Connect with us

ព័ត៌មានជាតិ

អាល្លឺម៉ង់បញ្ជាក់ពីការបន្តគាំទ្រកម្ពុជាសម្រាប់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

បានផុស

នៅ

រដ្ឋាភិបាលអាល្លឺម៉ង់បញ្ជាក់ឡើងវិញពីការបន្តគាំទ្រដល់កម្ពុជាចំពោះកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ដូចជាកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ ការបញ្ជាក់បែបនេះ បានធ្វើឡើងដោយលោក Christof Weigelmeier ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Christof Weigelmeier បានលើកឡើងក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធស្តីពីការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុសាធារណៈ ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់អភិបាលកិច្ច និងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាពនៅកម្ពុជា។

ជាមួយនឹងការបញ្ជាក់នេះ លោក ក៏បានថ្លែងអំណរគុណដល់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនៃសហព័ន្ធអាល្លឺម៉ង់ (GIZ) សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធិកន្លងមក ហើយជាក់ស្ដែងសម្រាប់ការរៀបចំសិក្ខាសាលាដ៏មានសារសំខាននាពេលនេះឡើង។

ក្នុងសិក្ខាសាលានេះ មានបទបង្ហាញសំខាន់ៗដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធ Microsoft Team ដោយក្នុងនោះរួមមានបទបង្ហាញបទពិសោធពីបរទេសនិងប្រទេសអាល្លឺម៉ង់ស្ដីពីវិមជ្ឈការហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ និងគណនេយ្យភាព បទបង្ហាញស្តីពីការអនុវត្តនានានៅប្រទេសមួយចំនួនក្នុងតំបន់អំពីការធ្វើវិមជ្ឈការហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបទបង្ហាញលើរបកគំហើញបឋមរបស់ក្រុមបេសកកម្មអាល្លឺម៉ង់។

មានវត្តមានបើកសិក្ខាសាលាខាងលើ លោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លើកឡើងថា សិក្ខាសាលានេះមានសារៈសំខាន់ក្នុងគោលបំណងចែករំលែកបទពិសោធ និងការផ្តល់ធាតុចូលល្អៗពាក់ព័ន្ធនឹងការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិដល់តួអង្គនៅរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ។

តាមការគូសបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី រយៈពេលជាង២ទសវត្សមកនេះ កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈបានជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសិទ្ធិអំណាច ធនធាន និងលទ្ធភាពគ្រប់គ្រាន់ក្នុងបម្រើតម្រូវការសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរ ជាពិសេសគឺការឆ្លើយតបបញ្ហាកើតឡើងបន្ទាន់ៗដូចជា ជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានាតាមមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម