានព្រមានថា មេដឹកនាំអាមេរិក ដូណាល់ ត្រាំ នឹងអុជបញ្ឆេះសង្គ្រាមលោកលើកទី៣តាមរយៈប្រតិបត្តិការផ្លាស់ប្តូររបបបែបឧក្រិដ្ឋកម្មរបស់គាត់។ 

យ៉ាងណា លោកនិយាយថា បើនិយាយតាមបច្ចេកទេស រឿងសង្គ្រាមលោកលើកទី៣នេះ គឺមិនទាន់ទេ ប៉ុន្តែប្រសិនបើលោក ត្រាំ នៅតែបន្តប្រតិបត្តិការផ្លាស់ប្តូររបបតាមបែបឧក្រិដ្ឋកម្មនេះទៀតនោះ ច្បាស់ណាស់វានឹងផ្ទុះឡើងហើយ គ្មានអ្វីត្រូវសង្ស័យទេ។

ទន្ទឹមនោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ អះអាងថា ការវាយប្រហារលើអ៊ីរ៉ង់ គឺជាផ្នែកមួយនៃសង្រ្គាមទ្រង់ទ្រាយធំរបស់អាមេរិកនិងសម្ព័ន្ធមិត្ត ដើម្បីរក្សាឧត្តមភាពគ្របដណ្តប់លើពិភពលោក។

លោក ឌីមីទ្រី ម៉េដវ៉េដេហ្វ (រូប៖ Reuters)

សូមជម្រាបថា ​រុស្ស៊ី​ដែល​ជា​​មហាអំណាច​​នុយក្លេអ៊ែរ​​​​​លេខ​១ បាន​​​ថ្កោលទោសរួចទៅហើយ ​​ចំពោះ​ការ​វាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់​ ដោយ​ចាត់ទុក​​ការ​វាយប្រហារ​នោះ​ជាការ​រៀបចំ​ទុក​មុខ​រួចជាស្រេច​។​

​​ក្រសួងការបរទេសរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍ថា៖ «​នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ កងកម្លាំងប្រដាប់អាវុធអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើទឹកដីអ៊ីរ៉ង់។ ទំហំ និងលក្ខណៈនៃការរៀបចំយោធា នយោបាយ និងឃោសនា ដែលបានកើតឡើងមុនជំហានដ៏មិនប្រុងប្រយ័ត្ននេះ រួមទាំងការដាក់ពង្រាយក្រុមយោធាអាមេរិកដ៏ធំមួយក្រុមទៅកាន់តំបន់នោះ ធ្វើឲ្យគ្មានការសង្ស័យទេថា នេះគឺជាទង្វើឈ្លានពានប្រដាប់អាវុធដែលបានគ្រោងទុកជាមុន​ ប្រឆាំងរដ្ឋជាសមាជិកអធិបតេយ្យ និងឯករាជ្យរបស់អង្គការសហប្រជាជាតិ ដែលរំលោភលើគោលការណ៍ និងបទដ្ឋានជាមូលដ្ឋាននៃច្បាប់អន្តរជាតិ»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម