Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជូន​​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ទៅ​​បេឡារុស សម្រាប់​លំហាត់សមយុទ្ធ​​​

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី ២១ ខែឧសភា ថា ប្រទេសរុស្ស៊ីបានដឹកជញ្ជូនគ្រាប់រំសេវ​នុយក្លេអ៊ែរ ទៅកាន់ទីតាំងស្តុកទុកបណ្តោះអាសន្ន​ក្នុងប្រទេសបេឡារុស ដែលនេះជាផ្នែកមួយនៃសមយុទ្ធនុយក្លេអ៊ែរដ៏ធំមួយ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់ថា «ជាផ្នែកមួយនៃសមយុទ្ធកងកម្លាំងនុយក្លេអ៊ែរ គ្រាប់រំសេវនុយក្លេអ៊ែរត្រូវបាន​ដឹក​ជញ្ជូនទៅកាន់ទីតាំងស្តុកទុកបណ្តោះអាសន្ននៅលើសមរភូមិ នៃតំបន់ឈរជើងរបស់កងពលតូចមីស៊ីល នៅក្នុងសាធារណរដ្ឋបេឡារុស»។

ភាគីរុស្ស៊ី ក៏បានឲ្យដឹងទៀតថា កងឯកភាពមីស៊ីលនៅក្នុងប្រទេសបេឡារុស កំពុងធ្វើការហ្វឹកហាត់ដើម្បីទទួលយកគ្រាប់រំសេវពិសេសសម្រាប់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រចល័ត Iskander-M រួមទាំងការផ្ទុកគ្រាប់រំសេវទៅលើយានយន្តបាញ់បង្ហោះ និងការចល័តទ័ពដោយសម្ងាត់ទៅកាន់តំបន់ដែលបានកំណត់ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបាញ់បង្ហោះ។

ចំពោះសមយុទ្ធនុយក្លេអ៊ែររយៈពេល៣ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃអង្គារ និងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេសរុស្ស៊ី រួមទាំងបេឡារុសនេះ បានកើតឡើងចំពេលដែលទីក្រុងម៉ូស្គូកំពុងជាប់គាំងនៅក្នុងអ្វីដែលខ្លួនហៅថាជា ការតស៊ូដ៏សំខាន់ដើម្បីរស់រានមានជីវិតជាមួយបណ្តាប្រទេសលោកខាងលិច ជុំវិញបញ្ហាវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។

ជាក់ស្ដែង ដោយសារឆ្លងកាត់តាមរយៈសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន តែងតែរំលឹកដដែលៗអំពីអំណាចនុយក្លេអ៊ែររបស់រុស្ស៊ី ដើម្បីជាការព្រមានដល់ប្រទេសលោកខាងលិច កុំឲ្យលូកដៃចូលជ្រៅពេកក្នុងការគាំទ្រទីក្រុងកៀវ។

ដោយឡែក កាលពីថ្ងៃពុធម្សិលមិញនេះ វិមានក្រឹមឡាំងបានវាយបក និងរិះគន់ធ្ងន់ៗលើសម្តីរបស់ប្រមុខការទូតកំពូលនៃប្រទេសលីទុយអានី ថា «ជិតឆ្កួតទៅហើយ» បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Kestutis Budrys បានថ្លែងថា អង្គការណាតូចាំបាច់ត្រូវបង្ហាញឲ្យទីក្រុងម៉ូស្គូឃើញថា ខ្លួនមានសមត្ថភាពអាចវាយទម្លាយចូលទៅក្នុងតំបន់ដាច់ស្រយាល Kaliningrad របស់រុស្ស៊ីបាន។

សូមបញ្ជាក់ដែរថា សមយុទ្ធនិងការបញ្ជូនគ្រាប់នុយក្លេអ៊ែរនាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការព្រមានជាបន្តបន្ទាប់ពីបណ្តាប្រទេសលោកខាងលិច និងណាតូ ដែលបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធវែងៗរបស់ខ្លួន ដើម្បីវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី។ ទីក្រុងម៉ូស្គូចាត់ទុកទង្វើនេះជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ប្រេសិត​អាមេរិក​ប្រចាំកោះ Greenland ជំរុញឲ្យ​ពង្រីកឥទ្ធិពល និងបង្កើន​វត្តមានយោធាឡើងវិញ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម