Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកស្នើដាក់ពន្ធថ្មី​ ១០-១២,៥% ​លើប្រទេស​៦០ រួមទាំងកម្ពុជា ជុំវិញពលកម្មដោយបង្ខំ​

បានផុស

នៅ

រដ្ឋបាលអាមេរិក​របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាន​ស្នើ​ដាក់ពន្ធបន្ថែមថ្មីក្នុងអត្រា ១០% ឬ ១២,៥% លើប្រទេសចំនួន ៦០ ជុំវិញពិភពលោក រួមទាំងកម្ពុជា និងបណ្ដាសមាជិកអាស៊ានផ្សេងទៀត ក្រោយពីកំណត់ថា ប្រទេសទាំងនោះបរាជ័យក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញ​​ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ ដែល​បង្ខូចពាណិជ្ជកម្មអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) ​បានដាក់សំណើនេះឡើង ​បន្ទាប់​ពី​បើការ​ស៊ើបអង្កេត​​តាមមាត្រា ៣០១ ​លើ​ការ​អនុវត្ត​ពាណិជ្ជកម្ម​មិន​​ស្មើភាព​។ សំណើ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ ត្រាំ ដើម្បីអនុវត្តគោលនយោបាយពន្ធ ដែលតុលាការកំពូល​អាមេរិក​បាន​ចាត់ទុកថាខុសច្បាប់កាលពីខែកុម្ភៈ ឆ្នាំនេះ។

USTR បាន​និយាយ​ថា ​ការិយាល័យបាន​កំណត់​ថា ខ្លួន​នឹង​ដាក់​ពន្ធ ១០% ទាក់ទង​នឹង​ការ​ស៊ើបអង្កេត​ពលកម្ម​ដោយ​បង្ខំ​លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កាណាដា អេក្វាឌ័រ សហភាព​អឺរ៉ុប ឥណ្ឌូណេស៊ី ម៉ិកស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និង​ចក្រភព​អង់គ្លេស។​

ទីភ្នាក់ងារពាណិជ្ជកម្មដដែលបាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែម ១២,៥% ​លើប្រទេសចំនួន ៤៥ ផ្សេងទៀត ដែលខ្លួនបាន​ស៊ើបអង្កេតលើបញ្ហាដូចគ្នា។ ​

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បាន​ថ្លែង​ក្នុងសេចក្តីថ្លែងការណ៍​ថា៖ «ការបរាជ័យរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗបំផុតរបស់យើង ​ដើម្បី​ដោះស្រាយការនាំចូលទំនិញដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ គឺមិនអាចទទួលយកបានទេ»។ លោកបន្តថា៖ «ការណ៍នេះ បង្កើតជា​បញ្ហា​មួយ ដែលកម្មករអាមេរិកត្រូវ​បង្ខំឱ្យប្រកួតប្រជែងទូទាំងពិភពលោកលើទីលាន​ដែល​មិនស្មើភាព​គ្នា»។

USTR ​បាននិយាយថា ​ទីភ្នាក់ងារក៏កំពុងស្នើយន្តការក្នុងវិស័យ​វាយនភណ្ឌមួយ ដែលនឹងអនុញ្ញាតឱ្យមានការនាំចូលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួនចូលទៅ​សហរដ្ឋអាមេរិក ក្នុងអត្រាពន្ធគយទាប។ យ៉ាងណាមិញ អត្រាពន្ធ និងបរិមាណទំនិញ មិនត្រូវបានដាក់បង្ហាញនៅឡើយ។ ​

គួរគូសបញ្ជាក់ថា ការប្រកាសចុងក្រោយរបស់ USTR ធ្វើឡើង ​មុនពេលពន្ធបណ្តោះអាសន្ន ១០% របស់រដ្ឋបាល ត្រាំ ផុតកំណត់នៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខ​។ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធនោះនៅថ្ងៃទី ២០ ខែកុម្ភៈ ក្រោយ​តុលាការកំពូលសហរដ្ឋអាមេរិក បានលុបចោលពន្ធ​ដែលលោក ត្រាំ បាន​ដាក់កាលពីឆ្នាំមុន ក្រោម​ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧ ដែលរួមបញ្ចូលទាំងពន្ធបដិការ។ ​

​ជុំវិញការស៊ើបអង្កេតកម្លាំងពលកម្មដោយបង្ខំ USTR បាននិយាយថា ផលិតផលជាច្រើននឹងត្រូវបានលើកលែងពីពន្ធបន្ថែមថ្មី​ ដោយ​រួមមានផលិតផលថាមពល រ៉ែ​កម្រ លោហធាតុមួយចំនួនទៀត សាច់គោ កាហ្វេ ផ្លែឈើ និងបន្លែមួយចំនួន ថ្នាំពេទ្យ សារធាតុគីមីសរីរាង្គ និងគ្រឿងបន្លាស់យន្តហោះ។USTR បាននិយាយថា ខ្លួននឹងទទួលយកមតិយោបល់សាធារណៈលើពន្ធដែលបានស្នើឡើង និងវិធានការផ្សេងទៀតរហូតដល់ថ្ងៃទី ៦ ខែកក្កដា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម