ព័ត៌មានជាតិ
ច្រកចេញចូលតែមួយរាជធានីខេត្ត រកចំណូលបានខ្ទង់១២លានដុល្លារ ក្នុងពេល៤ខែឆ្នាំនេះ
ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ រដ្ឋទទួលបានចំណូលប្រមាណ១២លានដុល្លារអាម៉េរិក ពីយន្តការអង្គភាពច្រកចេញចូលតែមួយរបស់រាជធានី-ខេត្ត នៅទូទាំងប្រទេស តាមរយៈការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋជាង២៧ម៉ឺនសេវា។

តាមរបាយការណ៍រអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ដោយគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ដោយទទួលបានចំណូលសរុបចំនួន ៤៨.៤៥៨.០៣៩.៤៣០រៀល ស្មើនឹង ១២.១១៤.៥០៩,៨៥ដុល្លារអាម៉េរិក។
របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវានោះ វិស័យផ្តល់ច្រើនជាងគេ គឺវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មាន៨៨.៤៣៨សេវា បន្ទាប់មក គឺវិស័យសាធារណការ និងដឹកជញ្ជូន មាន៨៧.១៩៨សេវា ខណៈសេវាស្នើសុំតិចជាងគេ គឺវិស័យពាណិជ្ជកម្ម ផ្តល់បាន២សេវា។

របាយការណ៍ ក៏បានបញ្ជាក់ពីការពង្រីកការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ដោយជំរុញការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅតាមបណ្តាខេត្តគោលដៅចំនួន១២ រួមមាន វិស័យទេសចរណ៍ វប្បធម៌ និងវិចិត្រសិល្បៈ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានចំណូលសរុបចំនួន ៥៤.៤៥០.០០០រៀល។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត។ សេវានេះ ក៏អាចស្នើសុំតាមប្រតិបត្តិការជាមួយអេប(APP)គណនីធនាគារបានដែរ។

ការធ្វើទំនើបកម្មនេះ គឺសំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវារដ្ឋបាលឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធីនៃយន្តការច្រកចេញចូលតែមួយ។
លោក ស សុខា ចាត់ទុកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ជាសមិទ្ធផលយុទ្ធសាស្ត្រថ្មីមួយទៀត ដើរតាមលំនាំថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចបាននូវរដ្ឋាភិបាលឌីជីថលពេញលក្ខណៈ។
ជាការកត់សម្គាល់ ជោគជ័យនៃយន្តការច្រកចេញចូលតែមួយ និងការធ្វើទំនើបកម្មសេវាសាធារណតាមប្រព័ន្ធឌីជីថលនេះ បានក្លាយជាគំរូដ៏ទាក់ទាញសម្រាប់តំបន់ ដែលក្នុងនោះប្រទេសទីម័រឡេស្តេ បានកំពុងដកស្រង់បទពិសោធជាក់ស្តែងពីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


