Connect with us

ព័ត៌មានជាតិ

រយៈពេល ២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តបាត់ដំបងមានការថយចុះភ្ញៀវទេសចរដោយសារកត្តាមួយចំនួន

បានផុស

នៅ

ក្នុងរយៈពេល ២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំដែលជាប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបង ជាហូរហែផងដែរ ប៉ុន្តែបើសរុបតួលេខរយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ស្ថិតិភ្ញៀវមានការថយចុះជាងឆ្នាំមុនដែលមន្ទីរជំនាញបានសន្និដ្ឋានថា អាចបណ្ដាលមកពីកត្តាមួយចំនួន បានជាធ្វើឲ្យតួលេខភ្ញៀវជាតិ និងអន្តរជាតិមានការថយចុះបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តបាត់ដំបង ដែលបញ្ជាក់ដោយលោក អ៊ុច អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍បានលើកឡើងថា នៅថ្ងៃទី០១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ភ្ញៀវទេសចរដែលចូលមកកំសាន្តតាមបណ្ដារមណីយដ្ឋាននានា និងសង្ក្រាន្តបាត់ដំបង សរុប ២៣៩,៤៣៩នាក់ ថយចុះ ៤១.១៤% បើប្រៀបធៀបនឹងឆ្នាំ២០២៥។ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ២៣៨,៩៩៦ នាក់ ថយចុះ -៤១.១៤% ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៤៣ នាក់ ថយចុះ -៤៣.២១%។

លោកប្រធានមន្ទីរបានបន្ថែមថា ភ្ញៀវទស្សនាកម្សាន្តក្នុងព្រឹត្តការណ៍សង្ក្រាន្តបាត់ដំបង សរុប ៩៦,១៩០ នាក់ ក្នុងនោះ
ភ្ញៀវជាតិ ៩៥,៩៩៥ នាក់ ភ្ញៀវអន្តរជាតិ ១៩៥ នាក់។ ដោយឡែកភ្ញៀវទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង សរុប ១៤៣,២៤៩ នាក់ ក្នុងនោះភ្ញៀវជាតិ ១៤៣,០០១ នាក់ ភ្ញៀវអន្តរជាតិ ២៤៨ នាក់។

សម្រាប់ស្ថិតិភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបង នៅថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ គឺភ្ញៀវទេសចរសរុប ៤២៣,៥៨០ នាក់ ថយចុះ -៣៦.០៥% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ ភ្ញៀវទេសចរជាតិ ៤២២,៩៦០ នាក់ ថយចុះ -៣៦.០៥%។ ភ្ញៀវទេសចរអន្តរជាតិ ៦២០ នាក់ ថយចុះ-៣៥.២១%។

សម្រាប់ភ្ញៀវទស្សនាកម្សាន្តក្នុងព្រឹត្តការណ៍សង្ក្រាន្តបាត់ដំបង និងក្នុងក្រុងបាត់ដំបង សរុប ១១៧,៨៤៥ នាក់ ក្នុងនោះ
ភ្ញៀវជាតិ ១១៧,៥៨០ នាក់ ភ្ញៀវអន្តរជាតិ ២៦៥ នាក់ រីឯភ្ញៀវទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង សរុប ៣០៥,៧៣៥ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៣០៥,៣៨០ នាក់ ភ្ញៀវអន្តរជាតិ ៣៥៥ នាក់។

នៅក្នុងបញ្ហានៃការថយចុះទាំងភ្ញៀវជាតិ និងអន្តរជាតិ លោកប្រធានមន្ទីរបានធ្វើការសន្និដ្ឋានថា អាចបណ្ដាលមកពីកត្តា ៣ យ៉ាង គឺទី ១ បច្ចុប្បន្នស្ថានភាពទឹកនៅតាមតំបន់រមណីយដ្ឋានមានការថយចុះច្រើន ទី ២ គឺបណ្ដាលមកពីអាកាសធាតុក្តៅខ្លាំងធ្វើឱ្យភ្ញៀវទេសចរមានការរាថយទៅនឹងកំដៅ និងទី ៣ អាចបណ្ដាលមកពី សាំង និងម៉ាស៊ូតឡើងថ្លៃខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម