Connect with us

កីឡា

អ្នក​ប៉ះ​សេ​ ៥ នាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ពាន​តេជោលីគ លើក​ទី​៣

បានផុស

នៅ

ការ​ប្រកួត​តេជោលីគ រដូវ​កាល​ទី​៣ ដែល​មាន​ក្រុម​ចំនួន ៨ ចូល​រួម​ប្រកួត​ ដំណើរ​ការ​បាន ៤ ប្រកួត​ហើយ ក្នុង​នោះ ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ ធ្វើ​បាន​ល្អ​ជាង​គេ​ពោល​គឺ​ឈ្នះ​ទាំង ៤ ប្រកួត។ អ្នក​ប៉ះសេ​ដែល​ជា​អ្នក​លើក​បាល់​ជា​តួដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​កីឡាករ​ប្រយុទ្ធ​ផ្តាច់​យក​ពិន្ទុ។ ក្នុង​ចំណោម​ក្រុម​ទាំង ៨​ សូម​លើក​យក​អ្នក​ប៉ះ​សេ​ចំនួន ៥ នាក់​មក​ពី​ក្រុម​ ៥ ផ្សេង​គ្នា​ដែល​អាច​នឹង​​ជួយ​ក្រុម​របស់​ពួក​គេឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ឬ​វគ្គ​ផ្តាច់​ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ប៉ះ​សេ Fahril​ Setawan របស់ បញ្ជាការដ្ឋាន​អង្គរក្ស

អ្នក​ប៉ះ​សេ​​ឥណ្ឌូណេស៊ី កម្ពស់ ១.៨៤ ម៉ែត្រ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ឲ្យ​​ខ្សែ​ប្រយុទ្ធ​ស្លាប់ឆ្វេង និង​អ្នក​វាយកណ្តាល ៣ ម៉ែត្រ Luvi និងស្លាប់​ស្តាំ ស៊ុយ ខន ដែល​បាន​ជួយ​ឲ្យ​ បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ ៤ ប្រកួត​ជាប់​គ្នា​នៅ​ក្នុង​ពាន​រង្វាន់​តេជោលីគ។

កីឡាករ Fahril​ អាយុ​ទើប ១៩ ឆ្នាំ បាន​លេង​ឲ្យ​ក្រុម​ជា​ច្រើន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដូច​ជា​​​ក្រុមយុវជន​អាយុ​១៥ ឆ្នាំ PPLOP Voli Jaateng Academy ក្រុម DPPR Rafabinar ក្រុម Jakarta Garuda Jaya, ក្រុម Kalsel និង​ក្រុម Jakarta Bhayangkara មុន​ពេល​ចូល​រួម​ជា​មួយ បញ្ជាការដ្ឋាន​អង្គរក្ស។

អ្នក​ប៉ះសេ Retamar  របស់ វិសាខា

កីឡាករ Joshua Retamar បាន​ចូល​រួម​ជា​មួយ វិសាខា ជា​លើក​ទី​២ បន្ទាប់​ពី​បាន​ចូល​រួម​លើក​ទី១​ក្នុង​ពាន​រង្វាន់​សម្តេចក្រឡាហោម ស ខេង។ រូប​គេ​បំពេញ​​ការងារ​យ៉ាង​ល្អ​ក្នុង​ការ​​លើក​បាល់​ឲ្យ​​មិត្ត​រួម​ក្រុម​​ផ្តាច់​រក​ពិន្ទុ​គឺ ពិន សារ៉ុន, គួន ម៉ុម និង​កីឡាករអ៉ីរ៉ង់ Salamani Bohlouli សម្រាប់​​ជ័យជម្នះ ៣ លើក និង ចាញ់ ១ លើក​ក្នុង​តេជោលីគ។

អ្នកប៉ះ​សេសញ្ជាតិ​ហ្វីលីពីន អាយុ ២៦​ឆ្នាំ​ កម្ពស់ ១.៨២​ ម៉ែត្រ​ រូប​នេះមាន​បទ​ពិសោធ​ច្រើន​ទាំង​ជម្រើស​ជាតិ និង​ក្លិប។ រូប​គេធ្លាប់​លេង​ឲ្យ​ក្រុមមួយ​ចំនួន​នៅ​ប្រទេស​ហ្វីលីពីនដូចជា ក្រុម Cignal HD Spikers, NU Bulldogs, Sta Eleng Ball Hammers, និង Rebisco RP។  

