កីឡា
គ្រូ ព័រទុយហ្គាល់ ថា Ronaldo មានចំណុចពិសេស ២ យ៉ាង អាចលេងដល់ World Cup 2030
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ លោក Roberto Martinez បានលើកឡើងគួរឱ្យចាប់អារម្មណ៍អំពីប្រធានក្រុម Cristiano Ronaldo នឹងអាចមានសមត្ថភាពលេងដល់ព្រឹត្តិការណ៍ World Cup 2030 ដោយសារតែគាត់ជាកីឡាករមាន «កម្លាំងចិត្តដ៏ពិសេស» និង «ការប្តេជ្ញាចិត្តខ្ពស់»។

បច្ចុប្បន្ន Ronaldo មានវ័យ ៤១ ឆ្នាំហើយ ប៉ុន្តែនៅតែជាកីឡាករដ៏សំខាន់របស់ក្រុមបញ្ចខែល ព័រទុយហ្គាល់។ ខ្សែប្រយុទ្ធរបស់ក្រុម Al-Nassr ត្រូវបានលោក Martinez បញ្ចូលឈ្មោះទៅក្នុងបញ្ជីកីឡាករទាំង ២៦ នាក់ ទៅលេងនៅ World Cup 2026 ជាផ្លូវការ ដែលនេះនឹងក្លាយជាការបង្ហាញខ្លួនលើកទី ៦ នៅក្នុងអាជីពរបស់គាត់។
ទោះបីជា Ronaldo មានវ័យរៀងជ្រែហើយក៏ពិតមែន ក៏លោក Martinez នៅតែជឿជាក់លើសមត្ថភាពរបស់ប្រធានក្រុមរូបនេះ នឹងមិនទាន់បញ្ចប់ត្រឹម World Cup 2026 នោះទេ។ អតីតខ្សែប្រយុទ្ធក្រុម Real Madrid អាចនឹងលេងដល់ World Cup 2030 ដែល ព័រទុយហ្គាល់ ធ្វើជាសហម្ចាស់ផ្ទះថែមទៀត ប្រសិនបើកីឡាករនៅបន្តលេងបាល់ទាត់។

ជុំវិញរឿងរ៉ាវខាងលើ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក ត្រូវបានអ្នកសារព័ត៌មានសួរ ថា តើ Ronaldo អាចជាប់ឈ្មោះទៅលេង World Cup 2030 ទេ? ភ្លាមនោះគ្រូបង្វឹកវ័យ ៥២ ឆ្នាំបានមានប្រសាសន៍ ថា៖ «គាត់នឹងប្រយុទ្ធដើម្បីវា។ ខ្ញុំគិតថា គ្មាននរណាម្នាក់គួរសង្ស័យអំពីរឿងនោះទេ ព្រោះយ៉ាងហោចណាស់ គាត់ទទួលបានសិទ្ធិនៅទីនោះរួចហើយ។ សូមកុំគិត ថា នេះមិនមែនជាប្រធានបទ ដែលត្រូវពិភាក្សាគ្នាជាមួយក្រុមការងារគ្រូបង្វឹក ព្រោះពួកយើងពេញចិត្ត ដើម្បីបញ្ជូន Ronaldo ធ្វើជាគម្រូដល់កីឡាករវ័យក្មេង»។
លោក Martinez បានលើកឡើងពីសមត្ថភាពរបស់ Ronaldo ថា៖ «ខ្ញុំជឿថា Cristiano Ronaldo មិនលេងបាល់ទាត់ដើម្បីឈ្នះពានរង្វាន់ជាក់លាក់ណាមួយទេ មិនថាជាពានរួមក្រុម ឬពានផ្ទាល់ខ្លួនឡើយ។ អាថ៌កំបាំងរបស់គាត់មិនមែនស្ថិតនៅលើអ្វីដែលគាត់ញ៉ាំនោះទេ ប៉ុន្តែស្ថិតនៅលើភាពស្រេកឃ្លានក្នុងការសម្រេចជោគជ័យ»។
គ្រូ ព័រទុយហ្គាល់ បានបន្ថែមទៀត ថា៖ «មិនថាគាត់ឈ្នះអ្វីក៏ដោយ នៅថ្ងៃបន្ទាប់គាត់នៅតែមានការប្តេជ្ញាចិត្ត និងភាពស្រេកឃ្លានដូចគ្នាក្នុងការកែលម្អខ្លួនឯង។ ខ្ញុំគិតថា ការមានគោលដៅបែបនេះហើយ ដែលអាចធ្វើឱ្យអាជីពរបស់គាត់មានភាពយូរអង្វែង។ ខ្ញុំបានធ្វើការជាមួយកីឡាករជាច្រើន។ បន្ទាប់ពីពួកគេបានឈ្នះ Champions League ឬ Ballon d’Or រួចហើយ ពួកគេមិនមានភាពស្រេកឃ្លាន និងការប្តេជ្ញាចិត្តចង់ប្រកួតប្រជែងទៀតទេ»។

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


