ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានសរសេរលើបណ្ដាញសង្គមរបស់លោកនៅថ្ងៃទី១៧ ខែមេសា នេះដោយបានរម្លឹកពីការងាររបស់លោកជាប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ព្រមទាំងរម្លឹកផងដែរប្រវត្តិសាស្ត្រដែលខ្មែរក្រហមឡើងកាន់អំណាច ការផ្ដួលរំលំរបបឃោឃៅនេះ និងដំណើរការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា «យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍»។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ ចំខួប៥១ឆ្នាំនៃការឡើងមកកាន់អំណាចរបស់ខ្មែរក្រហម លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសរសេរថាថ្ងៃនេះជា «ខួបប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា» និងជាថ្ងៃឈឺចាប់របស់ប្រជាជាតិខ្មែរទាំងមូល។ លោកបានបន្ថែមថា ការរំដោះប្រទេសចេញពីរបបខ្មៅងងឹតនេះដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម គឺជារបត់ប្រវត្តិសាស្ត្រដែលសង្គ្រោះជីវិតពលរដ្ឋខ្មែរ បន្ថែមលើនេះការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដោយសម្ដេចតេជោ ហ៊ុន សែន បានបំផ្លាញចោលទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម នាំមកសុខសន្ដិភាពពេញលេញជូនជាតិនិងប្រជាជន។
យ៉ាងណាក្ដីដំណើរការនេះមិនទាន់ចប់ត្រឹមនេះទេ ដោយលោក នេត្រ ភក្ត្រា បានបន្ថែមថា ការស្វែងរកយុត្តិធម៌ជូនប្រជាជនខ្មែរក៏ជាជំហានដ៏សំខាន់មួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។
លោកថា៖ «ការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលជាគំនិតផ្តួចផ្តួចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាជំហានដ៏សំខាន់មួយក្នុងការស្វែងរក និងនាំមកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សាហាវបែបនេះ មិនត្រូវអនុញ្ញាតឱ្យកើតឡើងម្តងទៀតឡើយ។ យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍»។

លោក នេត្រ ភក្ត្រា បានកត់សម្គាល់ពីតួនាទីសម្ដេចតេជោផងដែរ ដោយថាសម្ដេចគឺជាតួអង្គសំខាន់ក្នុងការរំដោះប្រទេស នាំយកសន្ដិភាព និងយុត្តិធម៌ជូនជនរងគ្រោះពីររបបខ្មែរក្រហម។
គួររម្លឹកផងដែរថា ខ្មែរក្រហមបានចូលកាន់កាប់អំណាចទាំងស្រុកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលរបបសាធារណរដ្ឋដួលរលំចុងក្រោយ។ បន្ទាប់ពីកាន់អំណាចមេដឹកនាំខ្មែរក្រហមប្រើប្រាស់ការកាប់សម្លាប់មន្ត្រី នគរបាល ទាហាន បញ្ញវន្ត របបចាស់ៗចោល បង្កើតរបបថ្មីមួយដែលពោរពេញដោយការភ័យខ្លាច ការកាប់សម្លាប់ និងអត់ឃ្លាន។ ក្នុងរយៈពេលជិត៤ឆ្នាំនៃរបបខ្មែរក្រហមមនុស្សជាង២លាននាក់ត្រូវបានបាត់បង់ជីវិត និងរងផលប៉ះពាល់ពាល់ផ្លូវចិត្តរាប់សិបលាននាក់ផ្សេងទៀត។
សាលាក្ដីខ្មែរក្រហមមួយត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដើម្បីស្វែងរកយុត្តិធម៌ ក៏ដូចជាការព្យាបាលរបួសផ្លូវចិត្តដល់ពលរដ្ឋខ្មែរ។ មានមេដឹកនាំខ្មែរក្រហម៣នាក់ត្រូវបានកាត់ទោស ក្នុងនោះ មេគុកស២១ កាំង ហ្គេចអៀវ ហៅឌុច កាត់ទោសឆ្នាំ២០១២ ស្លាប់នៅឆ្នាំ២០២០ ប្រធានសភាប្រជាជន នួន ជា កាត់ទោសឆ្នាំ២០១៨ ស្លាប់ឆ្នាំ២០១៩ ខណៈដែលគណៈប្រធានរដ្ឋខ្មែរក្រហម ខៀវ សំផន កំពុងអនុវត្តទោសពន្ធនាគារនៅពន្ធនាគារខេត្តកណ្ដាលក្នុងអាយុ៩៥ឆ្នាំ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