អ្នក​ប៉ះ សួន ចាន់ណារ៉ូ របស់ ស្នងការ​ខេត្ត​ស្វាយរៀង

សួន ចាន់ណារ៉ូ ​នៅ​តែ​អាច​ចាត់​ទុក​ជា​អ្នក​ប៉ះ​សេ​ដ៏​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​រូប​គេ​មាន​វ័យ​កាន់​តែ​ច្រើន។ ឆ្លង​កាត់ ៤ ប្រកួត​កន្លង​ទៅ​នៅក្នុង​តេជោលីគ កីឡាករ​អាយុ​ជាង ៣០​ឆ្នាំ កម្ពស់ ១.៩០ ម៉ែត្រ នៅ​តែ​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ ដែល​បាន​ជួយ​ក្រុមស្នងការខេត្ត​​ស្វាយរៀង ​ទទួល​បាន​ជ័យជម្នះ ២ លើក និ​ង​ចាញ់ ២ លើក។

ទោះ​បី​ជាយ៉ាង​ណា រូប​គេ​មិន​សូវ​បាន​លេច​ពេញ​ម៉ោង​ទេ ដោយ​ត្រូវ​ផ្លាស់​ប្តូរ​គ្នា​លេង​ជា​មួយ​​អ្នក​ប៉ះ​សេ​ ប៊ន ណារិទ្ធ។ ការ​ប្រកួត​សប្តាហ៍​បន្ទាប់​ ក្រុម​ស្នង​ការ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​គេ​រំពឹង​គិត​ថា នឹង​ធ្វើ​​បាន​កាន់​តែ​ល្អ បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​​ច្រើន​ថ្ងៃ​ជា​មួយ​ស្មាត់​អាមេរិក Jalen Penrose និង​កីឡាករ​ឥណ្ឌា Praful។

អ្នក​ប៉ះ យ៉ុន ខេមរៈ របស់ ស្នងការរាជ​ធានី​ភ្នំពេញ

កីឡាករ យ៉ុន ខេមរៈ ជាអ្នក​ប៉ះសេ​ម្នាក់​ដែល​មិន​សូវ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ទេ ប៉ុន្តែ​ត្រូវ​បាន​កីឡាករ​រួម​អាជីព​ចាត់​ទុក​ជា​តួ​សំខាន់​ដែល​អាច​បន្ត​វេន​ពី សួន ចាន់ណារ៉ូ។ រូប​គេ​បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ជួយ​ឲ្យ ក្រុម​ស្នងការរាជ​ធានី​ភ្នំពេញ​ ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ ២០២៦។

ចូល​ដល់​តេជោលីគ​ ក៏ យ៉ុន ខេមរៈ នៅ​តែ​រួម​ចំណែក​ដ៏​សំខាន់​ជួយ​ដល់​ស្មាត់ ចាន់ វាសនា និង វ៉ន ម៉នណូ ដែល​​ជា​អ្នក​ផ្តាច់​រក​ពិន្ទុនៅ​ស្លាប​ឆ្វេង​ស្តាំ។ នៅ​រដូវ​កាល​នេះ ក្រុមស្នងការរាជ​ធានី​ភ្នំពេញ អាច​នឹង​ពិបាក​​ក្នុង​ការ​ប្រជែង​ជើង​ឯក​តេជោលីគ បន្ទាប់​ពី​ស្មាត់​គុយបា Herrera បាន​ចាក​ចេញទៅ​ប្រទេស​រុស្ស៊ី។ ​

អ្នក​ប៉ះ កែវ ស្រេងលីហ៊ួរ របស់ ក្រសួង​មហា​ផ្ទៃ

អ្នក​ប៉ះ​សេ​កម្ពុជា​​ក្រៅ​ពី យ៉ុន ខេមរៈ គឺ​មាន​ កែវ ស្រេងលីហ៊ួរ ដែល​ត្រូវ​បាន​មិត្តរួម​អាជីព​មើល​ឃើញ​ពីសមត្ថភាព​អាច​ជំនួស សួន ចាន់ណារ៉ូ ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ កែវ ស្រេងលីហ៊ួរ អាយុ ២១ ឆ្នាំ កម្ពស់ ១.៩២ ម៉ែត្រ ពេញ​កំពុង​មាន​សមត្ថភាព​ល្អ និង​ជា​ចំណែក​ដ៏​សំខាន់ជួយ​ដល់​ស្មាត់ ធី ម៉េងហួង និង មឿន ម៉េងឡាយ សម្រាប់​ក្រុម​បាល់ទះ​ក្រសួង​មហា​ផ្ទៃ។ រូប​គេ​នឹង​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ប្រសិន​បើ​មាន​ស្មាត់​ឆ្នើម​ៗ​បន្ថែម​ទៀត​ ជា​ពិសេស​កីឡាករ​បរទេស​ដើម្បី​ជួយ​ដល់​ ម៉េងហួង និង ម៉េងឡាយ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម