Connect with us

ព័ត៌មានជាតិ

ក្លិនស្អុយឆ្អេះឆ្អាបក្រោមស្ពានអាកាសដីហុយ បង្កក្តីបារម្ភដល់សុខភាព ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរចាត់វិធានការ

បានផុស

នៅ

ប្រជាពលរដ្ឋដែលរស់នៅក្បែរក្រោមស្ពានអាកាសដីហុយ និងអ្នកដែលមកដើរហាត់ប្រាណនៅក្រោមស្ពានអាកាស ដីហុយ បានសម្តែងការព្រួយបារម្ភចំពោះក្លិនស្អុយឆ្អេះឆ្អាប ដែលកើតឡើងពីសកម្មភាពបន្ទោរបង់នៅទីសាធារណៈ ដោយពួកគេចាត់ទុកថា បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែអាចជះឥទ្ធិពលដល់សុខភាពសាធារណៈផងដែរ ព្រោះថាពួកគាត់មកដើរហាត់ប្រាណដើម្បីសុខភាព មិនគួរណា បែរជាមកស្រូបក្លិនបែបនេះទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងនេះស្ថិតនៅក្រោមស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាកន្លែងមានប្រជាពលរដ្ឋជាច្រើនតែងតែមកដើរហាត់ប្រាណជាប្រចាំ។

ជាក់ស្តែងសង្កេតគេឃើញថា នៅតាមជ្រុងជើងសរសេរស្ពានមួយចំនួន មានការបន្ទោរបង់ជាច្រើន ធើ្វឲ្យមានក្លិនមិនល្អសាយភាយយ៉ាងខ្លាំង ស្ថានភាពនេះបានធ្វើឲ្យមានអារម្មណ៍មិនស្រួល និងប៉ះពាល់ដល់បរិយាកាសនៃការហាត់ប្រាណ។

ប្រជាពលរដ្ឋដែលមកដើរហាត់ប្រាណនៅទីនោះបានលើកឡើងថា ប្រសិនបើមានការបោសសម្អាត និងលាងសម្អាតជាប្រចាំ នោះអាចជួយកាត់បន្ថយក្លិនស្អុយ និងធ្វើឲ្យបរិស្ថាននៅតំបន់នេះមានភាពស្អាត និងមានអនាម័យប្រសើរឡើងវិញ។

ពួកគាត់បានបន្ថែមថា ទីតាំងក្រោមស្ពានអាកាស គួរតែជាកន្លែងសាធារណៈដែលមានបរិយាកាសល្អសម្រាប់ពលរដ្ឋគ្រប់រូប មិនគួរបណ្តោយឲ្យមានភាពកខ្វក់ដែលអាចបង្កការរំខាន និងហានិភ័យដល់សុខភាពនោះឡើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងស្ថាប័នជំនាញ មេត្តាពិនិត្យ និងចាត់វិធានការ ដោយធ្វើការសម្អាតទីតាំងឲ្យបានញឹកញាប់ ព្រមទាំងពង្រឹងការរៀបចំសណ្តាប់ធ្នាប់ និង ដើម្បីធានាបាននូវបរិស្ថានរស់នៅស្អាត និងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ ៖សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម