Connect with us

ព័ត៌មានជាតិ

សិស្សនិទ្ទេស A របស់សាលាប៊ែលធី ចែករំលែកគន្លឹះជោគជ័យជូនសិស្សថ្នាក់ទី១២

បានផុស

នៅ

ភ្នំពេញ៖  នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ពីសិស្សនិទ្ទេស A ចំនួន ២៣៩នាក់ ជូនដល់សិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ កម្មវិធីនេះមានការចូលរួមផ្ទាល់ និងផ្សាយបន្តផ្ទាល់ទៅកាន់សិស្សគ្រប់សាខាចំនួន ២,៧៥៩នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្នសាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា កំពុងដំណើរការ និង ១សាខា កំពុងសាងសង់។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សិស្សថ្នាក់ទី១២ របស់សាលាប៊ែលធី ចូលរួមប្រឡងបាក់ឌុបចំនួន ២,៧៥៤នាក់ ក្នុងនោះ ជាប់ ២,៦៨០នាក់ ស្មើនឹង ៩៧.៣១% ហើយមានសិស្សទទួលបាន និទ្ទេស A ចំនួន ២៣៩នាក់។ សញ្ញាបត្រទាំងអស់ក៏ត្រូវបានដាក់បញ្ចូលក្នុងគេហទំព័ររបស់សាលា ដើម្បីរក្សាទុកជាកំណត់ត្រា និងអាចទាញយកប្រើប្រាស់ជាផ្លូវការ។

ក្នុងកម្មវិធីនេះ សិស្សនិទ្ទេស A ចំនួន ៥នាក់ បានចែករំលែកបទពិសោធន៍ជោគជ័យ ដោយបញ្ជាក់ពីកត្តាសំខាន់ៗ ៤ រួមមាន៖ 

-កត្តាខ្លួនឯង កត្តាគ្រួសារ កត្តាសាលា និងកត្តាសង្គម។

-កត្តាខ្លួនឯង ត្រូវមានគោលដៅ ការតាំងចិត្ត ខិតខំរៀនសូត្រ ស្រាវជ្រាវ និងថែរក្សាសុខភាពល្អ។

-កត្តាគ្រួសារ មាតាបិតាផ្តល់ឱកាស ឧបត្ថម្ភអាហារូបត្ថម្ភ និងលើកទឹកចិត្តកូនៗក្នុងការសិក្សា។

-កត្តាសាលា មានកម្មវិធីសិក្សាល្អ គ្រូមានសមត្ថភាព និងបរិក្ខារសិក្សាទំនើបៗ រួមទាំងកម្មវិធី BELTEI IS App ជាជំនួយក្នុងការសិក្សា។

កត្តាសង្គម ស្ថិរភាព សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស ជាឱកាសសម្រាប់យុវជនក្នុងការសិក្សា និងអភិវឌ្ឍខ្លួន។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សា គោរពវិន័យ និងមានសីលធម៌ល្អ រហូតទទួលបានលទ្ធផលជោគជ័យ។ លោកក៏បានថ្លែងអំណរគុណដល់មាតាបិតា និងអ្នកអាណាព្យាបាល ដែលបានគាំទ្រ និងសហការជាមួយសាលាក្នុងការអប់រំកូនៗ។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យបន្តខិតខំសិក្សានៅថ្នាក់ឧត្តមសិក្សា ជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត ដើម្បីបង្កើតអាជីពនាពេលអនាគត និងប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងតំបន់អាស៊ាន និងពិភពលោក។ លោកក៏បានលើកទឹកចិត្តឱ្យយុវជនពង្រឹងសមត្ថភាពភាសា ជំនាញបច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ព្រមទាំងមានមនសិការ ស្នេហាជាតិ និងសាមគ្គីភាពជាតិ។

ជាទីបញ្ចប់ លោកបណ្ឌិត និងលោកស្រី បានប្រគល់ លិខិតសរសើរ និងប្រាក់រង្វាន់ ជូនសិស្សនិទ្ទេស A ទាំង ២៣៩នាក់ ព្រមទាំងនាយកសាខា និងលោកគ្រូអ្នកគ្រូថ្នាក់ទី១២ ដែលបានបង្រៀនសិស្សទទួលបានលទ្ធផលល្អផងដែរ៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម