Connect with us

ព័ត៌មានជាតិ

ផ្លូវលំពីរខ្សែ​នៅក្នុងខេត្តបាត់ដំបងកំពុង​សាង​សង់​ ត្រឹ​មពាក់កណ្តាលឆ្នាំ ២០២៦ នឹង​ក្លាយ​ទៅជា​ផ្លូវកៅស៊ូនិងបេតុង

បានផុស

នៅ

ផ្លូវលំជនបទចំនួន​ពីរខ្សែ​នៅក្នុងខេត្តបាត់ដំបង បានកំពុងដំណើរការ​សាងសង់ដែលនៅពេលដ៏ខ្លីខាងមុខនេះ​នឹង​ប្រែក្លាយពីផ្លូវដីទៅជា​ផ្លូវកៅស៊ូនិង​បេតុង ដែល​នឹងចូលរួមលើកកម្ពស់សោភណភាពបរិស្ថាន​នៅទី​ជនបទ និង​​អាច​បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង​។

កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ​ចុះ​ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទចំនួន ២ ខ្សែ នៅក្នុងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែទី១៖ ឈ្មោះផ្លូវ NR.57B1-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់និងក្រាលបេតុងមានប្រវែងសរុប ៩,៩០៧គ.ម ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិរូងជ្រៃ ឃុំរូងជ្រៃ ទៅដល់ភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ផ្លូវនេះបានចាប់ផ្ដើម​បើកការដ្ឋាន​សាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលបច្ចុប្បន្ន​សម្រេចវឌ្ឍនភាពបាន​ប្រហែល ៥៧% ហើយគ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ ២០២៦។

ខ្សែទី២៖ ឈ្មោះផ្លូវ NR.57B-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់និងក្រាលបេតុងមានប្រវែងសរុប ១០,៤០៤គ.ម ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ទៅដល់ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល។ ផ្លូវនេះបានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះ​សម្រេចបានប្រហែល ៥៤% ហើយគ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ ។

ផ្លូវទាំងពីរខ្សែនេះ ត្រូវបាន​ស្ថាបនា​ប្រទាក់ក្រឡា​គ្នា​មានប្រវែងសរុបជាង ២០ គីឡូម៉ែត្រ ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់​ប្រជាជនចំនួនសរុប ៣ ៧៩៨ គ្រួសារ ស្មើនឹង ១៤ ៨៧២ នាក់ និងប្រយោលប្រមាណ ៦ ៦៤៧ គ្រួសារ ស្មើនឹង ៣៥ ២៣៤ នាក់។

បើតាមមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវទាំង ២ ខ្សែខាងលើនេះ អនុវត្ត​ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្រប​ខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)។

ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនា​ផ្លូវដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវ​សាងសង់​ដោយ​អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿនស្របតាមកិច្ចសន្យាការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម