Connect with us

កីឡា

ក្រុមជើងឯក ឬជើងឯករងលីគ នឹងគ្មានសិទ្ធិ​លេងពាន AFC បើមិនបានបំពេញលក្ខខណ្ឌនេះ

បានផុស

នៅ

សហព័ន្ធបាល់ទាត់ កម្ពុជា បានកំណត់យកក្រុមជើងឯក (លេខ១) និងជើងឯករង (លេខ២) នៃលីគកំពូល កម្ពុជា សម្រាប់រដូវកាល ២០២៥-២៦ ជាក្រុមតំណាង កម្ពុជា ដើម្បីលេងពាន AFC Champions League Two រដូវកាល ២០២៦-២៧ ប៉ុន្តែមានលក្ខខណ្ឌមួយ ប្រសិនបើក្រុមទាំងនោះមិនបាន «បំពេញអាជ្ញាប័ណ្ណក្លិបទ្វីប អាស៊ី» ទេ នោះនឹងមិនអាចចូលលេងបានទេ ដោយនឹងផ្ទេរទៅឱ្យក្រុមផ្សេង ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរដូវកាល ២០២៦-២០២៧ ក្លិបក្នុងលីគកំពូល កម្ពុជា ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) ផ្តល់ជូន ១ កៅអីកន្លះ ដើម្បីចូលរួមប្រកួតក្នុងពានក្លិបអាស៊ីលំដាប់ទី ២ AFC Champions League Two។ យ៉ាងណាមិញ សហព័ន្ធបាល់ទាត់ កម្ពុជា បានកំណត់រួចរាល់ហើយ អំពីកៅអីក្រុមត្រូវចូលរួមប្រកួត ដោយក្រុមជើងឯកលីគទទួលបាន ១ កៅអី (ចូលប្រកួតក្នុងពូលស្វ័យប្រវត្តិ) និងក្រុមជើងឯករងទទួលបានកន្លះកៅអី (ប្រកួតជម្រុះ playoffs)។

ទោះបីជាយ៉ាងណា មានករណីមួយ ដែលក្រុមជើងឯក ឬជើងឯករងលីគ មិនអាចឡើងទៅលេងពានរបស់ AFC បាន ប្រសិនបើពួកគេមិនទទួលបាន «អាជ្ញាប័ណ្ណក្លិបទ្វីប អាស៊ី»។ នេះបើតាមកញ្ញាជា ស្រីលីស ប្រធានផ្នែកអាជ្ញាប័ណ្ណក្លិបនៃលីគកម្ពុជា ប្រាប់ «កម្ពុជាថ្មី»។ កញ្ញាបានឱ្យដឹង ថា ក្លិបទាំងអស់ចាំបាច់ត្រូវតែបំពេញអាជ្ញាប័ណ្ណក្លិបទ្វីប អាស៊ី ឱ្យបានត្រឹមត្រូវ ទើបអាចមានកៅអីចូលលេងពានរបស់ AFC បាន។

កញ្ញាបានបញ្ជាក់ ថា មិនមែនក្លិប ដែលទទួលបានជើងឯក ឬជើងឯករង សុទ្ធតែបានកៅអីចូលលេងពាន AFC នោះទេ គឺពួកគេត្រូវតែមានអាជ្ញាប័ណ្ណក្លិបទ្វីប អាស៊ី ជាមុនសិន។ ប្រការនេះ មានន័យ ថា ទោះបីជាក្រុមជើងឯក ឬ ជើងឯករងលីគក៏ដោយ បើគ្មានអាជ្ញាប័ណ្ណក្លិបទ្វីប អាស៊ី ទេ នោះកៅអីលេងពាន AFC នឹងត្រូវផ្ទេរទៅក្រុមនៅចំណាត់ថ្នាក់បន្ទាប់ ឬ ក្រុមម្ចាស់ពានសម្តេចតេជោ តាមការកំណត់របស់សហព័ន្ធបាល់ទាត់ កម្ពុជា។

តាមរយៈការលើកឡើងនេះ បានបង្ហាញ ថា អាជ្ញាប័ណ្ណក្លិបទ្វីប អាស៊ី ពិតជាសំខាន់សម្រាប់ក្លិបបាល់ទាត់អាជីពទាំងអស់។ បច្ចុប្បន្នក្រុមហ៊ុនលីគ កម្ពុជា (CPL) កំពុងតែមមារញឹកយ៉ាងខ្លាំង ក្នុងការចុះត្រួតពិនិត្យក្លិបបាល់ទាត់ទាំង ១១ របស់ កម្ពុជា ដើម្បីវាយតម្លៃផ្តល់អាជ្ញាប័ណ្ណក្លិបទ្វីប អាស៊ី។ ការប្រកាស ក្លិបទទួលបានអាជ្ញាប័ណ្ណក្លិបទ្វីប អាស៊ី នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម