Connect with us

សេដ្ឋកិច្ច

​ការ​ដោះដូរ​ទំនិញ​អន្តរជាតិ​កម្ពុជា ​មានទំហំ​ជាង ​១១ ​ពាន់​លានដុល្លារ​

បានផុស

នៅ

ការដោះដូរ​ទំនិញ​រវាង​កម្ពុជា ​ជាមួយ​ដៃគូអន្តរជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹកជាង ១១ ​ពាន់លានដុល្លារ នៅ​ក្នុងរយៈពេល ២ ​ខែ (មករា-កុម្ភៈ) ឆ្នាំ ​២០២៦ កើនឡើង ១៧,៦% ប្រៀបធៀបនឹងរយៈ​ពេល​ដូច​គ្នា​ នៅឆ្នាំ ២០២៥ ដែលមានទំហំទឹកប្រាក់ ៩,៤ ពាន់លានដុល្លារ។ ​នេះបើយោងតាមទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា (GDCE) ​ចេញផ្សាយនៅថ្ងៃទី ​១០ ​ខែមីនា ​ឆ្នាំ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់ GDCE បង្ហាញថា ​ចាប់ពីខែមករា ​ដល់ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ការ​នាំ​ចេញ-នាំចូល​ទំ​និញ​រវាងកម្ពុជា ជា​មួយ​ដៃ​គូ​អន្តរជាតិ​មាន​ទំហំ​ទឹក​ប្រាក់​សរុប ១១,១១ ពាន់លានដុល្លារ កើន​ឡើង ១៧,៦% ​ក្នុង​នោះ​កម្ពុជា​នាំចេញ​មានតម្លៃ ៥,២២ ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯ​ទំនិញ​នាំចូលកម្ពុជា មានតម្លៃ ៥,៨៨ ពាន់លានដុល្លារ កើន ១៨%។

​អ្នកឧកញ៉ា ​លឹម ហេង ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ​គម្រោង​វិនិយោគនៅ​កម្ពុជាមានការកើនឡើង បានបង្កើនការផលិត ​ខណៈកម្ពុជានៅបន្តទទួលបានប្រព័ន្ធ​អនុគ្រោះពន្ធដូចជា​ EBA និង GSP ពីបណ្ដាប្រទេសមួយចំនួន ​ឬក៏កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី កម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងបណ្ដាប្រទេសមួយចំនួនទៀត ​ដែលនាំឱ្យការនាំចេញ​របស់កម្ពុជាកើនឡើង​។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ កម្ពុជា​នៅតែ​រក្សាបានទីផ្សារសំខាន់ៗ​របស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានាបាន​នូវការផ្គត់ផ្គង់​ បង្កើត​សក្ដា​នុភាព ​ក្នុងខ្សែច្រវាក់​តម្លៃ និងខ្សែច្រវាក់​ផ្គត់​ផ្គង់​ និង​រក្សាបាននូវជំនឿចិត្ត​ពីអ្នកបញ្ជាទិញ​។​

​​​ទំនិញសំខាន់ៗ​របស់កម្ពុជា ​ដែលនាំចេញទៅទីផ្សារ​អន្តរជាតិ ​មាន​សំបកកង់រថយន្ត ​គ្រឿងបន្លាស់ គ្រឿងបង្គុំគ្រឿងអគ្គិសនី និងសង្ហារឹម ព្រមទាំងសម្លៀកបំពាក់ ស្បែកជើង និងសម្ភារ​ធ្វើដំណើរ។​​ ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជារួម​មាន​ ចិន អាស៊ាន ​អាមេរិក សហភាពអឺរ៉ុប ​ជប៉ុន កាណាដា ​អង់គ្លេស ​កូរ៉េខាងត្បូង ​អូស្ត្រាលី ​និងឥណ្ឌា។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ ៦៥,២៥ ​ពាន់​លានដុល្លារ​ កើនឡើង ​១៨% ​ធៀបនឹងឆ្នាំ ​២០២៤ ​ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើន​ឡើង ១៧% ​និង​នាំ​ចូលមកវិញ​មានតម្លៃ ​៣៣,៩៦ ​ពាន់លានដុល្លារ កើនឡើង ១៨%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម