Connect with us

កីឡា

ក្រុម​បាល់ទះ​កម្ពុជា ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត SEA V. League 2026 នៅហ្វីលីពីន និង​ឥណ្ឌូណេស៊ី

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្នុង​ពាន​រង្វាន់​អាស៊ាន​កម្រិត​ទី​១ SEA V. League ឆ្នាំ ២០២៦ បើ​ទោះ​ជា​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឆ្នាំ ២០២៦ ពាន​រង្វាន់​ SEA V. League មាន​ក្រុម​ខ្លាំង​ជម្រើស​ជាតិ​ក្នុង​តំបន់​អាស៊ាន​ចំនួន ៦ មាន​សិទ្ធិ​ចូល​រួម​ប្រកួត​ប្រជែង​គឺ កម្ពុជា ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន វៀតណាម និង មីយ៉ាន់ម៉ា។

ការ​ប្រកួត​ជា​ទូទៅ​មាន​ពីរ​ដំណាក់​កាល​ដោយ​ដំណាក់​កាល​នីមួយ​ៗ​សុទ្ធ​តែ​​ត្រូវ​មាន​ក្រុម​ឈ្នះ​ជើង​ឯក។ សម្រាប់​ដំណាក់​កាល​ទី​១ ប្រទេស​ហ្វីលីពីន ទទួលធ្វើ​ជា​ម្ចាស់​ផ្ទះ​ចាប់​ពីថ្ងៃ​ទី​១៥ ដល់ ទី​១៩ ខែ​កក្កដា​ ឆ្នាំ ២០២៦ និង​ដំណាក់​កាល​ទី២​ ប្រទេស​ឥណ្ឌូណេស៊ី ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ ទី​២៦ ខែ​កក្កដា ឆ្នាំ ២០២៦។

រូប​មន្ត​នៃ​ការ​ប្រកួត ឆ្នាំ ២០២៦ មិន​ទាន់​ត្រូវ​បាន​ប្រកាស​​ថា​តើ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ណា​នោះ​ទេ បើ​ទោះ​ជា​​ក្រុម​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុនៗ។ ​ចាប់​តាំង​ពី​ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០២៣ តាម​ធម្មតា​ រូប​មន្ត​នៃ​ការ​ប្រកួត គឺ​​វិល​ជុំ​សន្សំ​ពិន្ទុ ក្រុម​ណា​ឈ្នះ​ច្រើន​ជាង​គេ និង​មាន​ពិន្ទុ​ច្រើន​ជាង​គេ​បាន​ក្លាយ​ជា​​ជើង​ឯក​តែ​ម្តង។

កាល​ពី​ឆ្នាំ ២០២៣ និង ២០២៤ មាន​ក្រុម​ជម្រើស​ជាតិ​តែ​ ៤ ប៉ុណ្ណោះ​គឺ ឥណ្ឌូណេស៊ី ថៃ វៀតណាម និង ​ហ្វីលីពីន ហើយ​​ឆ្នាំ ២០២​៥ មាន ចំនួន ៥ ក្រុម​ដោយ​​​​មាន​ក្រុម​​ជម្រើស​ជាតិ​​កម្ពុជាចូល​រួម​​ប្រកួត​ បន្ទាប់​ពី​ឈ្នះ​ជើង​ឯក SEA V. League Challenge។ នៅ​ឆ្នាំ ២០២៦​នេះ ក្រុម​បាន​កើត​ឡើង​ដល់​ចំនួន ៦ ដោយ​មាន​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ មីយ៉ាន់ម៉ា មួយ​ទៀត ដូច្នេះ​​ក្រុម​ច្រើន​ រូប​មន្តនៃ​ការ​ប្រកួត​អាច​មាន​ការ​ប្រែ​ប្រួល។

ចំណែក​ពាន​រង្វាន់​អាស៊ាន​​លំដាប់​ទី​២ គឺ SEA V. League Challenge ដែល​កម្ពុជា​​​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​កាល​ពី ឆ្នាំ ២០២៤ គឺ​មាន​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ចំនួន ៣ ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ឆ្នាំ ២០២៦​ គឺ ម៉ាឡេស៊ី សិង្ហបុរី និង​ឡាវ។ រហូត​ដល់​ពេល​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ពាន​រង្វាន់​លំដាប់​ទី​២​ ត្រូវ​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ណា​ទេ។

សូម​រម្លឹក​ថា កាល​ពី​ឆ្នាំ ២០២៥ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់ SEA V. League ជា​លើក​ដំបូង​ដោយ​មិន​ស្គាល់​ជ័យជម្នះ​សោះ​ពោល​គឺ ៨ ប្រកួត​ចាញ់​ទាំង​អស់៕

ក្រុម​ជម្រើស​ជាតិ

  • កម្ពុជា ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន វៀតណាម និង មីយ៉ាន់ម៉ា

កាល​បរិច្ចេទ​ប្រកួត

  • នៅហ្វីលីពីន ពីថ្ងៃ​ទី​១៥ ដល់​ទី​១៩ ខែ​កក្កដា ឆ្នាំ ២០២៦
  • នៅ​ឥណ្ឌូណេស៊ី ពី​ថ្ងៃ​ទី២២ ដល់​ទី​២៦ ខែ​កក្កដា ឆ្នាំ ២០២៦

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម