ព័ត៌មានអន្ដរជាតិ
ការផ្គត់ផ្គង់ប្រេងយន្តហោះអន្តរជាតិ អាចប្រើពេលរាប់ខែ ដើម្បីដូចដើមវិញ ក្រោយបើកច្រកហ័រមូហ្ស
សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្រមានកាលពីថ្ងៃពុធ (៨ មេសា) ថា ទោះបីជាអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូហ្សឡើងវិញក្ដី ក៏វាត្រូវចំណាយពេលច្រើនខែដែរ ដើម្បីឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះវិលត្រឡប់ទៅដូចដើមវិញ ដោយសារតែផលប៉ះពាល់លើកន្លែងចម្រាញ់ប្រេងនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការព្រមានបែបនេះ ធ្វើឡើងក្រោយតម្លៃប្រេងអន្តរជាតិសំខាន់ៗបានធ្លាក់ចុះក្រោយ ១០០ ដុល្លារ/បារ៉ែល បន្ទាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់ជាមួយអ៊ីរ៉ង់រយៈពេល ២ សប្ដាហ៍ ហើយអ៊ីរ៉ង់យល់ព្រមបើកច្រកហ័រមូហ្សឡើងវិញតាមលក្ខខណ្ឌរបស់ខ្លួន។ ច្រកហ័រមូហ្សដែលជាផ្លូវដឹកជញ្ជូនប្រេងកាត និងឧស្ម័នធម្មជាតិ ១/៥ នៃតម្រូវការពិភពលោកប្រចាំថ្ងៃ ត្រូវបានបិទស្ទើរទាំងស្រុង ក្រោយជម្លោះផ្ទុះឡើងនៅចុងខែកុម្ភៈ។
លោក Willie Walsh អគ្គនាយក IATA បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសសិង្ហបុរីថា លោករំពឹងពីការធ្លាក់ចុះនៃតម្លៃប្រេងឆៅ ប៉ុន្តែតម្លៃប្រេងយន្តហោះទំនងជានៅតែខ្ពស់បន្តិច ដោយសារតែផលប៉ះពាល់លើរោងចក្រចម្រាញ់ប្រេង។
លោក Walsh បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើវា(ហ័រមូហ្ស)បើកដំណើរការឡើងវិញ ខ្ញុំគិតថាវានៅតែត្រូវការរយៈពេលជាច្រើនខែដើម្បីត្រឡប់ទៅរកការផ្គត់ផ្គង់ដូចដើមវិញ ដោយសារតែការរំខានដល់សមត្ថភាពចម្រាញ់ប្រេងនៅមជ្ឈិមបូព៌ា ដែលជាផ្នែកសំខាន់មួយនៃការផ្គត់ផ្គង់ផលិតផលចម្រាញ់ជាសកល មិនមែនគ្រាន់តែប្រេងឥន្ធនៈយន្តហោះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ផលិតផលប្រេងផ្សេងទៀតផងដែរ»។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងទ្វីបអាស៊ីបានកាត់បន្ថយជើងហោះហើរ ដំឡើងថ្លៃសំបុត្រ បង្កើនស្ដុកប្រេងមុនហោះហើរ និងបន្ថែមចំណតចាក់ប្រេងឥន្ធនៈ ចំពេលជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យការផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះកាន់តែតឹងតែង ដែលបន្ថែមសម្ពាធទៅលើឧស្សាហកម្មអាកាសចរណ៍ដែលរងផលប៉ះពាល់រួចហើយដោយកំណើនតម្លៃប្រេងយន្តហោះ។
ផលប៉ះពាល់លើវិស័យអាកាសចរណ៍ធ្ងន់ធ្ងរបំផុតនៅបណ្ដាប្រទេសដែលពឹងផ្អែកលើការនាំចូលប្រេងយន្តហោះដូចជាវៀតណាម មីយ៉ាន់ម៉ា និងប៉ាគីស្ថានជាដើម ក្រោយចិន និងថៃ បានបញ្ឈប់ការនាំចេញប្រេងឥន្ធនៈយន្តហោះ។
មែនទែនទៅជម្លោះមជ្ឈិមបូព៌ា មិនត្រឹមតែបង្កការគំរាមកំហែងសម្រាប់ប្រេងយន្តហោះប៉ុណ្ណោះទេ តែក៏សម្រាប់ថាមពលទូទៅផងដែរ។ កាលពីចុងខែមីនា ប្រធានភ្នាក់ងារថាមពលអន្តរជាតិលោក Fatih Birol បានព្រមានថា ពិភពលោកអាចប្រឈមមុខនឹងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្ត ហើយលំហូរប្រេង និងឧស្ម័នធម្មជាតិចេញពីកន្លែងមួយចំនួននៃតំបន់ឈូងសមុទ្រពែរ្សអាចចំណាយពេលយ៉ាងហោចណាស់ ៦ ខែ ឬកន្លះឆ្នាំ ដើម្បីបើកប្រតិបត្តិការឡើងវិញ ខណៈហេដ្ឋារចនាសម្ព័ន្ធថាមពលទូទាំងតំបន់រងការវាយប្រហារពីអ៊ីរ៉ង់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


