Connect with us

ព័ត៌មានជាតិ

ប្រធាន​រដ្ឋសភា​ថា ស្ត្រី​ត្រូវការ​ឱកាស​ និង​ការ​ផ្លាស់ប្ដូរ​នូវ​ផ្នត់​គំនិត​សង្គម​ដើម្បី​បង្ហាញ​សមត្ថភាព​ពេញ​លេញ​របស់​ខ្លួន

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​ស្ត្រី​មាន​សក្ដានុពល​របស់​ខ្លួន​ក្នុង​ការ​បំពេញ​ការងារ តែ​ក៏​ត្រូវ​ការ​នូវ​ឱកាស​ និង​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​សង្គម​ចំពោះ​ពួកគេ​ផង​ដែរ​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្ដេច​ប្រធាន​សភា​ក្នុង​ឱកាស​ជំនួប​ជម្រាប​លា​របស់​ឯកអគ្គរដ្ឋទូត​តួកគី​ប្រចាំ​កម្ពុជា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២៦​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឱ្យ​ដឹង​ពី​នាយខុទ្ធការល័យ និង​ជា​អ្នក​នាំពាក្យ​សម្ដេច​សភាធិបតី លោក កែវ ពិសិដ្ឋ បាន​ឱ្យដឹង​ថា​ក្នុង​ជំនួប​នៅ​វិមាន​រដ្ឋសភាព្រឹកនេះ​ សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា ទាំង​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​ជំរុញ​ការងារ​យេនឌ័រ​ជា​ខ្លាំង​ដើម្បី​ធានា​ថា​ស្ត្រី​គ្រប់​រូប​ទទួល​បាន​ឱកាស​ចូលរួម​ចំណែក​វិស័យ​ផ្សេង​ៗ​នៅ​កម្ពុជា​ជា​ពិសេស​គឺ​ការ​ធ្វើ​នយោបាយ និង​ការ​សម្រេច​ចិត្ត។

សម្ដេច​បញ្ចាក់​ថា៖ «ស្ត្រី​ត្រូវ​ការ​តែ​ឱកាស និង​ការ​ផ្លាស់​ប្ដូរ​នូវ​ផ្នត់​គំនិត​សង្គម​ប៉ុណ្ណោះ​គឺ​ស្ត្រី​អាច​ធ្វើ​ការ​ងារ​ដូច​ជា​បុរស​ផងដែរ​។ អ្វីដែល​បុរស​ធ្វើ​បាន​ គឺ​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដែរ ហើយ​ការងារ​ខ្លះ​ល្អ​ជា​ង​បុរស​ផង»

សម្ដេច​ក៏​បន្ថែម​ផង​ដែរ​ថា​ក្នុង​សភា​ក៏​មាន​កម្មវិធី​ ស្ត្រី​ឆ្ពោះ​ទៅ​ភាព​ជា​អ្នក​ដឹក​នាំ ដែល​ផ្ដល់​នូវ​បទ​ពិសោធន៍​ផ្ទាល់​របស់​ថ្នាក់​ដឹក​នាំ​នយោបាយ​ជា​ស្ត្រី​ដល់​ស្ត្រី​និង​ក្មេង​ស្រី​ក្នុង​វេទិកា​សាធារណៈ​ផង​ដែរ​។

​​​​​​​​​​​​​​ឯកអគ្គរដ្ឋទូត​តួកគី​ដែល​ចប់​អាណត្តិ​នៅ​កម្ពុជា​លោកស្រី អ៊ុលឃូ ខូខាអ៊ីវ ( Ülkü Kocaefe) បាន​កោត​សរសើរ​ចំពោះ​ភាព​ជា​អ្នក​ដឹក​នាំ​របស់​សម្ដេច​សភា​ធិបតី​ដោយ​ថា​មិន​ត្រឹម​ជា​គំរូ​សម្រាប់​ស្ត្រី​កម្ពុជា​ប៉ុណ្ណោះ​ទេ​ តែ​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទៅ​ផងដែរ​។ លោកស្រី​បន្ថែម​ថា តួគី​នៅ​តែ​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ ពិសេស​ក៏​នឹង​ពង្រឹង​ទំនាក់ទំនង​ពហុភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ផងដែរ​។

ទំនាក់​ទំនង​តួកគី​និង​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ទំនាក់​ទំនង​រីក​ចម្រើន​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩ បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ និង​បាន​បន្ត​ពង្រឹង​បន្ថែម​ដោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​។ ប្រទេស​នេះ​តែង​តែ​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរន៍ អប់រំ សុខាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ ខណៈ​ប្រធាន​សភា​កម្ពុជា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា តួកគី​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​កម្ពុជា​លើ​វិស័យ​អប់រំ បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ជា​សំខាន់​បន្ថែម​ទៀត​ផងដែរ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម