សេដ្ឋកិច្ច
លោកស្រី ជា សិរី៖ ប្រសិនបើអតិថិជនសម្រុកដកប្រាក់ នឹងធ្វើឱ្យធនាគារបង្វិលសងមិនទាន់
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ បានអំពាវនាវកុំឱ្យអតិថិជនដែលបានដាក់ប្រាក់បញ្ញើនៅក្នុងគ្រឹះស្ថានធនាគារនាំគ្នាសម្រុកទៅដកប្រាក់ទាំងអស់ចេញពីធនាគារក្នុងពេលតែមួយ នឹងធ្វើឱ្យធនាគារខ្វះសាច់ប្រាក់សងត្រឡប់។

ការអំពាវនាវរបស់លោកស្រី ជា សិរី កើតមានឡើងបន្ទាប់ពីអតិថិជនរបស់ធនាគារ អេភីឌី រាប់សិបនាក់បានសម្រុកទៅដកប្រាក់ចេញពីធនាគារ ដោយសារបារម្ភពាក្យចចាមអារ៉ាមមួយចំនួនពាក់ព័ន្ធនឹងការលាងលុយ និងការដកអាជ្ញាបណ្ណ។
លោកស្រី ជា សិរី ពន្យល់ថា តួនាទីរបស់ធនាគារគឺអន្តរការីយកម្ម បានន័យថា គាត់ទទួលប្រាក់បញ្ញើពីអ្នកដែលមានលុយលើសមិនទាន់មានតម្រូវការ ហើយគាត់ផ្ដល់លុយនោះទៅឱ្យអ្នកដែលមានតម្រូវការចាំបាច់ប្រើប្រាស់ ដើម្បីវិនិយោគនៅក្នុងវិស័យសេដ្ឋកិច្ច ដូចជាទិញផ្ទះ សាងសង់សណ្ឋាគារ និងសាងសង់រោងចក្រជាដើម។
លោកស្រី ជា សិរី បានប្រាប់ឱ្យដឹងថា ជាទូទៅប្រតិបត្តិការធនាគារ ទទួលប្រាក់បញ្ញើមក គឺគាត់ទុកមួយផ្នែកតូច ដើម្បីបម្រើតម្រូវការរបស់អតិថិជនដាក់ប្រាក់បញ្ញើ អ្នកដាក់ប្រាក់បញ្ញើមួយចំនួនមិនទាន់ត្រូវការប្រើប្រាស់លុយគាត់ គាត់អាចយកទៅដាក់ជាប្រាក់បញ្ញើមានកាលកំណត់ ឬក៏រយៈពេលណាមួយ ដែលមានរយៈពេល ៣ ខែ ៦ ខែ ៩ ខែ ឬក៏មួយឆ្នាំ។ ប៉ុន្តែគាត់ក៏ត្រូវការលុយមួយចំនួនដើម្បីចាយវាយប្រចាំថ្ងៃ ដូចជាបង់ថ្លៃផ្ទះ ទិញទំនិញជាដើម។ ធនាគារដឹងច្បាស់ ថា ត្រូវមានសាច់ប្រាក់ប៉ុន្មានដើម្បីបើកឱ្យអតិថិជននោះ។
លោកស្រី ជា សិរី បានពន្យល់ថា ប្រាក់បញ្ញើអតិថិជន គឺធនាគារយកទៅផ្ដល់កម្ចីដល់អតិថិជនដែលមានតម្រូវការ ហើយអតិថិជនទាំងនោះ មានតម្រូវការរយៈពេលវែង បើអ្នកទិញផ្ទះ គាត់ខ្ចីអាចរហូដល់ ២០ ឆ្នាំ។ ចំណែកអ្នកខ្ចីទៅពង្រីករោងចក្រអាច ៥ ឆ្នាំ ឬយូរជាងនេះ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះ បន្ថែមថា ធនាគារត្រូវធ្វើយ៉ាងម៉េចឱ្យពេលវេលានៃកាលកំណត់ការប្រាក់បញ្ញើ និងការខ្ចីឱ្យស្របគ្នា។
លោកស្រី ជា សិរីបញ្ជាក់ថា៖ «លោក សុខ គាត់ដាក់មួយឆ្នាំ អញ្ចឹងធនាគារឱ្យទៅលោក សៅរ៍ ខ្ចី លុះដល់ពេលវេលារបស់លោកសុខត្រូវដកលុយ គាត់យកលុយរបស់លោក ចន្ទ ដែលដាក់មោ មួយឆ្នាំក្រោយមក ឱ្យទៅលោកសុខ»។
លោកស្រី ជា សិរី ប្រាប់ថា ក្នុងរយៈពេលវែង ធនាគារតែងតែមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការបើកឱ្យអតិថិជនដាក់ប្រាក់បញ្ញើ ក៏ប៉ុន្តែក្នុងពេលដែលអតិថិជនសម្រុកដកលុយពីគ្រឹះស្ថានធនាគារទាំងអស់ក្នុងពេលតែមួយនឹងធ្វើឱ្យធនាគារខ្វះសាច់ប្រាក់បង្វិលសង ដោយសារលុយទាំងអស់នោះគាត់បានយកទៅផ្ដល់កម្ចីដែលមានរយៈពេលវែង។
លោកស្រី ជា សិរីថា៖ «លុយគាត់បង្វិលអត់ទាន់ មិនមែនគាត់អត់មានលុយសងទេ ក៏ប៉ុន្តែគាត់បង្វិលអត់ទាន់ ដោយសារលុយទាំងអស់នោះ គាត់បានផ្ដល់ទៅឱ្យអ្នកដែលខ្ចី ហើយអ្នកដែលខ្ចីនោះ គាត់ខ្ចីរយៈពេលវែង ដូច្នេះហើយប្រសិនបើទាំងអស់គ្នាមកទារប្រាក់ទាំងអស់ក្នុងពេលតែមួយ ធនាគារគាត់ក៏ត្រូវតែទារពីអ្នកដែលគាត់ឱ្យខ្ចីនោះទាំងអស់ក្នុងពេលតែមួយ ហើយយើងដឹងហើយ អ្នកធ្វើអាជីវកម្ម គឺគាត់គ្មានលទ្ធភាពសងត្រឡប់ទាំងអស់ក្នុងពេលតែមួយនោះទេ»។
លោកស្រី ជា សិរី បញ្ជាក់ថា បញ្ជាក់ថា៖ «ប្រសិនជាអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកដកប្រាក់ខ្លួនឯងទាំងអស់ក្នុងពេលតែមួយវាជារឿងធម្មតាទេដែលធនាគារមិនមានសាច់ប្រាក់ ផ្ដល់ទៅឱ្យអតិថិជនដាក់ប្រាក់បញ្ញើ»។
បើតាមទេសាភិបាលធនាគារជាតិ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តរឹងមាំដែលអតិថិជននៅបន្តប្រតិបត្តិការបានជាធម្មតា ដោយអំពាវនាវឱ្យអតិថិជនទុកពេលវេលាឱ្យធនាគារជាតិបន្តធ្វើការជាមួយធនាគារដែលពាក់ព័ន្ធ និងរកវិធីដោះស្រាយប្រាក់បញ្ញើអតិថិជនទាំងអស់៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


