Connect with us

ជីវិតកម្សាន្ដ

នាយក្រិន យំខ្សឹកខ្សួល ក្រោយទទួលដំណឹងមរណភាពឪពុកជាទីគោរពស្រលាញ់

បានផុស

នៅ

តារាកំប្លែងមាឌល្អិត នាយក្រិន យំខ្សឹកខ្សួល បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឪពុកជាទីគោរពស្រលាញ់ ដែលទើបតែត្រូវបានក្រុមគ្រួសារ និងអ្នកជិតស្និទ្ធសម្រេចចិត្តប្រាប់ឱ្យដឹង កាលពីថ្ងៃទី១៩ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រិមប្រិយ បានឱ្យដឹងថា កាលដែលទើបនឹងជូនដំណឹងនេះ ក៏ព្រោះតែបង្ការការប៉ះពាល់ដល់សុខភាពរបស់នាយក្រិន ដែលកំពុងទទួលបានការថែទាំយ៉ាងជិតស្និទ្ធពីក្រុមគ្រូពេទ្យ។ ទោះបីជាយ៉ាងណា លោកបានទទួលដំណឹងនេះដោយអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។

គួររំលឹកថា មុនពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងរាជធានីភ្នំពេញ ដំបូងឡើយ តារាកំប្លែងនាយក្រិន បានសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តបាត់ដំបង។ តាមការវាយតម្លៃដំបូង គ្រូពេទ្យបានកំណត់ថា លោកមានអាការៈរលាកត្រចៀកធ្ងន់ធ្ងរ និងមានមេរោគក្នុងឈាម ដែលបណ្ដាលឱ្យមានសភាពវង្វេងស្មារតី ដល់ថ្នាក់ស្គាល់មុខអ្នកនៅជុំវិញខ្លួន ប៉ុន្តែមិនអាចចងចាំឈ្មោះបាន។

ដោយសារស្ថានភាពមិនធម្មតានេះ លោក សាវិន ហ្វីលីព ដែលជាតារាសម្តែង និងជាអ្នកស្និទ្ធស្នាលរបស់នាយក្រិន បានសម្រេចចិត្តបញ្ជូនលោក មកបន្តព្យាបាលនៅមន្ទីរពេទ្យធំនៅភ្នំពេញតែម្តង។ ក្នុងដំណើរនៃការព្យាបាលនេះដែរ ក៏មានការជួយគាំទ្រយ៉ាងជិតស្និទ្ធពីអ្នកនាង ប្រិមប្រិយ ដែលជាអតីតដៃគូសិល្បៈកំប្លែងជាមួយលោកផងដែរ។ យ៉ាងណាមិញ ក្រោយពេលពិនិត្យលម្អិត បញ្ជាក់ថា នាយក្រិន មានជំងឺ រលាកស្រោមខួរក្បាល ដែលជាជំងឺធ្ងន់ធ្ងរមួយ តម្រូវឱ្យសម្រាកព្យាបាល និងតាមដានសុខភាពយ៉ាងម៉ត់ចត់ប្រមាណ ២សប្តាហ៍ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

តែជាអកុសល កំឡុងពេលនាយក្រិនស្ថិតនៅសភាពវង្វេងស្មារតីនៅឡើយ ពោលគឺទើបចូលសម្រាកព្យាបាលបានប្រមាណជា ២ថ្ងៃ ឪពុករបស់លោក បានលាចាកលោកដោយមិនបានជួបមុខគ្នាជាលើកចុងក្រោយ បន្សល់ត្រឹមក្តីអាឡោះអាល័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម