ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ចំណូលពីភ្ញៀវទេសចរកើនឡើងជាង ២០០ លានដុល្លារ ចាក់ចូលទៅក្នុងផលិតផលក្នុងស្រុកសរុប
ឆ្នាំ ២០២៥ ទោះបីជាបរិមាណភ្ញៀវទេសចរមកកម្សាន្តប្រទេសកម្ពុជាមានការថយចុះក៏ពិតមែន ប៉ុន្តែចំណូលសរុបពីវិស័យទេសចរណ៍ដែលបានចាក់បញ្ចូលទៅក្នុងផលិតផលក្នុងស្រុកសរុប (GDP) មានចំនួន ៣.៨៧៨ លានដុល្លារពោលគឺកើនឡើង ៦,៦%។
ចំនួនភ្ញៀវទេសចរអន្តរជាតិមកប្រទេសកម្ពុជា ត្រូវបានប៉ាន់ប្រមាណមានចំនួន ៥,៥៧ លាននាក់ ថយចុះ ១៦,៧% បើធៀបនឹងឆ្នាំ ២០២៤។
ទាក់ទងនឹងចម្ងល់ដែលថា ហេតុអ្វីបរិមាណភ្ញៀវទេសចរថយចុះតែចំណូលកើនឡើង តួលេខចំណូលនេះត្រូវបានបញ្ជាក់ទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាផ្ទាល់។ នេះបើតាមលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសរណ៍។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសូចនាករទេសចរណ៍ឆ្នាំ ២០២៥ និងការព្យាករណ៍ស្ថិតិទេសចរណ៍ឆ្នាំ ២០២៦ កាលពីម្សិលមិញនេះ លោក ហួត ហាត់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា មូលហេតុចម្បងគឺដោយសារតែកម្ពុជាទទួលបានភ្ញៀវទេសចរកម្រិតខ្ពស់ (High-end tourists) ច្រើន ដែលពួកគេមានលទ្ធភាពចំណាយខ្ពស់ បើប្រៀបធៀបទៅនឹងភ្ញៀវទេសចរកម្រិតទាប ឬភ្ញៀវដែលចំណាយតិច ដូច្នេះទោះបីជាចំនួនភ្ញៀវសរុបថយចុះក៏កម្រិតនៃការចំណាយរបស់ភ្ញៀវជាន់ខ្ពស់ទាំងនោះ អាចជួយជំរុញឲ្យចំណូលកើនឡើងជាង ២០០ ទៅ ២៥០ លានដុល្លារ។

ដោយឡែកពាក់ព័ន្ធការព្យាករណ៍ភ្ញៀវទេសចរមកកម្សាន្តប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៦ នេះ លោករដ្ឋមន្រ្តីបានថ្លែងថា អ្នកជំនាញបានធ្វើការប៉ាន់ស្មានដោយផ្អែកលើមូលដ្ឋានជាក់ស្តែង និងបានបែងចែកជា ៣ ករណី។ ករណីទី១ ប្រសិនបើវិបត្តិនិងបញ្ហាប្រឈមនានានៅតែបន្តអូសបន្លាយ ចំនួនភ្ញៀវទេសចរអាចស្ថិតក្នុងរង្វង់ ៤,៦ ទៅ ៤,៨ លាននាក់។
ករណីទី២ ប្រសិនបើស្ថានភាពព្រំដែននៅមិនទាន់បានធូរស្បើយពេញលេញ ចំនួនភ្ញៀវអាចមានចន្លោះពី ៥,៣ ទៅ ៥,៥ លាននាក់។ ករណីទី ៣ ប្រសិនបើស្ថានភាពអ្វីៗត្រឡប់មកល្អប្រសើរឡើងវិញទាំងស្រុង កម្ពុជាអាចរំពឹងទទួលបានភ្ញៀវចន្លោះពី ៦,១ ទៅ ៦,៣ លាននាក់។


នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសូចនាករទេសចរណ៍ឆ្នាំ ២០២៥ និងការព្យាករណ៍ស្ថិតិទេសចរណ៍ លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ បានបង្ហាញពីវិធីសាស្ត្រក្នុងការរាប់ និងប្រមូលទិន្នន័យចំនួនភ្ញៀវទេសចរ ដែលត្រូវបានអនុវត្តតាមលក្ខខណៈវិទ្យាសាស្ត្រ និងស្របតាមប្រព័ន្ធស្តង់ដារបច្ចេកទេសនៃអង្គការទេសចរណ៍ពិភពលោក។
លោកថា ការរាប់ចំនួនភ្ញៀវទេសចរមិនមែនធ្វើឡើងតែមួយផ្លូវនោះទេ ប៉ុន្តែប្រើប្រាស់វិធីសាស្ត្រចម្រុះមានដូចជាការធ្វើជំរឿនដោយការរាប់ចំនួនសរុបជាក់ស្តែង រួមទាំងការអង្កេតតាមដាន និងវាយតម្លៃលើសកម្មភាពទេសចរណ៍ជាក់ស្តែង។
លោកបានលើកឡើងពីប្រភពទិន្នន័យសម្រាប់ដំណើរការនៃការរាប់គឺក្រសួងទេសចរណ៍ប្រមូលទិន្នន័យពីប្រភពសំខាន់ៗចំនួន ៣៖ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់រាប់ចំនួនភ្ញៀវទេសចរអន្តរជាតិដែលចូលតាមច្រកទ្វារអន្តរជាតិ និងច្រកព្រំដែន។
មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ សម្រាប់រាប់ចំនួនភ្ញៀវទេសចរផ្ទៃក្នុង (ភ្ញៀវជាតិដើរក្នុងស្រុក) និងមូលដ្ឋានអាជីវកម្មទេសចរណ៍សម្រាប់ប្រមូលទិន្នន័យពីសណ្ឋាគារ ផ្ទះសំណាក់ និងសេវាកម្មស្នាក់នៅផ្សេងៗ។
លោកបន្តថា បច្ចុប្បន្នកម្ពុជាកំពុងវិវត្តទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីប្រមូលទិន្នន័យនៅតាមគោលដៅទេសចរណ៍ រួមទាំងការចងក្រងនិងផ្ទៀងផ្ទាត់ទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីធានាបាននូវភាពរហ័ស និងសុក្រឹតភាព។
បើតាមលោក គង់ សុភារក្ស វិធីសាស្ត្រទាំងនេះជួយឱ្យរាជរដ្ឋាភិបាល អាចតាមដាននិន្នាការនៃការផ្លាស់ប្តូររបស់ភ្ញៀវ ដូចជាការប្តូរពីការធ្វើដំណើរតាមផ្លូវអាកាស មកផ្លូវគោកវិញជាដើម ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ឱ្យចំគោលដៅ៕
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


