Connect with us

សេដ្ឋកិច្ច

​ការ​សង​ត្រឡប់​យឺត​លើស​ពី ៩០ថ្ងៃ ​ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ កើន​ឡើង​ ៦,៤៦%​ តែ​អាចគ្រប់​គ្រង​បាន​

បានផុស

នៅ

​ការ​សង​ត្រឡប់​យឺតយ៉ាវ​របស់អតិថិជនក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុលើស​ពី​ ៩០ថ្ងៃ មាន​អត្រា​ ៦.៤៦% ​នៅ​ក្នុង​ឆ្នាំ​ ២០២៥ ​កើន​ពី​ ៦.០៣ ​នៅ​ឆ្នាំ ​២០២៤។​ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ ​ខេមបូឌា (CBC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​អឿ ​សុធារ័ត្ន ​ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ​ខេមបូឌា មានប្រសាសន៍ថា នៅក្នុងឆ្នាំ ២០២៥ ឥណទាន​ដែល​សង​យឺត​យ៉ាវ​លើស​ពី ​៩០ថ្ងៃ រាងអាក្រក់​បន្តិច​បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ប៉ុន្តែ​ស្ថិត​​ក្នុងលំហ​មួយ​ដែល​អាចគ្រប់គ្រង​បាន​។​

យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆ្នាំ ២០២៥ ​វិស័យធនាគារ ​និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ​បានផ្ដល់ឥណទានឱ្យទៅអតិថិជន​មានទំហំប្រមាណ ៦៣ ​ពាន់លានដុល្លារ កើនឡើង ៤,១% ប្រៀបធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីភាព​ធន់ ​ក្នុង​ចំណោមភាពមិនប្រាកដប្រជាសកល និងបញ្ហាប្រឈមក្នុងស្រុក។

​លោកស្រី ​ជា ​សិរី ​ទេសាភិបាលធនាគារជាតិ​នៃកម្ពុជា​ បានអះអាង​ថា ​ប្រព័ន្ធធនាគារ​នៅ​កម្ពុជា ​នៅ​តែ​មានភាពធន់ និងរឹងមាំព្រមទាំង​បន្តទទួលបានជំនឿទុកចិត្តពីសាធារណជន​ ទោះបីជាស្ថានភាព​សេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជា​។​

​លោកស្រី ​ជា សិរី ​បន្ថែមថា ភាពធន់ ​និង​រឹងមាំ​របស់​ធនាគារ​ ដោយសារស្ថានភាពរឹងមាំនៃដើមទុន និង​លទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ដោយឆ្នាំ ​២០២៥ ​ឥណទានដែលផ្តល់​ដោយ​ប្រព័ន្ធធនា​គារ​បន្តកើនឡើងសន្សឹមៗ ​ក្នុង​អត្រា ​៤.១% ​​ខ្ពស់​ជាង​ឆ្នាំ​ ២០២៤​ ដែល​រួម​ចំណែក​គាំទ្រ​ដោយ​កំណើន​តម្រូវ​ការទុន​របស់ ​SMEs ​ក្នុង​ការពង្រីកអាជីវកម្ម។ ​ចំណែក​ប្រាក់​បញ្ញើ​ក្នុង​ប្រព័ន្ធធនា​គារ​បាន​បន្ត​កើន​ឡើង​ល្អប្រសើរ​ ជាមួយ​នឹង​អត្រា​កំណើន​ ១៤.៧ភាគរយ។​

យោងតាមរបាយការណ៍របស់ធនាគារជាតិកម្ពុជា (NBC) នៅក្នុងឆ្នាំ ២០២៥ ប្រាក់កម្ចីឥណទានរបស់អតិថិជនបាន​កើនឡើងប្រមាណ​ ៤,១% ដល់ ៦៣ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើបានកើន ១៤,៧% ដល់ ៦៥,៧ ពាន់លានដុល្លារ ប្រៀបធៀបនឹងឆ្នាំ ២០២៤។

យោងតាម ​CBC ​គិតត្រឹមឆ្នាំ ​២០២៥ ​ប្រព័ន្ធធនាគារ ​និង​ហិរញ្ញវត្ថុនៅកម្ពុជា ​មានស្ថាប័ន​សរុបចំនួន ​១៩៦​ ក្នុង​នោះមាន​ធនាគា​ចំនួន ​៩១ ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ​៧១ ​ក្រុមហ៊ុនភតិសន្យា ​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​សរុបចំនួន​ ៣៤។​

​កម្ពុជា​មាន​ប្រជាពល​រដ្ឋ​ចំនួន ​៥,១៣ ​លាននាក់ ​កំពុងប្រើប្រាស់​កម្ចីឥណទាន​ពី​ប្រព័ន្ធ​ធនាគារ ​និង​ហិរញ្ញវត្ថុ ​​នៅក្នុងឆ្នាំ ២០២៥ ដែល​មាន​ទំហំ​ទឹក​ប្រាក់ប្រមាណ ​៦២ ​ពាន់លានដុល្លារ៕​

​អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម