Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ផ្តាំទៅលោក ត្រាំ ថា គួរឈប់ប្រើភាសា «ឱសានវាទ» ដាក់អ៊ីរ៉ង់ទៅ

បានផុស

នៅ

ដោយសារតែមើលឃើញថា លោក ដូណាល់ ត្រាំ ចូលចិត្តប្រើពាក្យគំរាមដាក់អ៊ីរ៉ង់ ធ្វើឲ្យសង្គ្រាមកាន់តែរីកធំទៅៗនោះ ស្រាប់តែពេលនេះ រុស្ស៊ីផ្តាំផ្ញើទៅប្រធានាធិបតីអាមេរិកថា គួរឈប់ប្រើភាសាឱសានវាទទៅ ហើយងាកមកចរចាគ្នាវិញ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូប៖ Reuters)

តាមការផ្សាយរបស់ TRT World នៅថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ Abbas Araghchi ដើម្បីពិភាក្សាគ្នាអំពីស្ថានការណ៍វិវឌ្ឍនៃសង្គ្រាមមជ្ឈិមបូព៌ា ដោយក្នុងនោះអ្នកការទូតកំពូលរុស្ស៊ីលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែងាកមកកាន់តុចរចា ហើយឈប់ប្រើពាក្យ «ឱសានវាទ» ទៅ។

ទន្ទឹមនោះដែរ បើតាមសម្តីលោក Lavrov, ភាគីរុស្ស៊ីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងដែលកំពុងអនុវត្តដោយរដ្ឋមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ីរ៉ង់ នឹងទទួលបានជោគជ័យ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov (រូប៖ Reuters)

ប្រតិកម្មរបស់ទីក្រុងមូស្គូកើតឡើង ក្រោយលោកត្រាំចេញឱសានវាទថ្មីទៀតហើយ ដល់​​​ភាគី​អ៊ីរ៉ង់​ឲ្យ​​​ទទួលយក​កិច្ច​​​ព្រមព្រៀង​​ជាបន្ទាន់​ មុន​ផុត​​ឱសានវាទ​ដែល​លោក​ផ្តល់​ជូន​​១០​ថ្ងៃ​។

លោកត្រាំបង្ហោះលើ Truth Social ​កាលពីថ្ងៃសៅរ៍ថា ​អ៊ីរ៉ង់​មានពេលតែ​​៤៨​ម៉ោង​ទៀត​ប៉ុណ្ណោះ​​ដើម្បី​​យល់​ព្រម​​​លើ​កិច្ច​ព្រម​ព្រៀង​ ឬ​ក៏ត្រូវ​​​បើក​ច្រក Hormuz។

​​​ក្នុងសំណេរ​ដើម​​​ លោក ត្រាំ ​សរសេរ​ថា៖ «​​សូម​ចងចាំ​ថា​ នៅពេល​​ខ្ញុំ​​​​ផ្តល់​​អ៊ីរ៉ង់​រយៈពេល​១០ថ្ងៃ​​ដើម្បី​យល់​ព្រម​​លើ​កិច្ច​ព្រម​ព្រៀង​ ឬ​​​​ក៏​ត្រូវ​បើក​ច្រក​​ហ័រមូស​​? ពេល​វេលា​​​ជិត​អស់ហើយ នៅសល់​តែ​​​៤៨​ម៉ោង​ទៀត​ទេ​ មុន​អ្វីៗ​​​ទម្លាក់​ពួក​គេ​ចុះ​ទៅ​ឋាន​នរក​​​»។

ក្រោយមកនៅថ្ងៃអាទិត្យ លោកត្រាំ គំរាមទៀតថា៖ «ថ្ងៃអង្គារនឹងក្លាយជាថ្ងៃរោងចក្រថាមពលនិងជាថ្ងៃស្ពាន ដែលរួមបញ្ចូលគ្នាតែមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ ជារឿងដែលមិនធ្លាប់មានពីមុនមកសោះ!!! បើកច្រកសមុទ្រហ្នឹងភ្លាម បើមិនអ៊ីចឹងទេ ពួកឯងនឹងរស់នៅក្នុងឋាននរកមិនខាន — ចាំតែមើលទៅ!»៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម