សេដ្ឋកិច្ច
លោកស្រី ជា សិរី អះអាងថា ស្ត្រីជាដៃគូអភិវឌ្ឍសេដ្ឋកិច្ច សង្គម
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃសុក្រទី ០៦ ខែមីនា ឆ្នាំ ២០២៦ បានលើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិ និងឱកាសស្មើគ្នាក្នុងការទទួលបាននូវការអប់រំ ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងការចូលរួមគ្រប់វិស័យ។

លោកស្រីទេសាភិបាលបានលើកឡើង នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦។
លោកស្រី ជា សិរី បានបន្តថា ស្ត្រីមិនត្រឹមតែជាកម្លាំងសំខាន់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងស្ថាប័នផងដែរ ដោយសារស្ត្រីមានភាពអត់ធ្មត់ ប្រាជ្ញាស្មារតីទទួលខុសត្រូវខ្ពស់ ដែលជាគុណតម្លៃដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
ធនាគារជាតិ តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់ស្ត្រី និងសមភាពយេនឌ័រ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងក្នុងការគាំទ្រការអភិវឌ្ឍសង្គមជាតិ។

ធនាគារជាតិនៃកម្ពុជា តែងតែសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការគាំទ្រ និងបង្កើតកម្មវិធីនានាសម្រាប់លើកកម្ពស់ស្រ្តី និងការពង្រឹងឱកាសឱ្យស្ត្រីអាចទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ការងារនេះ មិនត្រឹមតែជួយពង្រឹងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់ស្ថិរភាព និងភាពធន់របស់សង្គមផងដែរ។
ទន្ទឹមនេះយុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញ ដោយផ្តោតលើការលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម។

គិតត្រឹមខែមករា ឆ្នាំ២០២៦ ចំនួនអ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៣.៧% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណ ៥៨.៦% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារមានប្រមាណ ៥១.២% ជាស្រ្តី និងចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៦៣.៩% ជាស្រ្តី។ ទាំងនេះ បង្ហាញពីសមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងបុរស។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបាននិងកំពុងរៀបចំបង្កើតទារកដ្ឋាននៅអគារសែនសុខ និងអគារស្នាក់ការកណ្តាលដែលយើងកំពុងសាងសង់ក្នុងគោលបំណងលើកទឹកចិត្ត ជួយសម្រាលបន្ទុក និងលើកកម្ពស់តុល្យភាពរវាងជីវិតការងារ និងជីវិតគ្រួសារដល់មន្ត្រីជាស្ត្រីព្រមទាំងអាចឱ្យស្ត្រីមានលទ្ធភាពធ្វើការងារប្រកបដោយប្រសិទ្ធភាព និងមានពេលវេលាថែទាំទារកប្រកបដោយសុវត្ថិភាព គុណភាព និងស្ដង់ដារ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានស្នើសុំឱ្យមន្ត្រីជំនាញធ្វើការសិក្សាអំពីលទ្ធភាពក្នុងការតម្រូវឱ្យគ្រឹះស្ថានក្រោមឱវាទ មានសមាជិកក្រុមប្រឹក្សាភិបាលជាស្ត្រីយ៉ាងតិចម្នាក់ ក្នុងគោលដៅចម្បងចូលរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យហិរញ្ញវត្ថុ ដោយបង្កើនតួនាទីស្ត្រីក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ។
ការចូលរួមរបស់ស្ត្រីក្នុងការដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាកត្តាមួយក្នុងការរួមចំណែកបង្កើនប្រសិទ្ធភាព វឌ្ឍនភាព និងនវានុវត្តភាពក្នុងវិស័យហិរញ្ញវត្ថុផងដែរ។
រដ្ឋាភិបាលកំពុងបន្តបំពេញកិច្ចការក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ដែលជាធាតុផ្សំមិនអាចខ្វះបានក្នុងការបន្តគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់ទៅលើការលើកកម្ពស់ សមភាពយេនឌ័រ ការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី សំដៅធានាបាននូវគុណតម្លៃរបស់ស្រ្តីក្នុងសង្គម ប្រកបដោយសីលធម៌ សមធម៌ បរិយាបន្ន និងការអភិវឌ្ឍជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


