ព័ត៌មានជាតិ
ឧកញ៉ា តែ តាំងប៉ ពន្យល់ពីផលិតផលនាំចូលពីបរទេសវៃស្លាកឈ្មោះខ្មែរ មានដំណើរការយ៉ាងណា?
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងវេទិកាសារព័ត៌មានក្រោមយុទ្ធនាការ «រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ» បានធ្វើការពន្យល់ពីផលិតផលខ្មែរដែលកំពុងចរាចរណ៍លក់នៅក្នុងស្រុក។
លោកបានបកស្រាយពន្យល់ពីផលិតផលក្នុងស្រុកចែកចេញជា ៣ ទម្រង់គឺផលិតផលក្នុងស្រុក ១០០% ដែលមានម៉ាកសញ្ញាខ្មែរ និងមានរោងចក្រផលិតនៅក្នុងស្រុកផ្ទាល់។ ទីពីរ ផលិតផលម៉ាកក្នុងស្រុកតែផលិតនៅក្រៅប្រទេស (OEM) ដែលនេះគឺជាផលិតផលដែលមានស្លាកសញ្ញាជាស្តង់ដារបស់ខ្មែរ ប៉ុន្តែជួលរោងចក្របរទេសឱ្យផលិត និងទី ៣ គឺផលិតផលម៉ាកបរទេសតែផលិតក្នុងស្រុកដូចករណីក្រុមហ៊ុនកូកាកូឡា (Coca-Cola) ដែលមកវិនិយោគ និងបង្កើតរោងចក្រផលិតផ្ទាល់នៅក្នុងប្រទេសកម្ពុជា។

ខណៈដែលពលរដ្ឋកម្ពុជានាំគ្នាធ្វើពហិការផលិតផលថៃ នាំឲ្យជោរជន់ផលិតផលជាច្រើនវៃស្លាកជាយីហោខ្មែរ លោកឧកញ៉ា តែ តាំងប៉ ទទួលស្គាល់ថា មានផលិតផលខ្មែរខ្លះបាននាំចូលពីក្រៅប្រទេស គឺដោយសារការរៀបចំរោងចក្រក្នុងស្រុកមិនទាន់ទាន់ពេលវេលា នៅពេលដែលមានការបិទព្រំដែន។
លោកថា និន្នាការនេះនឹងផ្លាស់ប្តូរ ខណៈការពឹងផ្អែកលើការនាំចូលផលិតផលម៉ាកខ្មែរពីក្រៅប្រទេស នាំឲ្យខាតប្រាក់ចំណេញដោយសារការជាប់ពន្ធ។
«ហេតុនេះហើយវាមិនមែនជារឿងយូរអង្វែងឡើយ។ ផលិតផលខ្មែរមួយចំនួនដែលមានរោងចក្រផលិតនៅក្រៅប្រទេស កំពុងឈានទៅដំណើរការខ្សែសង្វាក់ផលិតកម្មនៅក្នុងស្រុក ព្រមទាំងមានរោងចក្រជាច្រើនទៀតដែលនឹងលេចចេញជារូបរាងនាពេលអនាគត»។
លោកបានលើកឡើងផលិតផលត្រីខរបស់ខ្មែរមួយមានរោងចក្រផលិតនៅក្រៅប្រទេស ហើយនាំចូលមកចែកចាយក្នុងស្រុក ខណៈដែលក្រុមហ៊ុនកំពុងសាងសង់រោងចក្រផលិតនៅក្នុងខេត្តកោះកុង ដែលគ្រោងរួចរាល់ដាក់ឲ្យដំណើរការនៅពេលដ៏ខ្លីខាងមុខនេះ។
លោកឧកញ៉ាដែលធ្វើការដឹកនាំលើវិស័យសហគ្រាសខ្នាតតូច និងមធ្យមប្រមាណជាង ២០ ឆ្នាំ បានមើលឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ពលរដ្ឋ ដែលកាលពីមុនប្រជាជនកម្ពុជាច្រើនតែទិញទំនិញនាំចូលដោយមិនបានគិតច្រើន ប៉ុន្តែបច្ចុប្បន្ន ប្រជាជនមានឆន្ទៈនិងស្មារតីជាតិនិយមខ្ពស់ជាងមុន ដោយសារបញ្ហាបិទព្រំដែននិងកំហឹងទល់នឹងប្រទេសជិតខាង។
ជាក់ស្តែង ប្រជាជនខ្មែរបានចាប់ផ្តើមងាកចេញពីការប្រើប្រាស់សេវាកម្មបរទេសដូចជាស្ថានីយប្រេងឥន្ធនៈ ឬការទៅព្យាបាលជំងឺនៅក្រៅប្រទេស ដែលការផ្លាស់ប្តូរនេះបានជួយទប់ស្កាត់លុយរាប់រយលានមិនឱ្យហូរចេញទៅក្រៅប្រទេស។
បន្ថែមពីនេះ លោកសម្លឹងឃើញពីចក្ខុវិស័យការអភិវឌ្ឍន៍រោងចក្រនៅថ្ងៃអនាគត គឺការបង្កើនខ្សែច្រវាក់ផលិតកម្មក្នុងស្រុកសម្រាប់វិស័យនាំចេញ ដូចជារោងចក្រផលិតកង់នៅខេត្តស្វាយរៀង ដែលនាំចេញបានទឹកប្រាក់រាប់ពាន់លានដុល្លារ ខណៈកម្ពុជាទទួលបានត្រឹមតែថ្លៃពលកម្មប៉ុណ្ណោះ។ គោលដៅបន្ទាប់គឺត្រូវរៀបចំផលិតគ្រឿងបន្លាស់ដូចជាខ្ចៅខ្ចងឱ្យបានពី ៥០% ទៅ ៦០% នៅក្នុងស្រុក ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


