Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អង្វរអ៊ីរ៉ង់ សុំការអនុញ្ញាតឲ្យកប៉ាល់ដឹកទំនិញរបស់ខ្លួន ឆ្លងកាត់ច្រក Hormuz ដោយសុវត្ថិភាព

បានផុស

នៅ

ក្រោយពីការវាយប្រហាររបស់ឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់លើកប៉ាល់ដឹកទំនិញថៃឈ្មោះ Mayuree Naree នៅច្រក Hormuz ប្រទេសទាំងពីរបានបោះពាក្យសម្តីឌឺដងដាក់គ្នាយ៉ាងខ្លាំង ប៉ុន្តែឥឡូវរដ្ឋាភិបាលទីក្រុងបាងកក ប្រែជាបន្ទន់ឥរិយាបថ ដោយអង្វរឲ្យទីក្រុងតេហេរ៉ង់ បើកភ្លើងបៃតងដើម្បីអនុញ្ញាតឲ្យកប៉ាល់របស់ថៃ ធ្វើដំណើរឆ្លងកាត់ឆ្លងសមុទ្រដ៏សំខាន់នោះ ដោយសុវត្ថិភាព។

ច្រក Hormuz (រូប៖ Reuters)

តាមការផ្សាយរបស់ The Nation, ក្នុងជំនួបនៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បានជួបជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃ Nasereddin Heydari ដោយលោក Sihasak ទទូចសុំឲ្យកងនាវាចរអ៊ីរ៉ង់ ជួយដល់បេសកកម្មមនុស្សធម៌ និងអនុញ្ញាតឲ្យកប៉ាល់ពាណិជ្ជកម្មថៃ អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ហើយជួយមើលថែនាវិកថៃទាំង៣នាក់ ដែលជាប់ក្នុងកប៉ាល់ដែលរសាត់អណ្តែតចូលដែនទឹកអ៊ីរ៉ង់ផង។

ពាក់ព័ន្ធរឿងនេះ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់និយាយថា លោកបានរាយការណ៍ជូនរដ្ឋាភិបាលនៅរដ្ឋធានី តេហេរ៉ង់ រួចរាល់ហើយអំពីសំណើនេះ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងបាងកកលោក Nasereddin Heydari (ឆ្វេង) ជាមួយរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow (រូប៖ The Nation)

សូមជម្រាបជាថ្មី កាលពីថ្ងៃពុធទី១១ខែមីនា កប៉ាល់ដឹកទំនិញថៃ Mayuree Naree ក៏រងការវាយប្រហារដែរ អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ 

នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ។

អ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា ឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម